Home ព័ត៌មានជាតិ សន្តិសុខ ប្រកាស​សាលក្រ...

ប្រកាស​សាលក្រម​សំណុំរឿង​ប្លន់​ប្រា​ក់ជាង​២​លាន​ដុល្លារ​

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​សំណុំរឿង​ប្លន់​ប្រាក់​២​លាន​៤​សែន​ដុល្លារ​ក្នុងចំណោម​ប្រាក់​ចំនួន​៥​លាន​ដុល្លារ ដែល​បើក​ចេញពី​ធនាគារ​CIMB កាលពី​ឆ្នាំ​២០១៩ ត្រូវបាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​លើក​យកមក​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​នេះ បន្ទាប់ពី​បាន​បើកសវនាការ​ជំនុំជម្រះ​រួចហើយ កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លងទៅ​។​

​ក្នុង​សាលក្រម​បានសម្រេច​ផ្តន្ទាទោស ឈ្មោះ វ៉ា សុខ អាយុ​៣៧​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ដឹក​ប្រាក់​ចេញពី​ធនាគារ និង​ជា​អតីត​ចោរប្លន់​ដែល​ទើប​ចេញពី​ពន្ធនាគារ ឈ្មោះ មាស សំណាង អាយុ​៣៨​ឆ្នាំ ជា​អតីត​ចោរប្លន់​ដែល​ជាប់ពន្ធនាគារ​៨​ឆ្នាំ ទើប​ចេញពី​គុក និង​ឈ្មោះ អៀម សំអន អាយុ​៣៧​ឆ្នាំ ជា​អតីត​ចោរប្លន់​ទើប​ចេញពី​ពន្ធនាគារ និង​ជា​អង្គរក្ស​ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​រយៈពេល​៧​ឆ្នាំ ។​

​សាលក្រម​នេះ​ក៍​បានសម្រេច​ផ្តន្ទាទោស​ឈ្មោះ វ៉ា ស្រ៊ី​ម ភេទ​ស្រី អាយុ​៣១​ឆ្នាំ ឈ្មោះ លី អ៊ិន ជា​អតីតមន្ត្រី​នគរ​បាលច​រាច​រណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ឈ្មោះ លឹម រតនៈ ភេទ​ប្រុស ឈ្មោះ លឹម រតនា ភេទ​ប្រុស ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​រយៈពេល​២​ឆ្នាំ​ផងដែរ ។​

​តុលាការ​បាន​ចោទប្រកាន់​លើ​ក្រុម​ជនជាប់ចោទ​ទាំង​៧​នាក់​នេះ​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស បទ​សមគំនិត​លួច និង​បទ​ទទួលផល​ចោរកម្ម ប្រព្រឹត្ត​កាលពី​ថ្ងៃទី ១៦​ខែកក្កដា ឆ្នាំ​២០១៩ នៅក្នុង​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ ។​

​ក្នុង​សវនាការ​នាពេល​កន្លងមក​លោក​លី អ៊ិន អតីតមន្ត្រី​នគរបាល​ចរាចរណ៍​ឈរជើង​នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​បាយ័ន ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់ បាន​សារភាពថា នៅ​ព្រលប់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ប្អូនធម៌​ស្រី​ឈ្មោះ វ៉ា ស្រ៊ី​ម បាន​ជិះ​រថយន្ត​យកប្រាក់​ចំនួន​៩០​ម៉ឺន​ដុល្លារ​មក​ផ្ញើ​។ បន្ទាប់មក​ខ្លួន​បាន​យកប្រាក់​ទៅ​ទុក​នៅក្នុង​បន្ទប់ដេក ហើយក៏​បានធ្វើ​ដំណើរ​ទៅ ប្រទេស​ថៃ​ដើម្បី​ព្យាបាល​ជំងឺ​។ លុះដល់​ថ្ងៃទី​២២ ខែកក្កដា ទើប​ប្រធាន​អង្គភាព​ទូរស័ព្ទ​អោយ​ត្រឡប់មកវិញ ដើម្បី​ដោះស្រាយ​បញ្ហា​លុយ​បញ្ញើ​នោះ​។ នៅ​ថ្ងៃទី ២៣ ខែកក្កដា ទើប​ខ្លួន​ត្រឡប់មកវិញ ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​បាន​ដកហូត​លុយ​ទៅវិញ​ចំនួន​៨២​ម៉ឺន​៩០០០​ដុល្លារ​អាមេរិក ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular