ដោយៈ ប.ជ័យ / កំពង់ធំៈ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ចុះពិនិត្យសកម្មភាព ក្នុងចលនាប្រឡងប្រណាំង បង្កបង្កើនផល ចិញ្ចឹមសត្វ លើកស្ទួយជីវភាព របស់កងទ័ព ផ្នែកសឹករងក្រុងស្ទឹងសែន ហើយបានជំរុញការងារនេះ ក៏ដូចជាការងារ មួយចំនួនទៀត។
មន្ត្រីយោធាខេត្ត បានអោយដឹង កាលពីថ្ងៃទី១៧ ខែធ្នូថាៈ ការងារប្រឡងប្រណាំង បង្កបង្កើនផល ចិញ្ចឹមសត្វ លើកស្ទួយជីវភាពរបស់កងទ័ព ក្នុងស្ថានភាពប្រយុទ្ធប្រឆាំង ការពារជំងឺឆ្លងមេរោគកូវីដ -១៩ ដោយអង្គភាព បានបង្ហាញពីស្នាដៃ លេចធ្លោ គួរអោយកោតសរសើរ ដែលបានគោរព និងអនុវត្ត តាមបទបញ្ជារបស់ មេបញ្ជាការយោធភូមិភាគទី៤ ក៏ដូចជា ការណែនាំរបស់ មេបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងខេត្ត និងក្រសួងសុខាភិបាល។
លោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករង ក្រុងស្ទឹងសែន បានបញ្ជាក់ថាៈ អង្គភាព បានចិញ្ចឹមគោពូជ ចំនួន ១៧ ក្បាល ត្រៀមសម្រាប់ ចែកជូនដល់យោធិន ដែលត្រូវចូលនិវត្តន៍ ជាបន្តបន្ទាប់ តាមឆ្នាំនីមួយៗ ក្នុងមួយនាក់ មួយក្បាល ក្នុងពេលទៅរស់នៅ ក្នុងមូលដ្ឋាន និងមានម៉ាស៊ីន ភ្ញាស់កូនមាន់ កូនក្រួច មានមាន់បារាំង ទាកាប ទាកាប៉ា ក្ងាន ស្រះចិញ្ចឹមត្រី ចំនួនពីរកន្លែង សម្រាប់ចិញ្ចឹមត្រីឆ្ពិន ត្រីប្រា ត្រីទីឡាបយ៉ា និងត្រីក្រហម ជាង ១.៣០០ ក្បាល ហើយក៏មានសួនបន្លែ ជាច្រើនមុខ សម្រាប់ការទ្រទ្រង់ជីវភាព ហូបចុករបស់កងទ័ព ប្រចាំថ្ងៃ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករង កំពង់ធំ បានថ្លែងផ្តាំផ្ញើ ឲ្យមានការគ្រប់គ្រងកម្លាំង នៅនឹងកន្លែង ក្នុងវិធានការ ការពារការឆ្លងរីករាលដាល មេរោគកូវីដ-១៩ បន្ថែមទៀត រួមទាំងរៀបចំកែលម្អសោភ័ណភាព ក្នុងទីតាំងបន្ទាយ មានកន្លែងធ្វើការងារ កន្លែងសម្រាប់បងប្អូនសម្រាក ស្នាក់នៅ ឲ្យមានអនាម័យ និងសុវត្ថិភាព យកចិត្តទុកដាក់ គ្រប់គ្រងអាវុធ គ្រាប់ ឲ្យបានល្អប្រសើរ ។
លទ្ធផល នៃការត្រួតពិនិត្យ ត្រូវគណៈកម្មាធិការប្រឡងប្រណាំង នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចាត់ទុកជាអង្គភាពមួយ ជាប់ចំណាត់ថ្នាក់ ក្នុង ចលនាប្រឡងប្រណាំង ទាំង៥ ខ្លឹមសារ ដែលថ្នាក់លើ បានកំណត់៕/V