ដោយៈស៊ាថាំង/ភ្នំពេញៈលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីធានាបានថា យើងអាចយកឈ្នះនូវសមរភូមិទាំង៣ ។ក្នុងនោះមាន ទី១.ការពារអាយុជីវិតរបស់ប្រជាជន, ទី២.ការពារជីវភាពរស់នៅរបស់ប្រជាជន និង ទី៣.ការពារមុខរបរអាជីវកម្មរបស់ប្រជាជន ដើម្បីឱ្យអាជីវកម្មទាំងនោះអាចងើបឡើងវិញបានឆាប់រហ័សក្នុងការឈានទៅរកការស្តារប្រទេសឡើងវិញ ដើម្បីរុញកំណើនសេដ្ឋកិច្ច និងបន្តការងារអភិវឌ្ឍន៍ប្រទេសឱ្យអាចដំណើរការជាប្រក្រតីឡើងវិញ។
លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាន់តាមរយៈប្រព័ន្ធវីដេអូជាមួយដៃគូពាក់ព័ន្ធដើម្បីពិភាក្សាអំពីគម្រោងលទ្ធកម្មទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩និងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជានៅថ្ងៃទី១៧ខែធ្នូនេះលោក វង្សី វិស្សុត បានបន្ថែមទៀតថា ជាជំហានបន្ទាប់ដែលយើងកំពុងធ្វើនោះគឺរៀបចំផែនការស្តារនិងជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចលើមុខព្រួញបី។ទី១.បន្តអនុវត្តគោលនយោបាយចម្រុះ រវាងគោលនយោបាយរូបិយវត្ថុ គោលនយោបាយសារពើពន្ធ និងគោលនយោបាយរចនាសម្ព័ន្ធដើម្បីធានាថាម៉ាក្រូសេដ្ឋកិច្ចជាមូលដ្ឋានគឺយើងអាចគ្រប់គ្រងបានក៏ដូចជាដើម្បីធ្វើយ៉ាងណាឱ្យក្បាលម៉ាស៊ីនសេដ្ឋកិច្ចនៅតែដំណើរការ ។ទី២. បន្តកែទម្រង់រចនាសម្ព័ន្ធ ដើម្បីបន្តដោះស្រាយតាមតែអាចធ្វើទៅបានចំពោះបញ្ហាដែលជា កត្តារាំងស្ទះនានាដែលជាគន្លឹះក្នុងការពង្រីកសក្តានុពលលើការងារពង្រឹងភាពប្រកួតប្រជែងរបស់យើងក៏ដូចជាការធ្វើពិពិធកម្មមូលដ្ឋានគ្រឹះសេដ្ឋកិច្ច និងទី៣. បង្កើនការវិនិយោគបន្ថែមលើវិស័យគន្លឹះៗ ដើម្បីទ្រទ្រង់កំណើន សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច ដូចជាវិស័យហេដ្ឋា-រចនាសម្ព័ន្ធ, ការតភ្ជាប់,បច្ចេកវិទ្យាឌីជីថលដែលសុទ្ធតែមានភាពចំបាច់ក្នុងពិភពលោកក្រោយបរិការណ៍ជំងឺកូវីដ-៩។
លោករដ្ឋមន្ត្រីប្រតិភូបាននបន្តថាជាមួយគ្នានេះ យើងក៏ត្រូវបង្កើនការវិនិយោគបន្ថែមលើវិស័យធនធានមនុស្ស ប្រព័ន្ធសុខមាលភាពសង្គម ក្នុងនោះរួមទាំំងផ្នែកថែទាំសុខភាព និងផ្នែកព្យាបាលជំងឺ ដើម្បីអាចធានាបានថា នៅពេលដែលមានជំងឺកូវីដ-១៩ ឬជំងឺឆ្លងផ្សេងទៀតដូចករណីជំងឺកូវីដ-១៩ ត្រឡប់មកវិញ យើងអាចទប់ស្កាត់បានប្រកបដោយស័ក្តិសិទ្ធភាព។ ជារួមគឺយើងត្រូវពង្រឹងភាពធន់របស់កម្ពុជាយើង ទាំងខាងផ្នែក ធនធានមនុស្ស ផ្នែកសមត្ថភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាសមត្ថភាពឆ្លើយតបនឹងកត្តាប្រឈមផ្សេងៗទៀត ដូចជាការប្រែប្រួលអាកាសធាតុ ដែលកំពុងក្លាយជាតថភាពជាក់ស្តែងមួយក្នុងសង្គមផងដែរ។ ដូចនេះ សម្រាប់ក្របខ័ណ្ឌ នៃការវិនិយោគរយៈពេលវែងនៅកម្ពុជា យើងកំពុងពិនិត្យមើលគ្រប់ផ្នែកគ្រប់ជ្រុងទាំងអស់ ដែលពិភពលោក ក្រោយកូវីដ-១៩ ក្នុងនោះរាប់ទាំងកម្ពុជាផងដែរ ត្រូវប្រឈមនិងត្រូវរៀនរស់ជាមួយប្រក្រតីថ្មី ដើម្បីឆ្លងផុតកត្តាប្រឈម ទាំងនោះ ហើយអាចងាកទៅគន្លងនៃកំណើន និងគន្លងឆ្ពោះទៅគោលដៅក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ យើងត្រូវធ្វើកិច្ចការនេះជាសាកល ដោយអនុវត្តវិធានការដោយឡែកជាក់ស្តែងតាមបរិការណ៍របស់ប្រទេសយើង ហើយប្រទេសយើងនឹងចូលរួមចំណែកក្នុងកិច្ចការនេះ ក្នុងបរិការណ៍ពិភពលោកថ្មី ឬ ប្រក្រតីភាពថ្មី (New Normal)៕សរន