ដោយៈប.ជ័យ / បន្ទាយមានជ័យៈ បុរសម្នាក់ដើររើសអេតចាយ ហើយមានដាក់កាំបិតតាមខ្លួនផងនោះ ដោយត្រូវគេចំណាំមុខថាធ្លាប់លួច ត្រូវកងរាជអាវុធហត្ថចាប់ខ្លួនកាលពីពេលថ្មីៗនេះ ។
សមត្ថកិច្ចអាវុធហត្ថបានអោយដឹងថា ជនរងគ្រោះឈ្មោះ ពេជ្រ រតនា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត បានដាក់ពាក្យប្តឹង ជនសង្ស័យថាបានលួចទូរស័ព្ទដៃរបស់ខ្លួន។
ជនសង្ស័យឈ្មោះ ស៊យ ខ្មៅ ភេទប្រុស អាយុ២៥ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងដកហូតវត្ថុតាងរួមមាន ទូរស័ព្ទដៃម៉ាក OPPO ចំនួន០២គ្រឿង និងកាំបិតប្រវែង៣៩សង់ទីម៉ែត្រ០១ដើមផងដែរ ។ ជននេះ បានឆ្លើយសារភាពថាពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន៕