ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានធ្វើការ រំលឹកដល់ប្រតិបត្តិករទូរគមនាគមន៍និងបុគ្គលពាក់ព័ន្ធទាំងអស់ អំពីការតភ្ជាប់ និងបញ្ជូនទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា មកកាន់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា (DMC) ហើយបើមិនបានអនុវត្តទាន់ពេលេវេលានឹងប្រឈមការព្យូរឬលុបអាជ្ញាបណ្ណ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅថ្ងៃទី១៧ខែធ្នូនេះបានឱ្យដឹងថា ក្រសួងសង្កេតឃើញថា ប្រតិបត្តិករភាគច្រើន បានធ្វើការតភ្ជាប់ជាមួយមជ្ឈមណ្ឌល គ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យា (DMC) នៅពេលដែលប្រតិបត្តិករមួយចំនួនទៀត នៅមិនទាន់បានតភ្ជាប់ បើទោះបីជាក្រសួងបានក្រើនរំលឹកតាមរយៈលិខិតជូនដំណឹង និងកិច្ចប្រជុំជាច្រើនលើក។
សេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់បន្ថែមថាដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាព ក្នុងការកៀរគរចំណូលរដ្ឋពីវិស័យទូរគមនាគមន៍ ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ត្រូវធ្វើការតភ្ជាប់ និងបញ្ជូនទិន្នន័យមកមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា (DMC) សម្រាប់ជាមូលដ្ឋានផ្ទៀងផ្ទាត់ការបង់ចំណូលជូនរដ្ឋ ឱ្យបានចប់សព្វគ្រប់ត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ជាកំហិត។
ព្រមជាមួយគ្នានេះក្រសួងបានព្រមានថា ក្នុងករណីក្រុមហ៊ុនមិនបានអនុវត្តទាន់ពេលវេលាកំណត់ ក្រសួងនឹងចាត់វិធានការព្យួរ និង/ឬលុបអាជ្ញាបណ្ណ ព្រមទាំងវិធានការផ្សេងទៀត ស្របតាមច្បាប់ និងបទប្បញ្ញតិ្តជាធរមាន៕