ដោយ: រ៉ាម៉ន / ភ្នំពេញ: រដ្ឋបាលរាជធានីភ្នំពេញ បានបន្តអ៊ុតកៅស៊ូកំណាត់ផ្លូវលេខ៧៤ ប្របនឹងគល់ស្ពានជ្រោយចង្វាត្រើយខាងលិច ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយចាប់ធ្វើសកម្មភាពនាព្រឹកថ្ងៃទី១៧ធ្នូនេះ ក្រោយពីផ្លូវនេះទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀង។
ក្រុមមន្ត្រីបច្ចេកទេសបានឲ្យិដឹងថា៖ កំណាត់ផ្លូវលេខ៧៤ ដែលត្រូវអ៊ុតកៅ ស៊ូបន្ថែមនាពេលនេះមានប្រវែង២៦០ម៉ែត្រ ទទឹង១១ម៉ែត្រដោយកែលំអគ្រឹះ និងចាក់អ៊ុតកៅស៊ូពីលើកៅស៊ូចាស់ប្រភេទម៉ាកដាំ ដែលបានធ្វើឡើងជាយូឆ្នាំមកហើយ ដោយចាក់អ៊ុតកៅបន្ថែមជាលើកដំបូង ដើម្បីធានាការប្រើប្រាស់បានយូ ។
ម្យ៉ាងទៀតកំណាត់ផ្លូវនេះ ក៏ជាផ្លូវដែលមានសារសំខាន់លើការរំដោះចរាចរ និងសំរួលលំហូរចរាចរណ៏នៅតំបន់គល់ស្ពានជ្រោយចង្វាត្រើយខាងលិចផងដែរ។ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានលោក សាំ ពិសិដ្ឋ ជាប្រធានក៏ដូចអាជ្ញាធរដែនដីពាក់ព័ន្ធចុះពិនិត្យដំណើរការ នៃការជួសជុលកែលំអផ្លូវជាច្រើនខ្សែក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើការជួសជុលផ្លូវដែលខូចឡើងវិញ។
លោកសាំ ពិសិដ្ឋ បានឲ្យដឹងថា៖ ក្រោយទឹកជំនន់ទឹកភ្លៀងស្រកអស់ ផ្លូវចំនួន ២៩ខ្សែក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានទទួលរងការខូចខាត។ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំផ្លាល់ពីលោក ឃួង ស្រេង ផ្លូវដែលខូចខាតទាំងអស់នឹងត្រូវបានជួសជុលកែលំអរឡើងវិញ ធ្វើឲ្យប្រជាពលរដ្ឋមានក្តីសប្បាយរីករាយ ក្នុងការធ្វើដំណើរបានងាយស្រួល។ អាជ្ញាធរក៏ដូចមន្ត្រីជំនាញ បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរចំពោះការរំខានដោយមានការបិទផ្លូវ ឬបិទទីតាំងបណ្តោះអាសន្ននៅពេលការដ្ឋានចាប់ដំណើរការ។ ការយកចិត្តទុកដាក់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ពិតជាបានជួយសំរាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងបានកែប្រែសោភណ្ឌភាពរាជធានីភ្នំពេញអោយកាន់តែស្រស់បំព្រងថែមទៀត។ រយៈពេលប៉ុន្មានថ្ងៃមកនេះ អាជ្ញាធររាជធានីភ្នំពេញបានជំរុញការជួសជុលផ្លូវ និងពង្រីកផ្លូវទៅដំណាលគ្នាតែម្តង។ ចំពោះមុខក្នុងខណ្ឌដូនពេញ មានផ្លូវលេខ ៧៤,ផ្លូវលេខ៧២,៧៦,រង្វង់មូលគួចកាណុងនិងកំណាត់ផ្លូវត្រសក់ផ្អែមចាប់ពីផ្លូវលេខ១១៤(ផ្លូវក្រមួនស)ដល់ផ្លូវព្រះសីហនុប្រវែង១៨០០ម៉ែត្រ ទទឹង៨ម៉ែត្រកន្លះនឹងត្រូវធ្វើការជួសជុលកែលម្អដោយធ្វើគ្រឹះជាថ្មី និងពង្រីកបន្ថែមនៅកន្លែងខ្លះ៕