ដោយៈ សរិទ្ធ – សម្បត្តិ,មុនីរ័ត្ន / ភ្នំពេញៈ បុរសម្នាក់ ជាអ្នកគួកជេរដី និងគួកជេររថយន្ត ព្រមទាំងរកស៊ីចងការ ប្រាក់ ផងនោះ កំពុងបើកម៉ូតូ តាមផ្លូវ បានត្រូវខ្មាន់កាំភ្លើង ដេញតាមបាញ់ប្រហារ ចំនួន ៤ គ្រាប់ តែត្រូវចំនួន ៣គ្រាប់ (និងខុសទៅត្រូវដី ១ គ្រាប់) បណ្តាលឱ្យរងរបួសធ្ងន់ ហើយបានបាត់បង់ជីវិត នៅពេលបញ្ជូន ទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៣ រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។
ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ច បានដាក់ការសង្ស័យ ជាជំហានដំបូងថា ជាករណីគំនុំ ប៉ុន្តែទោះបីជា យ៉ាងណាក៏ដោយ សមត្ថកិច្ច កំពុងធ្វើការស៊ើបអង្កេត ស្រាវជ្រាវបន្ថែមទៀត។
សមត្ថកិច្ច បានឱ្យដឹងថាៈ បុរសរងគ្រោះ ឈ្មោះ នៅ ចំណាន អាយុ ៤៥ ឆ្នាំ ជាអ្នកគួកជេរដី និងគួកជេររថយន្ត ព្រមទាំងរកស៊ីចងការប្រាក់ មានលំនៅ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះ បើកម៉ូតូម៉ាក ភីស៊ីអិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1ID-7477 ។គ្រឿងអលង្ការនិងរបស់មានតម្លៃនៅលើខ្លួនជនរងគ្រោះ និងម៉ូតូ គឺមិនមានការបាត់បង់នោះទេ។
សមត្ថកិច្ច បានបញ្ជាក់ថាៈ នៅពេលចុះដល់កន្លែងកើតហេតុ សមត្ថកិច្ច បានពិនិត្យជាក់ស្តែង និងរើសសំបកគ្រាប់ ទៅរក្សាទុករង់ចាំស្រាវជ្រាវ តាមចាប់ជនដៃដល់ យកទៅផ្តន្ទាទោស តាមច្បាប់។ បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកចេញមន្ទីរពេទ្យកាល់ម៉ែត យកទៅតម្កល់ធ្វើបុណ្យ តាមប្រពៃណី នៅវត្តទួលសុភាឃួន ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ៕PC /V