Home ព័ត៌មានជាតិ សន្តិសុខ ជិះ​ម៉ូតូ​គៀរ...

ជិះ​ម៉ូតូ​គៀរ​ផ្តួល​ប្លន់​យក​ម៉ូតូ​: ចាប់ខ្លួន​ជនសង្ស័យ​០៣​នាក់ និង​តាម​ចាប់​បក្ខពួក​៥​នាក់​ទៀត​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ និង​តាម​ចាប់​បក្ខពួក​ចំនួន ៥​នាក់​ទៀត ពាក់ព័ន្ធ​ការធ្វើសកម្មភាព​ជិះ​ម៉ូតូ​គៀរ​ផ្តួល​ជនរងគ្រោះ​រួច​ប្លន់​យក​ម៉ូតូ​នៅ​ចំណុច​ផ្លូវ​បេតុង​៥០​ម៉ែត្រ ភូមិ​អន្លង់​គង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ បន្ទាបពី​ពួកគេ​ធ្វើ​សកម្មភាព​ប្លន់​កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០​។​

​ការបង្ក្រាប​នេះ ដោយ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​សហការ​ជាមួយ​នគរបាល​ខណ្ឌដង្កោ អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បានឱ្យដឹង​ថា កាលពី​វេលាយប់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​បេតុង​៥០​ម៉ែត្រ ភូមិ​អន្លង់​គង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ មាន​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​០៤​គ្រឿង មាន​គ្នា​០៨​នាក់ បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​គៀរ​ផ្តួល​ម៉ូតូ​០១​គ្រឿង​ជិះ​ដោយ​ជនរងគ្រោះ​ម្នាក់ឯង ហើយ​ពួកវា​ក៏បាន​យក​កាំបិត​បុ័ងតោ ដេញ​កាប់​គំរាម​សម្លាប់​ជនរងគ្រោះ រត់ចោល​ម៉ូតូ​ហើយ​ពួកវា​ក៏​ប្លន់​យក​ម៉ូតូ​ជនរងគ្រោះ​គេចខ្លួនបាត់​។​

​ប្រភព​ដដែល​បន្តថា ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ហុងដា​ប៊ីត ពណ៌​ខៀវ ពាក់​ស្លាក​លេខ​តាកែវ 1V-2523 ជនរងគ្រោះ​ឈ្មោះ តឿ​ង ប៊ុនថន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ប្រកបមុខរបរ​មេកា​ជាងសំណង់ រស់នៅ​ផ្ទះជួល​ភូមិ​អន្លង់​គង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។

​ក្រោយពី​ធ្វើ​សកម្មភាព​នៃ​អំពើ​ប្លន់​ម៉ូតូ​នោះ​ហើយ កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​សហការ​ជាមួយ​នគរបាល​ខណ្ឌដង្កោ ស្រាវជ្រាវ​ស៊ើបអង្កេត​ទើប​ឈានទៅដល់​កំណត់​បាន​នូវ​មុខសញ្ញា​ជនសង្ស័យ​ទាំងនោះ​។ ហើយ​ក៏បាន​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​០១​នាក់ នៅ​ខណ្ឌមានជ័យ ឈ្មោះ បូរ ប៊ុនធឿន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ​។ ក្រោយពី​សាកសួរ​ជនសង្ស័យ នៅ​ថ្ងៃ​ដដែល​កម្លាំង​នគរបាល​ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក​ប្លង់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​បន្តទៅ​ចាប់ខ្លួនបាន​បក្ខពួក​០២​នាក់​ទៀត នៅ​ខណ្ឌដង្កោ គឺ​ឈ្មោះ អាន សំអន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ប្រកបមុខរបរ​ជាង​ភ្លើង និង​ជនសង្ស័យ​ឈ្មោះ ឌឿ​ន សៅ​រាសី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ប្រកបមុខរបរ​លក់​ដូរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​នេះ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ កសាង​សំណុំរឿង​ចាប់បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់​ដោយ​រង​ការចោទប្រកាន់​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្លន់​យក​ម៉ូតូ​) ចំណែក​បក្ខជន​សង្ស័យ​ដែល​នៅ​សេសសល់​០៥​នាក់​ទៀត កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular