ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ មេឃុំឆ្នុកទ្រូ លោក សាំង គឹមស៊ន បានអោយដឹង នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នេះថាៈ លោកបានកំពុងអំពាវនាវ សូមឱ្យបងប្អូនអាជីវករចាស់ៗ នៅក្នុងផ្សារឆ្នុកទ្រូ ទាំងអស់ ចូលលក់ក្នុងផ្សារឆ្នុកទ្រូ ដែលខាងម្ចាស់ផ្សារ បានធ្វើរួចរាល់ហើយ គឺផ្សារសមុទ្រទឹកសាប។
លោក សាំង គឹមស៊ន បានបញ្ជាក់ថាៈ ចំពោះបងប្អូន ដែលពុំមានលទ្ធភាពជួលតូប សម្រាប់លក់ដូរ សូមមេត្តាចូលមកចរចា ដោយផ្ទាល់ ជាមួយខាងម្ចាស់ផ្សារ ដើម្បីមានឱកាសបានតូបលក់ដូរ ក្នុងផ្សារដូចគេដូចឯង។ ដោយឡែក នៅក្នុងទិសដៅ គឺអាជីវករទាំងអស់ ត្រូវតែចូលលក់ ក្នុងទីតាំងផ្សារថ្មី ដែលបានធ្វើហើយ ដោយមិនអនុញ្ញាត ឱ្យលក់ដូរអនាធិបតេយ្យ នៅលើផ្លូវសាធារណៈ ឬលក់ក្រៅទីតាំង ផ្សារថ្មីនោះឡើយ ដែលធ្វើអោយប៉ះពាល់ សោភ័ណភាព និងការធ្វើចរាចរណ៍ លើផ្លូវសាធារណៈ។
លោកបានបញ្ជាក់ទៀតថាៈ ចំពោះបងប្អូន អ្នកលក់ដូរ ដែលមានតែ ១កញ្ច្រែង ឬ ១ល្អីនោះ គឺខាងម្ចាស់ផ្សារ បានរៀបចំកន្លែងឲ្យបងប្អូន លក់ដូររួចហើយ គឺមិនយកថ្លៃឈ្នួលប្រចាំថ្ងៃ ឬប្រចាំខែនោះទេ។ ចំណែកដីជុំវិញទីតាំងផ្សារថ្មី គឺទុកឲ្យក្រុមហ៊ុន ធ្វើការអភិវឌ្ឍ កសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាសួនច្បារ និងផ្លូវចេញចូលផ្សារ ជាដើម។ ដូច្នេះសូមបងប្អូនអាជីវករ កុំជឿតាមការញុះញង់ របស់ជនអគតិតមួយក្រុមនោះ ឲ្យសោះ ដែលអាចធ្វើឲ្យការលក់ដូរ របស់បងប្អូន ជួបលំបាក ក្នុងពេលខាងមុខនេះ។
លោកមេឃុំ បានបញ្ជាក់ឲ្យដឹងទៀតថាៈ កន្លងមក ក្នុងឆ្នាំនេះ អាជ្ញាធរឃុំ បានទទួលដីអនុប្រយោគពីរដ្ឋ ចំនួន ១៥ ហិកតា ដើម្បីធ្វើការអភិវឌ្ឍន៍នៅក្នុងឃុំ។ ក្នុងនោះ ដីចំនួន ៦ ហិកតា ត្រូវបានកសាង ធ្វើជាផ្សារសមុទ្រទឹកសាប នៅក្នុងឃុំឆ្នុកទ្រូ ។ ចំណែកដី ៩ ហិកតាទៀត គឺធ្វើជាទីតាំងកំពង់ផែ ក្នុងនោះផងដែរ កំពង់ផែ បានបែងចែកជា ៣ ប្រភេទគឺៈ កំពង់ផែទេសចរណ៍ កំពង់ផែលក់កសិផល និងកំពង់ផែលក់ត្រី។
ដោយឡែក ទាក់ទងនឹងការជួលតូប ក្នុងផ្សារសមុទ្រទឹកសាប ឃុំឆ្នុកទ្រូ ដើម្បីលក់ដូរ លោក លឹម សុង តំណាងឲ្យក្រុមហ៊ុនវិនិយោគទុន បានបញ្ជាក់ឲ្យដឹងថាៈផ្សារសមុទ្រទឹកសាប ឆ្នុកទ្រូ មានទីតាំងសំរាប់ជួលតូបលក់ដូរ ចំនួន ២២០ កន្លែង ហើយតម្លៃឈ្នួលតូប ត្រូវតម្កល់ទុកទឹកប្រាក់ ១.៥០០ ដុល្លារ ក្នុង១តូប សម្រាប់រយៈពេល ៣ ឆ្នាំ។ ដោយឡែក ថ្លៃជួលតូបប្រចាំខែ គឺក្នុងមួយខែ ៣៥ ដុល្លារ ។ គិតមកដល់ថ្ងៃនេះ គឺមានអាជីវករ ចុះឈ្មោះជួលតូប ៨០ ភាគរយហើយ។
តំណាងក្រុមហ៊ុន បានបញ្ជាក់ទៀតថាៈ ទឹកប្រាក់ដែលតម្កល់ទុក ចំនួន ១.៥០០ ដុល្លារ ក្នុង១តូបនោះ មិនមែនជាប្រាក់ថ្លៃទិញតូប ឬជាថ្លៃឈ្នួលតូបនោះទេ គឺជាប្រាក់តម្កល់ សម្រាប់ធានាឲ្យការលក់ដូរ រយៈពេល ៣ ឆ្នាំ។ ដោយក្នុងរយៈពេល ៣ ឆ្នាំនេះ បើអាជីវករណា មិនចង់លក់ដូរបន្ត ចង់ចាកចេញទៅវិញនោះ គឺខាងម្ចាស់ភាគីផ្សារ នឹងបើកប្រាក់ ចំនួន ១.៥០០ ដុល្លារនេះ សងគ្រប់ចំនួន ជូនវិញ។ ប៉ុន្តែប្រាក់តម្កល់នេះ ក៏ទុកកាត់កង នៅពេលអាជីវករណាមួយ ដែលមិនព្រមបង់ថ្លៃឈ្នួលតូប ជាប្រចាំខែ ជូនដល់ម្ចាស់ផ្សារផងដែរ។ ដោយឡែក ចំពោះបងប្អូនអាជីវករ ដែលពុំមានលទ្ធភាពបង់ប្រាក់ តំកល់ជួលតូបវិញនោះ សូមបងប្អូន ចូលមកចុះឈ្មោះចរចាផ្ទាល់ ជាមួយក្រុមហ៊ុន និងបើក្រុមហ៊ុនស្រាវជ្រាវ ទៅឃើញថា បងប្អូនពិតជាគ្មានលទ្ធភាពមែននោះ ក្រុមហ៊ុន នឹងជួយដោះស្រាយ ផ្តល់តូបជូនបងប្អូនលក់ដូរដោយសុទ្ធចិត្ត៕/V