ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ តំណាងភាគីកម្ពុជា ថៃ គឺមកពីថ្នាក់ភូមិភាគ ចំនួន២ និងថ្នាក់ខេត្ត ចំនួន៣ ចាប់ពីថ្ងៃត្រង់ ដល់រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានជួបប្រជុំពិភាក្សា ពិគ្រោះយោបល់ លើការបន្ធូរ បន្ថយ ច្បាប់ស្តីពីការគ្រប់គ្រងស្ថានការណ៍ ក្នុងគ្រាអាសន្ន ដើម្បីជួយដោះស្រាយ ដំណើរការសេដ្ឋកិច្ច ក្នុងតំបន់ ព្រំដែនរបស់ផងខ្លួន ក្នុងដំណាក់កាល នៃវិបត្តិសាកល បង្កពីការរីករាលដាល នៃជំងឺកូវីដ-១៩។
កិច្ចប្រជុំ ធ្វើនៅក្នុងរោងតង់មួយ លើស្ពានមិត្តភាព នៃច្រកទ្វារព្រំដែនអន្តរជាតិខៅឌិន ស្រុកខ្លងហាត ខេត្តស្រះកែវ -ច្រកព្រំដែនអន្តរជាតិភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយមានការចូលរួម ពីលោកមេបញ្ជាការរង កងទ័ពភូមិភាគទី១ ថៃ លោក កៀត ពិស័ក្តច័ន្ទត្រា អភិបាលខេត្តស្រះកែវ លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ កម្ពុជា លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងមន្ត្រីកងកម្លាំង មន្ត្រីរាជការស៊ីវិល អ្នកពាក់ព័ន្ធចំណុះថ្នាក់យោធា និងថ្នាក់ខេត្តទាំង ៣ ។
យោងស្មារតីខ្លឹមសារ នៃប្រជុំពិភាក្សាការងាពិគ្រោះ យោបល់ ការបន្ធូរបន្ថយច្បាប់ ស្តីពីការគ្រប់គ្រងស្ថានការណ៍ ក្នុងគ្រាអាសន្ន ដើម្បីជួយដោះស្រាយ ដំណើរការសេដ្ឋកិច្ច ក្នុងតំបន់នោះ គឺភាគីថៃ គណៈកម្មការទទួលបន្ទុកជំងឺកូវីដ ១៩ ខេត្តស្រះកែវ បាពិនិត្យពិចារណាហើយ គឺអនុញ្ញាតអោយពិគ្រោះ យោបល់ ការបន្ថួរបន្ថយ មាត្រា ៩ នៃព្រះរាជក្រឹត្យ ស្តីពីការគ្រប់គ្រងគ្រាអាសន្ន ឆ្នាំ២០១៩ និងសេចក្តីប្រកាសរបស់ មណ្ឌលចត្តាឡីស័កជំងឺកូវីដ ១៩ ។
ដោយផ្តោតលើការជួយដោះស្រាយ ជូននិយោជក និងជំរុញដំណើរការសេដ្ឋកិច្ច ក្នុងតំបន់ គឺភាគីថៃពិនិត្យពិចារណា ដូចខាងក្រោមៈ ទី១ .អោយពលករកម្ពុជា ចូលទៅធ្វើការប្រមូលកសិកម្ម។ ទី២ អោយអាជីវករខ្មែរ ចូលមកក្នងព្រះរាជាណាចក្រថៃ ដើម្បីប្រកបរបរអាជីវកម្ម នៅក្នុងតំបន់ផ្សាររោងក្លឿ និងទី៣ បើកប្រើប្រាស់ស្ពានមិត្តភាព ស្ទឹងបត់-ណងអៀន ជាច្រកដឹកទំនិញ ដើម្បីកាត់បន្ថយការកកស្ទះ នៅច្រកទ្វារព្រំដែន អន្តរជាតិខ្លងលឹក ស្រុកអារញ្ញ- ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ពោលគឺដើម្បីអោយដំណើរការនេះ មានភាពរលូន ហើយអនុលោម ឬគោរពតាមវិធាន ក្រសួងសុខាភិបាល លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ទើបរដ្ឋបាល និងផ្នែកពាក់ព័ន្ធ នៃភូមិភាគទាំង២ និងខេត្តទាំង៣ ត្រូវអញ្ជើញថ្នាក់ដឹកនាំរបស់ខ្លួន មកប្រជុំពិភាក្សា ពិគ្រោះយោបល់បន្ទាន់ នាពេលនេះ។
បើយោងលិខិតលេខ សក ០០១៧.៣/៨៨៨២ បន្ទាន់បំផុត ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នេះ ការិយាល័យទំនាក់ទំនាក់ ព្រំដែនថៃ កម្ពុជា បានផ្ញើជូនការិយាល័យ ទំនាក់ទំនងព្រំដែន កម្ពុជា ថៃ ក្នុងកម្មវត្ថុ សំណើសុំបើកកិច្ចប្រជុំពិភាក្សា ជាមួយប្រទេសកម្ពុជា លើការជួយដោះស្រាយ ជូននិយោជក និងជំរុញដំណើរការ សេដ្ឋកិច្ច ក្នុងតំបន់ ដូចវេលានិងទីតាំងខាងលើ ៕/V