ប្រែសម្រួល : កញ្ញាដាលីស/តូក្យូ ៖ ទីក្រុងតូក្យូរបស់ជប៉ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ (១៧ ធ្នូ) ថា ភាពតានតឹងមកលើប្រព័ន្ធវេជ្ជសាស្ត្ររបស់ខ្លួនពីជំងឺរាតត្បាតកូវីដ១៩ មានសភាពកាន់តែធ្ងន់ធ្ងរ ដោយនាំឱ្យបង្កើនកម្រិតប្រកាសអាសន្នឈានដល់កម្រិតខ្ពស់បំផុត៤កាំ ខណៈចំនួនករណីឆ្លងបានកើនឡើងដល់កម្រិតខ្ពស់បំផុតប្រចាំថ្ងៃគឺ ៨២២ នាក់។
មន្ត្រីសុខាភិបាលម្នាក់បាននិយាយថា ខ្លួនមានការលំបាកក្នុងការថ្លឹងថ្លែងពីការថែរក្សាអ្នកជំងឺកូវីដ១៩ និងអ្នកជំងឺទូទៅជាប្រចាំ ខណៈគ្រែមន្ទីរពេទ្យពេញណែនអស់រលីងដោយនាំឱ្យមន្ទីរពេទ្យប្រកាសអាសន្នដល់កម្រិតពណ៌ក្រហមសម្រាប់ការត្រៀមលក្ខណៈផ្នែកវេជ្ជសាស្ត្រជាលើកដំបូង។
លោកវេជ្ជបណ្ឌិត ម៉ាសាកាតាកា អ៊ីណូគូឈី អនុប្រធានសមាគមវេជ្ជសាស្ត្រទីក្រុងតូក្យូបានប្រាប់កិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យជំងឺកូវីដ ដែលចូលរួមដោយអភិបាលក្រុងតូក្យូ លោកស្រី យូរីកូ កយកេ យ៉ាងដូច្នេះថា “អ្នកផ្តល់សេវាវេជ្ជសាស្ត្របានអស់ធនធានបម្រុងហើយ។ ការកាត់បន្ថយចំនួនអ្នកជំងឺ (កូវីដ១៩) គឺជាមធ្យោបាយតែមួយគត់ត្រូវធ្វើ”។
រដ្ឋបាលក្រុងតូក្យូនិយាយថា អ្នកឆ្លងវីរុសកូរ៉ូណាមានចំនួន ៨២២ នាក់នៅថ្ងៃព្រហស្បតិ៍នេះ ដែលកើនលើសកំណត់ត្រាមុន ៦៧៨ នាក់កាលពីថ្ងៃពុធ៕
ក្រុងតូក្យូប្រកាសអាសន្នកូវីដ១៩ដល់កម្រិតក្រហមកាំទី៤ ខណៈគ្រែមន្ទីរពេទ្យសម្រាប់អ្នកជំងឺពេញអស់ហើយ