សុខ វណ្ណ៖ បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា/ភ្នំពេញៈសៃ បត មានអាយុ៦៤ឆ្នាំ សព្វថ្ងៃរស់នៅភូមិចង្គុំ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ បត មានប្រពន្ធឈ្មោះ សន ខ្ញិល អាយុ៥០ឆ្នាំ និងមានកូនចំនួនបីនាក់ ប្រុសពីរស្រីមួយ។ សព្វថ្ងៃ សន បានប្រកបមុខរបរធ្វើស្រែចម្ការ។ សៃ បត បានរៀបរាប់រឿងរ៉ាវជីវិតដែលបានឆ្លងកាត់ដូចខាងក្រោម៖
សៃ បត មានអាយុ៦៤ឆ្នាំ សព្វថ្ងៃរស់នៅភូមិចង្គុំ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ(រូបថតៈបណ្ណាសារមជ្ឈណ្ឌលឯកសារកម្ពុជា)
ឪពុករបស់ខ្ញុំ មានឈ្មោះ ស្រឹក សៃ មានអាយុ៨៤ឆ្នាំ មានស្រុកកំណើតនៅភូមិតាតេ ប្រទេសវៀតណាម។ ឪពុកខ្ញុំគឺជាកូនកាត់ស្ទៀង និងវៀតណាម។ រីឯម្តាយឈ្មោះ យ៉េត សៅ ជាកូនកាត់ខ្មែរស្ទៀងមានស្រុកកំណើតនៅភូមិចង្គុំ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានបងប្អូនបង្កើត៩នាក់ ស្រី៣នាក់ និងប្រុស៦នាក់។ ខ្ញុំធ្លាប់បានរៀនអក្សរខ្មែរតិចតួច។ ខ្ញុំចេះអាននិងសរសេរអក្សរខ្មែរ ហើយថែមទាំងចេះភាសាវៀតណាមទៀត។
ខ្ញុំធំដឹងក្តីនៅពេលប្រទេសជាតិកើតមានសង្គ្រាម។ កាលខ្ញុំអាយុ១០ឆ្នាំ ខ្ញុំរស់នៅជាមួយឪពុកម្តាយនៅក្នុងទឹកដីប្រទេសវៀតណាម។ ឪពុករបស់ខ្ញុំធ្លាប់ធ្វើជាទាហានជើងក្រហមរបស់បារាំង។ ឪពុករបស់ខ្ញុំត្រូវបានអាជ្ញាធរវៀតណាមចោទប្រកាន់ថា មាននិន្នាការប្រឆាំងរដ្ឋាភិបាលវៀតណាម។ ក្រោយមកត្រូវបានអាជ្ញាធរវៀតណាមគំរាមកំហែង និងតាមចាប់ខ្លួនគាត់ជាច្រើនលើក។ ពេលនោះបងប្អូនជនជាតិស្ទៀងជាច្រើននាក់បានទៅជួយនិយាយ និងជួយតវ៉ាជាមួយអាជ្ញាធរវៀតណាមទើបឪពុករបស់ខ្ញុំបានរួចផុតពីការចោទប្រកាន់។ ដោយគិតថាមិនអាចរស់នៅប្រទេសវៀតណាមបានតទៅទៀត ឪពុករបស់ខ្ញុំក៏សម្រេចចិត្តមករស់នៅស្រុកកំណើតខាងម្តាយរបស់ខ្ញុំនៅស្រុកខ្មែរវិញ។
នៅឆ្នាំ១៩៦២ ខ្ញុំនិងគ្រួសារបានចាកចេញពីប្រទេសវៀតណាមមករស់នៅម្តុំភូមិសាស្ត្រ ភូមិចង្គុំ និងភូមិកោះថ្ម ស្ថិតនៅក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលពេលនោះមិនទាន់មានប្រជាជនរស់នៅច្រើនទេ គឺភូមិនីមួយៗមានប្រជាជនរស់នៅប្រមាណ៣០ទៅ៤០គ្រួសារប៉ុណ្ណោះ។ ប្រជាជនចូលចិត្តរស់នៅផ្តុំគ្នាជាក្រុម។ ភូមិនីមួយៗមានផ្ទៃដីធំទូលាយលាតសន្ធឹងរហូតដល់ព្រំប្រទល់ប្រទេសវៀតណាម។ កាលនោះនៅក្នុងភូមិមានព្រៃដុះជុំជិត មានដើមឈើធំៗ និងមានសត្វព្រៃជាច្រើនប្រភេទ។ ប្រជាជនភាគច្រើននៅតំបន់នេះគឺជាកូនកាត់ស្ទៀង ប្រកបមុខរបរកាប់ដីធ្វើចម្ការ និងធ្វើស្រែដោយបុកដីដាំស្រូវនៅក្នុងព្រៃ ដូចជនជាតិភាគតិចព្នងដែរ។ សម័យនោះដីធំទូលាយ ចំណែកប្រជាជនមានចំនួនតិច ដូច្នេះហើយប្រជាជនបានធ្វើស្រែចម្ការចល័តទីតាំង និងមិនមានកម្មសិទ្ធិលើដីឡើយ។ ប្រជាជនបានកាប់ដីធ្វើចម្ការ និងដាំស្រូវម្តងឬពីរដងនៅលើទីតាំងមួយ បន្ទាប់មកក៏នាំគ្នាផ្លាស់ទៅកន្លែងថ្មីទៀត ដោយសារប្រជាជនគិតថាបើដាំនៅកន្លែងដដែលៗដំណាំមិនសូវលូតលាស់ល្អ។
នៅឆ្នាំ១៩៦៣ សង្គ្រាមនៅប្រទេសវៀតណាមកាន់តែរីករាលដាលខ្លាំងឡើង។ ខ្ញុំបានដឹងថា កងទ័ពវៀតកុងមួយចំនួនធំបានមកលាក់ខ្លួនក្នុងព្រៃនៅលើទឹកដីរបស់ខ្មែរ។ ខ្ញុំនិងបងប្អូនប្រជាជននៅក្នុងភូមិបាននាំគ្នាទិញអង្ករ និងថ្នាំពេទ្យយកទៅលក់បន្តឲ្យកងទ័ពវៀតកុងបានចំណេញប្រាក់យ៉ាងច្រើន។ ប៉ុន្តែខ្ញុំក៏ត្រូវប្រថុយគ្រោះថ្នាក់ដែរដោយសារមានយន្តហោះទម្លាក់គ្រាប់បែកបេ៥២របស់សហរដ្ឋអាមេរិច ហោះមកទម្លាក់គ្រាប់នៅទីតាំងកងទ័ពវៀតកុងលាក់ខ្លួន។
នៅឆ្នាំ១៩៧០ នៅប្រទេសខ្មែរក៏កើតមានព្រឹតិ្តការណ៍រដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់។ ពេលនោះប្រជាជននៅតាមស្រុកស្រែចម្ការខឹងសម្បារ លន់ នល់ យ៉ាងខ្លាំង ហើយបាននាំគ្នាជិះឡានទៅធ្វើបាតុកម្មតវ៉ាដើម្បីទាមទារឲ្យសម្តេចឪត្រឡប់មកវិញ។ កាលនោះមានកម្លាំងយុវជនរួមទាំងមនុស្សចាស់មួយចំនួនបានទៅតវ៉ារហូតដល់ស្រុកស្នួល ខេត្តក្រចេះ ហើយត្រូវបានទាហាន លន់ នល់ បាញ់បង្ក្រាបបណ្តាលឲ្យស្លាប់ និងរបួសមនុស្សជាច្រើន។ ដោយឃើញសភាពការណ៍មិនស្រួល ប្រជាជនបាននាំគ្នាត្រឡប់មកផ្ទះរៀងៗខ្លួនវិញ។
នៅចន្លោះឆ្នាំ១៩៧១ និង ឆ្នាំ១៩៧៣ មានយន្តហោះមកទម្លាក់គ្រាប់បែកជាច្រើនកន្លែងនៅតាមព្រៃដែលសំដៅរកកន្លែងកងទ័ពវៀតកុងកុងលាក់ខ្លួន។ ខ្ញុំបានឃើញទាហានអាមេរិកាំងដើរនៅក្នុងភូមិរបស់ខ្ញុំ ហើយថែមទាំងមកតាំងបន្ទាយនៅខាងជើងភូមិកោះថ្ម និងនៅក្នុងភូមិមួយចំនួនទៀតក្នុងរយៈពេលខ្លី។
អំឡុងឆ្នាំ១៩៧៤ កម្លាំងរបស់ខ្មែរក្រហមជាច្រើននាក់បានចូលមករស់នៅក្នុងភូមិស្ថិតនៅជាយដែន និងនៅទីប្រជុំជន។ ពេលនោះដោយសារខ្លាចខ្មែរក្រហមបង្ខំឲ្យកូនចៅចូលបម្រើយោធា និងបម្រើបដិវត្តន៍ ឪពុករបស់ខ្ញុំបាននិយាយលួងលោមម្តាយរបស់ខ្ញុំឲ្យត្រឡប់ទៅរស់នៅប្រទេសវៀតណាមមួយរយៈសិន។ ពេលនោះម្តាយរបស់ខ្ញុំព្រមទាំងបងប្អូនខ្ញុំមិនចង់ទៅតាមឪពុកខ្ញុំទេ ប៉ុន្តែដោយសារឪពុករបស់ខ្ញុំបានលួងលោមខ្លាំងពេកទើបម្តាយខ្ញុំបានយល់ព្រមទៅរស់នៅប្រទេសវៀតណាម។
នៅឆ្នាំ១៩៧៦ ខ្ញុំបានជាប់ជាកាតព្វកិច្ចបបម្រើកងទ័ពវៀតណាម និងបានចូលរៀនសាលាយោធា នៅហូយាវ។ ពេលរៀនចប់ ខ្ញុំត្រូវបានបញ្ជូនមកការពារព្រំដែនដែលជាប់ព្រំប្រទល់ប្រទេសខ្មែរ។ ខ្ញុំធ្លាប់បានប្រយុទ្ធជាមួយយោធាខ្មែរក្រហមជាច្រើនលើកច្រើនសារនៅចន្លោះពីឆ្នាំ១៩៧៧ ដល់ ឆ្នាំ១៩៧៨ ដែលការវាយប្រយុទ្ធគ្នានោះបានកើតឡើងតាំងពីឆ្នាំ១៩៧៦មកម្ល៉េះ។
នៅឆ្នាំ១៩៧៩ ខ្ញុំបានវាយជាមួយយោធាខ្មែរក្រហមនៅតាមព្រំដែន និងបន្តចូលមកប្រទេសកម្ពុជាតាមស្រុកស្នួល ខេត្តក្រចេះ។ ពេលនោះខ្ញុំបានសង្កេតឃើញថា ប្រជាជនភាគច្រើនស្គមស្គាំង និងគ្មានខោអាវស្លៀកពាក់សមរម្យឡើយ។ ពេលនោះខ្ញុំបាននិយាយភាសាខ្មែរទៅកាន់ប្រជាជនដែលបានឈរមើលកងទ័ពវៀតណាម។ ប្រជាជនបាននាំគ្នាសើច និង សប្បាយរីករាយពេលឮខ្ញុំនិយាយភាសាខ្មែរច្បាស់។ ខ្ញុំនិងកងទ័ពវៀតណាមដែលនៅសេសសល់របបអង្ករបីបាវនៅនៅរថយន្តឡាន ហើយយើងក៏បានផ្តល់អង្ករទាំងនោះឲ្យប្រជាជនដើម្បចែកគ្នា។ បន្ទាប់មក ខ្ញុំបានធ្វើដំណើររបន្តទៅទៅដល់ខេត្តក្រចេះ។ មិនយូរប៉ុន្មានអង្គភាពយោធារបស់ខ្ញុំបានចល័តមកបោះទីតាំងនៅទីរួមខេត្តកំពង់ចាម ដោយពេលនោះខ្ញុំមានឋានន្តរសក្តិពាក់ដោយបីជាន់។
នៅចន្លោះពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០ ប្រជាជនកាន់តែច្រើនបានចូលមករស់នៅក្នុងខេត្តកំពង់ចាម ប៉ុន្តែក៏មានយោធាខ្មែរក្រហមមកលាក់ខ្លួនជាមួយប្រជាជនទាំងនោះ និងបានបង្កការអុកឡុកធ្វើឲ្យកងទ័ពវៀតណាមពិបាកទប់ទល់ដែរ។ ជារឿយៗ កងកម្លាំងខ្មែរក្រហមបានវាយឆ្មក់ ដែលធ្វើឲ្យខ្ញុំមានការភ័យខ្លាចដែរ។ នៅឆ្នាំ១៩៨០ ដោយសារនឹកភូមិកំណើតខាងម្តាយនៅភូមិចង្គុំ ខ្ញុំបានរត់ចេញពីអង្គភាពកងទ័ព មកជួបជាមួយបងប្អូន អ៊ំ ពូ មីង ខាងម្តាយ និងលែងត្រឡប់ទៅវៀតណាម។
នៅរវាងឆ្នាំ១៩៨២ និងឆ្នាំ១៩៨៣ ខ្ញុំបានទៅយកឪពុកម្តាយ និងបងប្អូនដែលរស់នៅប្រទេសវៀតណាម មករស់នៅស្រុកខ្មែរវិញ។ ដំបូងឪពុកខ្ញុំប្រកែកមិនព្រមមក ប៉ុន្តែនៅទីបំផុតគាត់បានមកតាមម្តាយរបស់ខ្ញុំមករស់នៅស្រុកខ្មែរ។ ខ្ញុំបានរស់នៅជាមួយឪពុកម្តាយនិងបងប្អូន ដោយប្រកបមុខរបរធ្វើស្រែចម្ការនៅភូមិចង្គុំ។
នៅឆ្នាំ១៩៨៧ ខ្ញុំបានចូលធ្វើជាប៉ូលីសនៅឃុំទន្លូងម្តងទៀត ហើយបានទៅយាមការពារព្រំដែននៅជិតទន្លេចាម និងម្តុំដើមត្រយឹងដែលជាកន្លែងសម្តេចតេជោហ៊ុន សែន បន់ស្រន់សូមសេចក្តីសុខមុនចាកចេញពីប្រទេសកម្ពុជាចូលទៅក្នុងទឹកដីវៀតណាម។
នៅឆ្នាំ២០០០ ខ្ញុំឈប់ធ្វើជាប៉ូលីសហើយក្រោយមកបានធ្វើជាប្រធានភូមិចង្គុំ និងបានរស់នៅជុំជាមួយប្រពន្ធកូនរហូតមក៕សរន