ដោយៈស៊ាថាំង/ភ្នំពេញៈលោកវង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដឹកនាំកិច្ចប្រជុំបន្ទាន់តាមរយៈប្រព័ន្ធវីដេអូ ជាមួយដៃគូពាក់ព័ន្ធដើម្បីពិភាក្សាអំពីគម្រោងលទ្ធកម្មទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩និងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជានៅថ្ងៃទី១៧ខែធ្នូនេះ។
លោកវង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ថ្លែងទៅកាន់អ្នកចូលរួមលោករដ្ឋមន្ត្រីប្រតិភូបានបញ្ជាក់ថាកម្ពុជាបានដាក់គោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាជនឱ្យបានប្រមាណ១០លាននាក់ ដោយក្នុងនោះ “មជ្ឈមណ្ឌលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាសកល” (COVAX Facility) នឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រជាជនចំនួនពី ៣ ទៅ ៤ លាននាក់។ ដោយឡែក នៅសល់ប្រមាណ ៦ ទៅ ៧ លាននាក់ទៀតដែលរាជរដ្ឋាភិបាលត្រូវផ្តល់ជូនតាមរយៈការស្វែងជំនួយផ្គត់ផ្គង់ពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត និងដោយការធ្វើលទ្ធកម្មទិញដោយរាជរដ្ឋាភិបាលផ្ទាល់។ ក្នុងន័យនេះកម្ពុជាបានសុំឱ្យដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី និង ពហុភាគី ចូលរួមសហការឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងសុខាភិបាលដើម្បីវាយតម្លៃ និងកំណត់ចំនួនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលត្រូវទិញ និងជួយកំណត់មុខសញ្ញាក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមានភាពសមស្របបំផុតទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់កម្ពុជា។
កិច្ចប្រជុំខាងលើនេះមានការអញ្ជើញចូលរួមពីលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល,តំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ,ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានាទាំងពហុភាគីនិងទាំងទ្វេភាគីដែលរួមមានអង្គការសុខភាពពិភពលោក(WHO)អង្គការយូនីសេហ្វ(UNICEF), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារពិភពលោក (WB), សហភាពអឺរ៉ុបប្រចាំកម្ពុជា (EU), មូលនិធិសកល (GF), អង្គការ GAVI (The GAVI Alliance), COVAX Facility, ស្ថានទូតអូស្ត្រាលី, ចិន, ជប៉ុន, រុស្សី, សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, សាធារណរដ្ឋកូរ៉េ និងបារាំង ជាដើម។
លោកវង្សី វិស្សុតបានបន្ថែមទៀតថារាជរដ្ឋាភិបាលសូមស្វាគមន៍ ចំពោះការចូលរួមចំណែកពីគ្រប់ដៃគូទាំងអស់ទាំងក្នុងរូបភាពជា ជំនួយបច្ចេកទេស ឬហិរញ្ញប្បទានឥតសំណង ឬ ជាកម្ចីដែលមានសម្បទានខ្ពស់ ចំពោះថវិកាសម្រាប់លទ្ធកម្មទិញវ៉ាក់សាំង និងថវិកាសម្រាប់ចំណាយប្រតិបត្តិការក្នុងការអនុវត្តកម្មវិធីចាក់វ៉ាក់សាំង ហើយរាជរដ្ឋាភិបាលនឹងធ្វើការបំពេញបន្ថែម ក្នុងករណីមានការខ្វះខាត។
ប្រភពក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបញ្ជាក់ថាជាការឆ្លើយតបក្នុងបណ្តាដៃគូអភិវឌ្ឍន៍នានាទាំងពហុភាគីនិងទ្វេភាគីបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងភាពជាម្ចាស់ប្រកបដោយបុរេសកម្មលើកិច្ចការប្រយុទ្ធប្រឆាំងនឺងជំងឺរាតត្បាតជាសកលនេះនិងបានបង្ហាញជំហរច្បាស់លាស់ក្នុងការត្រៀមខ្លួនជាស្រេច ក្នុងបន្តសកម្មចូលរួមជាមួយរាជរដ្ឋាភិបាលថែមទៀត៕សរន