ដោយ:ស៊ា ថាំង/ភ្នំពេញៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថានៅថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ ២០២០លោកវង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដឹកនាំកិច្ចប្រជុំបន្ទាន់តាមរយៈប្រព័ន្ធវីដេអូ ជាមួយដៃគូពាក់ព័ន្ធដើម្បីពិភាក្សាអំពីគម្រោងលទ្ធកម្មទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩និងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា។
រូបថតៈលោកវង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដឹកនាំកិច្ចប្រជុំបន្ទាន់តាមរយៈប្រព័ន្ធវីដេអូ
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល,តំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ,ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានាទាំងពហុភាគីនិងទាំងទ្វេភាគីដែលរួមមានអង្គការសុខភាពពិភពលោក(WHO)អង្គការយូនីសេហ្វ(UNICEF), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារពិភពលោក (WB), សហភាពអឺរ៉ុបប្រចាំកម្ពុជា (EU), មូលនិធិសកល (GF), អង្គការ GAVI (The GAVI Alliance), COVAX Facility, ស្ថានទូតអូស្ត្រាលី, ចិន, ជប៉ុន, រុស្សី, សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, សាធារណរដ្ឋកូរ៉េ និងបារាំង ជាដើម។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីវង្សីវិស្សុតមានប្រសាសន៍ថាកិច្ចប្រជុំនេះមានគោលបំណងពិនិត្យពិភាក្សានិងពិគ្រោះយោបល់ ជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគីនិងពហុភាគីលើភាពគ្រប់ជ្រុងជ្រោយនិងស័ក្តសិទ្ធិភាពនៃផែនការនិងសកម្មភាពជាយុទ្ធសាស្ត្រក្នុងការចាត់ចែងទិញនិងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលធានាបាននូវការគ្រប់គ្រងសុវត្ថិភាព,គុណភាពនិងប្រសិទ្ធភាពនៃការប្រើប្រាស់។ កិច្ចប្រជុំក៏ធ្វើការពិភាក្សាផងដែរ អំពីបច្ចុប្បន្នភាពនៃសភាពការណ៍ទូទៅនៃការរីករាលដាលនៃជំងឺកូវីដ-១៩, ការអភិវឌ្ឍ និងលទ្ធភាពនៃការទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩, អភិក្រម និងយន្តការនៃការធ្វើលទ្ធកម្ម, ការកៀរគរហិរញ្ញប្បទាន ព្រមទាំងគោលនយោបាយ និងគោលការណ៍បែងចែក និងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះ ក៏ជាវេទិកាសម្រាប់ចរចា និងកៀរគរធនធានហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍នានា សម្រាប់អនុវត្តកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
លោកមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាន និងកំពុងរៀបចំនិងអនុវត្តគម្រោងទិញ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩សម្រាប់ផ្តល់ជូន ប្រជាជនកម្ពុជាឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ និងឈានទៅលុបបំបាត់ការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា។ក៏ប៉ុន្តែកិច្ចការទិញ វ៉ាក់សាំងបង្ការកូវីដ-១៩នេះ ចាំបាច់ត្រូវតែធ្វើដោយប្រុងប្រយ័ត្នដើម្បីធានាបាននូវការគ្រប់គ្រងសុវត្ថិភាព, គុណភាពនិងប្រសិទ្ធភាពនៃ ការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលទាំងនេះ ចាំបាច់ត្រូវតែមានពិនិត្យ និងវាយតម្លៃដោយហ្មត់ចត់អំពីបរិការណ៍ និងកត្តាសត្យានុម័តគន្លឹះមួយចំនួនផងដែរ។
លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងទិញវ៉ាក់សាំងទាំងឡាយណា ដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភព លោកតែប៉ុណ្ណោះទោះបីទិញតាមរយៈCOVAXFacilityក្តីឬតាមរយៈការទិញផ្ទាល់ពីក្រុមហ៊ុនផលិតនិងតាមរយៈយន្តការនៃកិច្ចសហប្រតិបត្តិការទេ្វភាគីក្តី។
លោកបានបន្តថា ការមកដល់នៃ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មិនត្រឹមតែជួយធ្វើឱ្យយើងអាចកម្ចាត់ជំងឺកូវីដ-១៩ ដ៏កាចសាហាវនោះទេ តែថែមទាំងនឹងបើកឱកាសឱ្យប្រទេសកម្ពុជាយើងអាចវិលត្រឡប់ទៅកាន់សភាពធម្មតាវិញ ពោលគឺអាចស្តារនិងបន្តអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រទេសជាតិប្រកបដោយកំណើនខ្ពស់,ធន់នឹងវិបត្តិនិងកាន់តែភាពប្រកួតប្រជែងខ្លាំងជាងមុនក៏ដូចអាចកសាងនូវប្រព័ន្ធបែងចែកឡើងវិញនូវផលនៃកំណើនឱ្យកាន់តែប្រសើរឡើង ពិសេសការអភិវឌ្ឍធនធានមនុស្សក្នុងគោលដៅធានាឱ្យបាននូវស្ថិរភាពនិងភាពរីកចំរើនរុង រឿងនៃប្រទេសយើង។
លោក វង្សី វិស្សុត មានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីធានាបានថា យើងអាចយកឈ្នះនូវសមរភូមិទាំង៣ ក្នុងនោះមាន ទី១.ការពារអាយុជីវិតរបស់ប្រជាជន ទី២.ការពារជីវភាពរស់នៅរបស់ប្រជាជន និង ទី៣.ការពារមុខរបរអាជីវកម្មរបស់ប្រជាជន ដើម្បីឱ្យអាជីវកម្មទាំងនោះអាចងើបឡើងវិញបានឆាប់រហ័សក្នុងការឈានទៅរកការ ស្តារប្រទេសឡើងវិញ ដើម្បីរុញកំណើនសេដ្ឋកិច្ច និងបន្តការងារអភិវឌ្ឍន៍ប្រទេសឱ្យអាចដំណើរការជាប្រក្រតីឡើងវិញ។
រូបថតៈលោក ម៉ម ប៊ុនហេង រដ្ឋមន្្រ្តីកក្រសួងសុខាភិបាល
លោក វង្សី វិស្សុត ក៏មានប្រសាសន៍ផងដែរថា ជាជំហានបន្ទាប់ដែលយើងកំពុងធ្វើនោះគឺរៀបចំផែនការស្តារនិងជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចលើមុខព្រួញ៣៖ទី១.បន្តអនុវត្តគោលនយោបាយចម្រុះ រវាងគោលនយោបាយរូបិយវត្ថុ គោលនយោបាយសារពើពន្ធ និងគោលនយោបាយរចនាសម្ព័ន្ធដើម្បីធានាថាម៉ាក្រូសេដ្ឋកិច្ចជាមូលដ្ឋានគឺយើងអាចគ្រប់គ្រងបានក៏ដូចជាដើម្បីធ្វើយ៉ាងណាឱ្យក្បាលម៉ាស៊ីនសេដ្ឋកិច្ចនៅតែដំណើរការ ទី២. បន្តកែទម្រង់រចនាសម្ព័ន្ធ ដើម្បីបន្តដោះស្រាយតាមតែអាចធ្វើទៅបានចំពោះបញ្ហាដែលជា កត្តារាំងស្ទះនានាដែលជាគន្លឹះក្នុងការពង្រីកសក្តានុពលលើការងារពង្រឹងភាពប្រកួតប្រជែងរបស់យើងក៏ដូចជាការធ្វើពិពិធកម្មមូលដ្ឋានគ្រឹះសេដ្ឋកិច្ច និងទី៣. បង្កើនការវិនិយោគបន្ថែមលើវិស័យគន្លឹះៗ ដើម្បីទ្រទ្រង់កំណើន សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច ដូចជាវិស័យហេដ្ឋា-រចនាសម្ព័ន្ធ, ការតភ្ជាប់,បច្ចេកវិទ្យាឌីជីថលដែលសុទ្ធតែមានភាពចំបាច់ក្នុងពិភពលោកក្រោយបរិការណ៍ជំងឺកូវីដ-៩។ ជាមួយគ្នានេះ យើងក៏ត្រូវបង្កើនការវិនិយោគបន្ថែមលើវិស័យធនធានមនុស្ស ប្រព័ន្ធសុខមាលភាពសង្គម ក្នុងនោះរួមទាំំងផ្នែកថែទាំសុខភាព និងផ្នែកព្យាបាលជំងឺ ដើម្បីអាចធានាបានថា នៅពេលដែលមានជំងឺកូវីដ-១៩ ឬជំងឺឆ្លងផ្សេងទៀតដូចករណីជំងឺកូវីដ-១៩ ត្រឡប់មកវិញ យើងអាចទប់ស្កាត់បានប្រកបដោយស័ក្តិសិទ្ធភាព។ ជារួមគឺយើងត្រូវពង្រឹងភាពធន់របស់កម្ពុជាយើង ទាំងខាងផ្នែក ធនធានមនុស្ស ផ្នែកសមត្ថភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាសមត្ថភាពឆ្លើយតបនឹងកត្តាប្រឈមផ្សេងៗទៀត ដូចជាការប្រែប្រួលអាកាសធាតុ ដែលកំពុងក្លាយជាតថភាពជាក់ស្តែងមួយក្នុងសង្គមផងដែរ។ ដូចនេះ សម្រាប់ក្របខណ្ឌ នៃការវិនិយោគរយៈពេលវែងនៅកម្ពុជា យើងកំពុងពិនិត្យមើលគ្រប់ផ្នែកគ្រប់ជ្រុងទាំងអស់ ដែលពិភពលោក ក្រោយកូវីដ-១៩ ក្នុងនោះរាប់ទាំងកម្ពុជាផងដែរ ត្រូវប្រឈមនិងត្រូវរៀនរស់ជាមួយប្រក្រតីថ្មី ដើម្បីឆ្លងផុតកត្តាប្រឈម ទាំងនោះ ហើយអាចងាកទៅគន្លងនៃកំណើន និងគន្លងឆ្ពោះទៅគោលដៅក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ យើងត្រូវធ្វើកិច្ចការនេះជាសាកល ដោយអនុវត្តវិធានការដោយឡែកជាក់ស្តែងតាមបរិការណ៍របស់ប្រទេសយើង ហើយប្រទេសយើងនឹងចូលរួមចំណែកក្នុងកិច្ចការនេះ ក្នុងបរិការណ៍ពិភពលោកថ្មី ឬ ប្រក្រតីភាពថ្មី (New Normal)។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ឲ្យដឹងដែរថា កម្ពុជាបានដាក់គោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាជនឱ្យបានប្រមាណ១០លាននាក់ ដោយក្នុងនោះ “មជ្ឈមណ្ឌលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាសកល” (COVAX Facility) នឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រជាជនចំនួនពី ៣ ទៅ ៤ លាននាក់។ ដោយឡែក នៅសល់ប្រមាណ ៦ ទៅ ៧ លាននាក់ទៀតដែលរាជរដ្ឋាភិបាលត្រូវផ្តល់ជូនតាមរយៈការស្វែងជំនួយផ្គត់ផ្គង់ពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត និងដោយការធ្វើលទ្ធកម្មទិញដោយរាជរដ្ឋាភិបាលផ្ទាល់។ ក្នុងន័យនេះ កម្ពុជាបានសុំឱ្យដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី និង ពហុភាគី ចូលរួមសហការ ឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ដើម្បីវាយតម្លៃ និងកំណត់ចំនួនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលត្រូវទិញ និងជួយកំណត់មុខសញ្ញាក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមានភាពសមស្របបំផុតទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់កម្ពុជា។ រាជរដ្ឋាភិបាលសូមស្វាគមន៍ ចំពោះការចូលរួមចំណែកពីគ្រប់ដៃគូទាំងអស់ទាំងក្នុងរូបភាពជា ជំនួយបច្ចេកទេស ឬហិរញ្ញប្បទានឥតសំណង ឬ ជាកម្ចីដែលមានសម្បទានខ្ពស់ ចំពោះថវិកាសម្រាប់លទ្ធកម្មទិញវ៉ាក់សាំង និងថវិកាសម្រាប់ចំណាយប្រតិបត្តិការក្នុងការអនុវត្តកម្មវិធីចាក់វ៉ាក់សាំង ហើយរាជរដ្ឋាភិបាលនឹងធ្វើការបំពេញបន្ថែម ក្នុងករណីមានការខ្វះខាត។
ជាការឆ្លើយតបក្នុងបណ្តាដៃគូអភិវឌ្ឍន៍នានាទាំងពហុភាគីនិងទ្វេភាគីបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងភាពជាម្ចាស់ប្រកបដោយបុរេសកម្មលើកិច្ចការប្រយុទ្ធប្រឆាំងនឺងជំងឺរាតត្បាតជាសកលនេះនិងបានបង្ហាញជំហរច្បាស់លាស់ក្នុងការត្រៀមខ្លួនជាស្រេច ក្នុងបន្តសកម្មចូលរួមជាមួយរាជរដ្ឋាភិបាលថែមទៀត៕សរន