Home ព័ត៌មានជាតិ សេដ្ឋកិច្ច ពលរដ្ឋ​នៅ​អម​...

ពលរដ្ឋ​នៅ​អម​លាំង​ចាប់​ចង្រិត​ទុក​បរិភោគ​និង​លក់​កាន់តែច្រើន​

​ដោយៈ​ដេប៉ូ​/​កំពង់ស្ពឺៈ​ការចាប់​សត្វ​ចង្រិត ដើម្បី​ទុក​គ្រាន់​បរិភោគ និង​ខ្លះ​ទុកជា​របរ​បន្ទាប់បន្សំ​កំពុង​ពេញនិយម ក្នុង​ស្រទាប់​ពលរដ្ឋ រស់នៅ​ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។

ការចាប់ផ្តើម​ដាក់​ចាប់​ចង្រិត​រៀងរាល់​យប់​នេះ​បន្ទាប់ពី​ពួកគាត់​ឃើញ​អ្នកភូមិ​គ្នាឯង​ចាប់បាន​ផល​ក៏​ធ្វើតាម​គ្នា ហើយ​ម្យ៉ាង​វា​ចំណាយ​ដើម​តិច ថែមទាំង​បានទទួល​ផល​ច្រើន និង​មាន​រយៈពេល​វែង​ក្នុងការ​ប្រមូល​ផល​ថែមទៀត​។​ រៀងរាល់​យប់​គេ​ឃើញ​មាន​ការដាក់​ឧបករណ៍ និង​បើក​អំពូល​ភ្លើង​ព្រោងព្រាត ដើម្បី​ចាប់​ចង្រិត​ស្ទើរ​គ្រប់​ផ្ទះ នៅ​ឃុំ​អម​លាំង​នេះ ពិសេស​តាមផ្លូវ​ជាតិ​។


​ ​
​លោក ម៉ម ឡៃ​អ៊ី​ន រស់នៅ​តំបន់​ខាងលើនេះ បានឱ្យដឹងថា បន្ទាប់ពី​ឃើញ​អ្នកភូមិ​នាំគ្នា​ចាប់​ចង្រិត​ដោយ​ប្រើ​អំពូល​ភ្លើង​ចាប់​សត្វ​ចង្រិត​នេះ លោក​ក៏បាន​សាកល្បង​ជិត​មួយខែ​មកនេះ​ឃើញថា​បាន​ផល​ច្រើន​ដូច​បំណង​ពិតមែន​។ គាត់​បាន​ប្រាប់ទៀតថា ក្នុង​មួយ​យប់​គាត់​ចាប់បាន​ចង្រិត និង​កណ្តូប ប្រមាណ​១​ទៅ​២​គីឡូក្រាម​គ្រាន់​លីង​ទុកឱ្យ​កូនៗ​បរិភោគ​។​
​ ​
​លោក​បាន​ចែករំលែក​នូវ របៀប​ធ្វើ​តាប​ចាប់​សត្វ​ចង្រិត​នេះ​ថា​៖ ដំបូង​គេ​យក​កៅស៊ូ​ដែលមាន​ទទឹង​ជិត​១​ម៉ែត្រ និង​បណ្ដោយ​ជាង​១​ម៉ែត្រ ទៅ​ចងភ្ជាប់​នឹង​បង្គោល​ឈើ​ពីរ​ដើម ដែល​គេ​ធ្វើជា​ចង្អូរ​សម្រាប់​ផ្ទុក​ទឹក​ស្រាប់ ដោយ​ឃ្លាត​ពីគ្នា​ប្រហែល​មួយ​ម៉ែត្រ​កន្លះ ។ បន្ទាប់មក​យក​កៅស៊ូ​ក្រាល​ឱ្យ​ខ្ពស់​ពី​ដី កម្ពស់​ប្រហែល​ជិត​៣០​សង់ទីម៉ែត្រ​រួច​ដាក់​ទឹក​ចូលទៅក្នុង​កៅស៊ូ​នោះ​។ ក្រោយពី​នោះគេ​រក​ទិញ​អំពូល​ចាប់​សត្វល្អិត​ដែលមាន​តម្លៃ​២៥០០០​រៀល ប្រវែង​ប្រហែល​មួយ​ម៉ែត្រ​កន្លះ ដាក់​ភ្ជាប់​ទៅ​នៅ​នឹង​បង្គោល​តាប​ផ្នែក​ខាងលើ​។ នៅពេល​ព្រលប់ៗ​គេ​បើក​អំពូល​ភ្លើង​ចោល​មួយ​យប់ ហើយ​ព្រឹក​ឡើង​ប្រមូល​ចង្រិត កណ្តូប​នៅក្នុង​តាប​គ្រាន់​បរិភោគ​តែម្តង​។​
​ ​
​គួរ​បញ្ជាក់ថា នៅ​តំបន់​ផ្សារ​ឃុំ​អម​លាំង គេ​ឃើញ​មាន​ដាក់​ចង្រិត​ដែល​ឈ្នួ​ញ​កណ្តាល​ប្រមូល​ទិញ​បាន​នោះ ទៅ​លក់​ឱ្យ​អាជីវករ​ដែល​បំពង​លក់​តាម​រោងចក្រ និង​នៅតាម​ផ្សារ ។ ក្រៅពី​ចង្រិត នៅ​តំបន់​នេះ​ក៏មាន​លក់​សត្វ​កណ្តូប​លីង ដែល​ល្បី​ថា​មាន​រស់ជាតិ​ឈ្ងុយឆ្ងាញ់​ទៀតផង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular