Home ព័ត៌មានជាតិ សេដ្ឋកិច្ច អ្នកវិនិយោគ​ក...

អ្នកវិនិយោគ​ក្នុងស្រុក​បោះទុន​ប្រមាណ​៤០​លាន​ដុល្លារ​កសាង​បុរី​ថ្មី​មួយ​ស្រុក​​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ​

ដោយ​:​ច្រាយ ចំណាន​/ភ្នំពេញៈ ក្នុង​គោលដៅ​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​ស្រុក​ពញ្ញាក្រែក ឲ្យ​មាន​ភាព​រីកចម្រើន និង​ផ្តល់នូវ​ស្តង់ដា​រស់នៅ​ប្រកបដោយ​ភាព​ស៊ី​វិ​ល័យ អ្នកវិនិយោគ​ក្នុងស្រុក​មួយក្រុម​បាន​បោះទុន​ចន្លោះ​ពី​៣០ ទៅ​៤០​លាន​ដុល្លារ ដើម្បី​កសាង​បុរី​ថ្មី​មួយ​នៅ​ទីប្រជុំជន​ស្រុក​ខាងលើនេះ​។​

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​បុរី​ក្រែក​ស៊ី​ធី លោក​ឧកញ៉ា តេង រិ​ទ្ឋី បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​១៧ ធ្នូ​នេះ​ថា ការបោះ​ទុនវិនិយោគ​នៅ​ទីប្រជុំជន​ស្រុក​ពញ្ញាក្រែក​នេះ ដោយសារ​តំបន់​នេះ​មាន​សក្តានុពល​ជាច្រើន ដែល​ប្រជាពលរដ្ឋ​នៅ​មូល ដ្ឋា​ន​មាន​ជីវភាព​ធូរធារ និង​ទីតាំង​គំរោង​នេះ​មាន​ចម្ងាយ​ត្រឹម​១៦​គីឡូម៉ែត្រ ពី​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ដែលជា​តំបន់​សេដ្ឋកិច្ច និង​ដោះដូរ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ ពិសេស​បុរី​នេះ ព័​ទ្ឋ​ជុំវិញ​ដោយ​រោងចក្រ សហគ្រាស ស្ថាប័នគយ ពិសេស​ជា​តំបន់​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​។​

លោក​បន្តថា “​គោលដៅ​នៃ​ការអភិវឌ្ឍ​របស់​យើង ដោយសារ​នៅ​ទី​រួម​ខេត្ត​ថ្មី មាន​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ទិញ​ដី​ច្រើន​នៅ​តំបន់​នេះ ពិសេស​យើង​ចង់​ផ្តល់នូវ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នៅ​មូលដ្ឋាន​”​។​
​បុ​រ​រី​ក្រែក​ស៊ី​ធី មាន​ទំហំ​ផ្ទៃដី​១៦​ហិកតា កំពុងផ្តល់​នូវ​ទស្សន​ទាន​អភិវឌ្ឍន៍​ថ្មី​នៅ​មូលដ្ឋាន តាមរយៈ​ការ​ផ្តល់នូវ​ជម្រើស​លំនៅដ្ឋាន ដូចជា ផ្ទះ​អាជីវកម្ម​(Shop house) ផ្ទះ​វីឡា​ទោល វីឡា​ភ្លោះ ដែលមាន​តម្លៃ​ត្រឹម​៣៩.០០០​ដុល្លារ​អាមេរិក​ឡើងទៅ ពិសេស​គំរោង​នេះ​មាន​ផ្សារ​បែប​ពាក់កណ្តាល​ទំនើប ដែលមាន​ស្តង់​ចំនួន​៤០០​ស្តង់ ពិសេស​ផ្សារ​និង​បុរី​នេះ​មាន​សួនច្បារ ចំណតរថយន្ត​ធំ​ទូលាយ​សំរាប់​ទទួលភ្ញៀវ​ទេសច​រណ៍​ជាតិ អន្តរជាតិ ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ប្រទេស​វៀតណាម ចូលមក​កាន់​កម្ពុជា​។​

លោក​ឧកញ៉ា​តេង រិ​ទ្ឋី​បាន​បន្តថា “​អ្វីដែល​ក្រុមហ៊ុន​ផ្តល់ជូន​អតិថិជន គឺ​ជម្រើស​នៃ​ការបង់ប្រាក់​ដ៏​ទាក់ទាញ ជាមួយនឹង​គំរោង​ដែល​ផ្តោតលើ​ប្រណីតភាព គុណភាព និង​បរិយាកាស​រស់នៅ​ប្រកបដោយ​ផាសុខភាព​”​។ លោក​បន្តថា “​យើង​ក៏បាន​គិតដល់​ការធ្វើដំណើរ​ជុំវិញ​បុរី​នេះ​ផងដែរ ដែល​អ្នករស់នៅ​ក្នុង​បុរី​នេះ អាចធ្វើ​ដំណើរ​ចេញចូល​បុរី​នេះ​បាន​យ៉ាង​ងាយស្រួល ដោយសារ​យើង​បានរៀបចំ​ផ្លូវ​ត​ភ្ជាប់ និង​ព័​ទ្ឋ​ជុំវិញ​បុរី​នេះ​ទាំងអស់ ដើម្បី​លើក​កំពស់​ស្តង់ដា​នៃ​ការរស់នៅ និង​បែបផែន​ជីវិត​សម័យថ្មី​”​។​

លោក​បន្តថា បច្ចុប្បន្ននេះ យើង​បាន​ប្រើប្រាស់​គ្រឿងចក្រ​ជាង​៣០​គ្រឿង ដើម្បី​ចាក់​បំពេញ​ដី ដែល​រហូត​មកទល់ពេលនេះ ការចាក់ដី​បំពេញ​ក្នុង​គំរោង​ទាំងមូល​សម្រេចបាន​ប្រមាណ​២០​ភាគរយ​នៃ​គំរោង​ទាំងមូល​រួចហើយ​។ លោក​បន្តថា តាមពិត​យើង​ចង់​បើក​ការដ្ឋាន​សម្ភោ​ធ​សាងសង់​បុរី​នេះ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ប៉ុន្តែ​ដោយសារ​ជំងឺ​កូ​វីដ​១៩ យើង​បាន​ពន្យា​ពេល ហេតុនេះ​កាលបរិច្ឆេត​នៃ​ការ​សម្ភោ​ធ​បើក​ការដ្ឋាន​សាងសង់​បុរី​ក្រែក​ស៊ី​ធី​ថ្មី គ្រោង នឹង​ចាប់ផ្តើម​នៅ​ចុងខែ​ធ្នូ​ខាងមុខ​ឆាប់ៗ​នេះ​៕-R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular