ដកស្រង់និងប្រែសម្រួលៈវាសនា/ព្រុចសែល(រ៉យទ័រ)៖ គំរោងសកលមួយដើម្បីរកវ៉ាក់សាំងកូវីដ១៩អោយដល់ប្រទេសក្រីក្រនៅក្នុងលោកដែលជាជម្រកសម្រាប់មនុស្សរាប់ពាន់លាននាក់កំពុងប្រឈមនឹង«ហានិភ័យខ្ពស់ណាស់» ដោយពួកគេនឹងមិនទទួលបានវ៉ាក់សាំងទេរហូតដល់ឆ្នាំ២០២៤ឯណោះ នេះបើតាមឯកសារផ្ទៃក្នុងបានបង្ហាញ។
កម្មវិធីរបស់អង្គការសុខភាពពិភពលោកហៅថាCovax គឺជាគំរោងសកលដ៏សំខាន់ដើម្បីចាក់វ៉ាក់សាំងនៅក្នុងប្រទេសក្រីក្រនិងមានចំណូលមធ្យមនៅជុំវិញពិភពលោកប្រឆាំងនឹងវីរុសកូរ៉ូណា ឬជំងឺកូវីដ១៩។វាមានបំណងប្រគល់វ៉ាក់សាំងយ៉ាងតិច២ពាន់លានដូសត្រឹមចុងឆ្នាំ២០២១ ដើម្បីការពារជនងាយរងគ្រោះបំផុតប្រមាណ២០ភាគនៅក្នុងប្រទេសក្រីក្រនិងមានចំណូលមធ្យមចំនួន៩១ប្រទេស ភាគច្រើននៅអាហ្វ្រិក អាស៊ី និងអាម៉េរិកឡាទីន។
តែឯកសារផ្ទៃក្នុងដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានពិនិត្យឃើញ ពួកអ្នកឃោនាគំរោងនេះនិយាយថា កម្មវិធីនេះកំពុងតស៊ូជម្នះនឹងការខ្វះថវិកា ហានិភ័យនៃការផ្គត់ផ្គង់និងការចាត់ចែងកុងត្រាដ៏ស្មុគស្មាញ ដែលអាចធ្វើអោយវាមិនអាចសំរេចគោលដៅ។
របាយការណ៍ផ្ទៃក្នុង ផ្ញើជូនGavi ដែលជាសម្ពន្ធភាពមួយនៃរដ្ឋាភិបាល ក្រុមហ៊ុនឳសថ អង្គការសប្បុរសធម៌ និងអង្គការអន្តរជាតិក្នុងការរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងសកល និយាយថា« ហានិភ័យអំពីបរាជ័យមួយក្នុងការបង្កើតយន្តការCovax Facilityដ៏ជោគជ័យមួយវាខ្ពស់ណាស់»។
សូមបញ្ជាក់ថា Gaviដឹកនាំកម្មវិធីCovaxជាមួយអង្គការសុខភាពពិភពលោក WHO។
របាយការណ៍និងឯកសារដទៃទៀតដែលរៀបចំដោយ Gavi ត្រូវបានពិភាក្សានៅក្នុងប្រជុំរបស់ក្រុមនាយករបស់ Gaviនៅថ្ងៃ១៥ដល់១៧ធ្នូ។
បរាជ័យនៃយន្តការនេះអាចទុកអោយប្រជាជននៅក្នុងប្រទេសក្រីក្រគ្មានវ៉ាក់សាំងការពារខ្លួនទល់នឹងកូវីដ១៩ រហូតដល់ឆ្នាំ២០២៤ នេះបើតាមការលើកឡើងនៅក្នុងឯកសារមួយ ហើយហានិភ័យខ្ពស់ដោយសារតែគំរោងផែនការនេះ ត្រូវបានរៀបចំបង្កើតឡើងលឿនពេក ដោយប្រតិបត្តិការក្នុង«ដែនដីថ្មីដែលគេមិនសូវស្គាល់»។
អង្គការសុខភាពពិភពលោកមិនបានឆ្លើយតបនឹងការសុំការធ្វើអត្ថាធិប្បាយអំពីការលេចធ្លាយរបាយការណ៍នេះទេ ដោយកន្លងមកខ្លួនបានទុកអោយGavi និយាយជាសាធារណៈអំពីកម្មវិធីCovax ។
Gaviកាលពីខែមុនបានជួលក្រុមហ៊ុនសាជីវកម្មនិងធនាគារ Citigroupនៅអាម៉េរិកសំរាប់ផ្តល់ដំបូន្មានអំពីថាតើត្រូវធ្វើយ៉ាងណាដើម្បីបន្ថយហានិភ័យហិរញ្ញវត្ថុ។
Citibankបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្នុងនាមជាទីប្រឹក្សាហិរញ្ញវត្ថុមួយ យើងទទួលខុសត្រូវក្នុងការជួយផែនការGaviលើសេណារីយ៉ូមួយចំនួន ពាក់ព័ន្ធនឹងយន្តការCovax និងគាំទ្រកិច្ចខិតខំរបស់គេដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមាន»។
ផែនការរបស់Covaxពឹងលើវ៉ាក់សាំងថោកៗដែលមានការទទួលស្គាល់ផ្លូវការ ជាជាងវ៉ាក់សាំងថ្លៃមកពីក្រុមហ៊ុនឈានមុខPfizer/BioNTech និង Moderna ។
វ៉ាក់សាំងរបស់Pfizer/BioNTechត្រូវបានអនុម័តអោយប្រើគ្រាអាសន្ននៅក្នុងប្រទេសអង់គ្លេសនិងអាម៉េរិក ហើយវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ត្រូវរំពឹងថានឹងត្រូវអនុម័តអោយប្រើដូចគ្នាក្នុងពេលឆាប់ៗ តែពួកវាមិនទាន់ត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់សំរាប់ប្រើទូទៅនៅឡើយទេ។
ក្នុងឯកសារនិយាយថា ថវិការបស់Covaxគឺសំរាប់វ៉ាក់សាំងថ្លៃជាមធ្យម៥,២ដុល្លារក្នុងមួយដូស ខណៈវ៉ាក់សាំងរបស់Pfizerថ្លៃ១៨,៤០-១៩,៥០ដុល្លារក្នុងមួយដូស រីឯវ៉ាក់សាំងរបស់Modernaថ្លៃដល់ទៅ២៧-៣៧ដុល្លារក្នុងមួយដូស។ទោះជាយ៉ាងណាCovax មិនមានកិច្ចព្រមព្រៀងទិញពីក្រុមហ៊ុនទាំងនេះទេ។
ទោះជាយ៉ាងណា កាលពីថ្ងៃអង្គារ មន្ត្រីជាន់ខ្ពស់របស់WHOម្នាក់បាននិយាយថា ទីភ្នាក់ងាររបស់លោកបានពិភាក្សាជាមួយPfizer និង Modernaដើម្បីបញ្ចូលវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនទាំងពីរ
ជាផ្នែកនៃការបញ្ចេញវ៉ាក់សាំងសកលនៅដំណាក់កាលដំបូងទៅកាន់ប្រទេសក្រីក្រ ក្នុងតំលៃទាបជាងទីផ្សារបច្ចុប្បន្ន។
Covax កន្លងមកបានសំរេចកិច្ចព្រមព្រៀងទិញវ៉ាក់សាំងជាមួយក្រុមហ៊ុនAstraZeneca, Novavax និង Sanofi សំរាប់វ៉ាក់សាំង៤០០លានដូស និងអាចទិញបន្ថែមរាប់លានដូសទៀត។តែក្រុមហ៊ុនទាំងនេះជួបការពន្យារពេលសាកពិសោធន៍ ដូច្នេះការអនុម័តអោយប្រើវ៉ាក់សាំងរបស់ពួកគេអាចរុញទៅឆមាសទី២នៃឆ្នាំ២០២១ ឬយូរជាងនេះ៕