ដោយ: ប.ខុន / ភ្នំពេញ: ការសាងសង់ផ្លូវថ្មើជើងពីបេតុងលើខ្នងទំនប់ព្រំដីបឹងសំរោង ក្រុមការងារបោះព្រំបឹងធ្វើបាន៩គីឡូម៉ែត្រ នៃប្រវែងសរុប១៤គីឡូម៉ែត្រនោះហើយ បន្ទាប់ពីបានកាយដីកំណត់ព្រំរួច។
លោកស៊ឹម សុផង់ នាយករដ្ឋបាលសាលាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីដឹងនៅថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០ថា ព្រំដីបឹងសំរោង បានលើកទំនប់ព័ទ្ធជុំវិញរួចទៅតាមចំណុចមានកំណត់ក្នុងអនុក្រឹត្យនោះហើយ។ក្រុមការងារបាន នឹងកំពុងបន្តចាក់បេតុង នៅលើខ្នងទំនប់ព្រំដីសម្រាប់ផ្លូវថ្មើជើងបន្តទៀត។
នាយករដ្ឋបាលខណ្ឌខាងលើបាន បញ្ជាក់ថាទំនប់ព័ទ្ធជុំវិញបឹងសំរោងដែល មាន ប្រវែងប្រមាណជា ១៤គីឡូម៉ែត្របាន ចាក់បេតុងរួច ប្រវែង៩គីឡូម៉ែត្រហើយតែមិនមែនជាផ្លូវបេតុងសម្រាប់រថយន្តទេ គឺផ្លូវថ្មើជើងជុំវិញបឹង ។ បញ្ហាស៊ងចិញ្ចឹមត្រីក៏ដូចជាការលក់ទិញដីបឹងដែលការពារដោយអនុក្រឹត្យនេះត្រូវបានបញ្ឈប់តែការដោះស្រាយ ចំពោះអ្នកតវ៉ាដែលអះអាងថាមានលិខិតផ្សេងៗពាក់ព័ន្ធការកាន់កាប់ដីបឹងនេះមិនទាន់ដោះស្រាយចប់ទេ។
រំលឹកឱ្យដឹងថាបឹងសំរោងត្រូវបានកំណត់ដោយអនុក្រឹត្យមានទំហំ ៣៣៦ហិកតា ស្ថិតនៅក្នុងសង្កាត់សំរោង និងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ ត្រូវបានគេទន្ទ្រានកាន់កាប់គ្មានសល់ដោយចាក់ដីលុប ធ្វើទំនប់ហំព័ន្ធ យក បង្កើតបែរត្រីជាព្រំ ស្រះចិញ្ចឹមត្រីនិងសង់សំណង់រឹងមាំ។
ពាក់ព័ន្ធបឹងនេះរដ្ឋបាលរាជធានីភ្នំពេញបានចាត់វិធានការ ដណ្តើមយកដី បឹងសំរោងមកវិញ ដោយធ្វើការបោះបង្គោលព្រំទៅតាមការកំណត់នៃអនុក្រឹត្យ និងកាយទំនប់ ធ្វើជាព្រំនិងពេលនេះឈានដល់ដំណាក់កាលសាងសង់ផ្លូវបេតុង និងសួនច្បារព័ទ្ធជុំវិញ ដើម្បីការពារកុំឱ្យមានការទន្ទ្រានជាថ្មីទៀត៕