Home ព័ត៌មានជាតិ សង្គម សត្វ​ទោច​មកុដ...

សត្វ​ទោច​មកុដ​មួយគូ​ចុងក្រោយ គ្រោង​ដោះលែង​ក្នុងព្រៃ​ធម្មជាតិ​នៃ​ក្រុង​អង្គរធំ​

​ដោយ​: អង្គរតូច / សៀមរាប​: រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​អង្គការ Wildlife Alliance កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ បាន​សហការ​ជាមួយ​អាជ្ញាធរ​អប្សរា ដោយបាន​ដឹកជញ្ជូន​សត្វ​ទោច​មកុដ​១​គូ​ទៀត ដែលជា​គូ​ចុងក្រោយ ពី​មជ្ឈមណ្ឌល​ថែទាំ និង​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ មក​ផ្សាំ​ក្នុង​ទ្រុង​នៅ​ជិត​បឹង​ដូន​មា ក្បែរ​ខ្លោងទ្វារ​ដី​ឆ្នាំង​ខាងជើង​ក្រុង​អង្គរធំ ដើម្បី​ត្រៀម​ដោះលែង​ទីនោះ នៅពេល​ឆាប់ៗ​ខាងមុខ​។​

​មន្ត្រី​នាយកដ្ឋាន​ព្រៃឈើ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានអោយដឹងថា សត្វ​ទោច​មកុដ ជា​សត្វ​រស់នៅ​ជា​គ្រួសារ មិន​ចូល​ជាមួយ​គ្រួសារ​ផ្សេង ឬ​ជាមួយ​ហ្វូង​ដទៃ​ទេ ហើយ​គ្រួសារ​នីមួយៗ​មាន​ដែន​ត្រាច់ចរ​រៀងៗ​ខ្លួន​ពី​៥​ទៅ ១០​ហិកតា និង​មិន​ត្រួត​ដែន​ព្រៃ​គ្នា​ទេ​។ ការកំណត់​ទីតាំង​ក្រុម​សត្វ​ទោច​មកុដ​ទាំង​៣​គូ​កន្លងមក គឺមាន​គម្លាត​ពីគ្នា​២០០០​ម៉ែត្រ​។ ឯ​ចំណុះ​ព្រៃ​នៅក្នុង​ឧទ្យាន​អង្គរ អាច​សម្រាប់តែ​៤​គ្រួសារ​ប៉ុណ្ណោះ ចំពោះ​លំហរ​ព្រៃ​នៅ​សេសសល់ គឺ​បំរុង​សម្រាប់​កូនៗ​បែក​ពី​មេ​-​បា​។

​កន្លងមក គម្រោង​នេះ បាន​ដោះលែង​រួចមកហើយ​នូវ​សត្វ​ទោច​មកុដ​ចំនួន​៣​គូ មាន​ចំនួន​៦​ក្បាល កើតកូន​បាន​ចំនួន​៦​ក្បាល​ស្មើ​១២​ក្បាល​។ ដែលមាន​ទីតាំង​ស្ថិត​នៅក្បែរ​ខ្លោងទ្វារ​តា​កាវ ខ្លោងទ្វារ​ខ្មោច ក្បែរ​ប្រាសាទ​តា​នៃ និង​មួយគូ​ចុងក្រោយ​នេះ​ក្បែរ​ខ្លោងទ្វារ​ដី​ឆ្នាំង​។ នៅពេល​ជាមួយគ្នា​នោះ គម្រោង​ក៏បាន​ដោះលែង​សត្វ​ឆ្មារ​ដាវ​(Leopard Cat)​ចំនួន​១​គូ និង​សត្វ​កេងកង​តូច (Oriental Pied Hornbill) ចំនួន​១​គូ​ដែរ ចូល​ក្នុងព្រៃ​ធម្មជាតិ ក្រោយពី​គម្រោង​បាន​ផ្សាំ​ក្នុង​ទ្រុង​អស់​រយៈពេល​ជិត​៣​ខែ​មក​។ ក្រៅពី នោះ កន្លងមក​ក៏មាន​ការដោះលែង​សត្វ​ឈ្លូស​៤​ក្បាល សត្វ​ស្វា​ព្រាម​១២​ក្បាល សត្វ​សំពោចក្រអូប​៥​ក្បាល និង​សត្វ​ភេ​ខ្លួន​រលោង​៥​ក្បាល ចូលក្នុង​ព្រៃ​អភិរក្ស​ក្នុង​រមណីយដ្ឋាន​អង្គរ​។​

​មន្ត្រី​បន្ថែមថា ដើម្បី​ឲ្យ​សត្វព្រៃ​ទាំងអស់នោះ​បន្ត​វត្ត​មាននៅ​ក្នុងព្រៃ​ធម្មជាតិ​នៃ​រមណីយដ្ឋាន​អង្គរ យើង​និង​បង្កើន​ការត្រួតពិនិត្យ និង​បន្ថែម​កាមេរ៉ា​មួយចំនួនទៀត​។ អាជ្ញាធរ​ជាតិ​អប្សរា និង​គម្រោង​ដោះលែង​សត្វព្រៃ ក្នុង​ឧទ្យាន​អង្គរ សូម​អំពាវ នាវ ហើយ​អំពាវនាវ​ទៀត ជូន​សាធារណជន ភ្ញៀវ​ជាតិ អន្តរជាតិ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ ចូលរួម​ថែរក្សា​សត្វព្រៃ​ទាំងនោះ​ទាំងអស់គ្នា ជៀសវាង​ពេល​ប្រទះឃើញ​មានបំណង​មិនល្អ និង​សូមកុំ​ផ្តល់​ចំណី​ឲ្យ​សត្វ​ទាំងនោះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular