Home កម្សាន្ត ​ក្រុម​អ្នកទេ...

​ក្រុម​អ្នកទេសចរ ផ្សងព្រេង​ថា ភ្នំ​ខ្ពស់​ជាងគេ លំដាប់​ទី​៣ នៃ​ប្រទេស​កម្ពុជា ពិបាក​ឡើង​ណាស់​

ដោយៈ ភ្នំ​ស្វាយ / ពោធិ៍សាត់ៈ ក្រុម​អ្នកទេសចរ​ផ្សងព្រេង បាន​និយាយថា ភ្នំ​ខ្ពស់​ជាងគេ​លំដាប់​ទី​៣ នៃ​ប្រទេស​កម្ពុជា ពិបាក​ឡើង​ណាស់ ប៉ុន្តែ​នៅតែ​គេ ទៅដល់ និង​ផ្តល់​តម្លៃ​ដល់​កូន​ខ្មែរ ជំនាន់​នេះ ដែល​បាន​ស្គាល់ និង​ចូលរួម​លើកកម្ពស់ ការអភិរក្ស​ធនធាន​ធម្មជាតិ ក៏ដូចជា ជំរុញ​ផ្នែក​ទេសចរណ៍​ផ្សងព្រេង​( Adventure Tour ) ។​

​ក្រុម​ខ្មែរ​ចាំង​ហ្ក​ល (KHMER. The jungle) ដែល​រៀបចំ​ក្បួន​ទេសចរណ៍​ផ្សងព្រេង ទៅកាន់​ភ្នំ​ទំព័រ បាន​និយាយ ក្នុង​សេចក្តីប្រកាស​មួយ​របស់ខ្លួន កាលពីពេល​ថ្មីៗ​នេះ​ថាៈ ទំព័រ ជា​ភ្នំ​ដែល​ខ្ពស់​ជាងគេ លំដាប់​ទី​៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​ភ្នំ​ឱ​រ៉ា​ល់ និង​ភ្នំ​សំ​កុស​។ ភ្នំ​ទំព័រ មាន​កម្ពស់ ១.៥៥១ ម៉ែត្រ ធៀប​នឹង​កម្រិត​នីវ៉ូទឹក​សមុទ្រ​។

​ភ្នំ​នេះ ស្ថិតនៅ​ជួរ​ភ្នំ​ក្រវ៉ា​ញ​កណ្តាល ហើយ​ស្ថិតក្រោម​ការគ្រប់គ្រង របស់​ដែនជម្រកសត្វព្រៃ ភ្នំ​សំ​កុស នៅក្នុង​ភូមិសាស្ត្រ​ភូមិ​ទំព័រ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដែលមាន​ចម្ងាយ​ប្រហែលជា ៣២៣ គ​.​ម ពី​រាជធានី​ភ្នំពេញ និង​ជាង ១៥០ គ​.​ម ពី​ទីប្រជុំជន​ខេត្តពោធិ៍សាត់​។​

​ក្រុម​ខ្មែរ​ចាំង​ហ្ក​ល បាន​អះអាងថាៈ ការឡើង​ភ្នំ​នេះ គឺមាន​ការពិបាក​ខ្លាំង ជាង​ភ្នំ​សំ​កុស និង​ភ្នំ​ឱ​រ៉ា​ល់​។ ពីព្រោះ​ភ្នំ​នេះ មាន​ចំណោត​ខ្ពស់ៗ ជាច្រើន សម្បូរ​សត្វល្អិត ថ្ម និង​ដី​រអិល ដែល​ទាមទារ​ឲ្យ​អ្នក​ឡើង មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​។ នៅ​ដំណាក់​ទី​១ ហើយ​បើ​នៅ​ខែប្រាំង នឹងខ្វះ​ទឹក​ផង​។ គេ​គួរតែ​ទាក់ទង​នឹង សមាជិក​សហគមន៍ ភូមិ​ទំព័រ​ជាមុន ដើម្បី​ឲ្យ​ពួកគាត់ ជួយ​រៀបចំ​ជូន​ឡើង ពោលគឺ​យ៉ាងតិច ត្រូវ​ចំណាយពេល ៣ ថ្ងៃ សម្រាប់​ដំណើរ​ឡើង​ភ្នំ​នេះ គឺ​ថ្ងៃទី​១ លោកអ្នក​អាចធ្វើ​ដំណើរ ចេញពី​ភ្នំពេញ នៅ​ម៉ោង ៤ ព្រឹក ហើយនឹង​ទៅដល់​ទីស្នាក់ការ សហគមន៍​ភូមិ​ទំព័រ នៅ​ម៉ោង​ប្រហែលជា ១១​និង​៣០​នាទី ដោយ​ញ៉ាំ អាហារ​ថ្ងៃត្រង់ ដែល​រៀបចំ​ដោយ​សហគមន៍​។ រួច​រៀបចំឡើង ទៅ​ដំណាក់​ទី​១ ដែលមាន​ចម្ងាយ​ប្រមាណ ៤.៥ គ​.​ម ពី​សហគមន៍ ដោយ​ត្រូវ​ប្រើ រយៈពេល​ថ្មើរជើង ពី ២ ទៅ ២ ម៉ោង​កន្លះ ។ ដំណាក់​ទី​១ នេះ មាន​រយៈកម្ពស់ ៦២៦ ម៉ែត្រ ។ នៅ​ទីនោះ មាន​ទេសភាព​ស្អាត គួរ​ជាទី​គយគន់ តែ​វា​អាច​ខ្វះ​ទឹក ។​

​ក្រុម​នេះ បាន​បន្តថាៈ ថ្ងៃទី​២ លោកអ្នក​អាចធ្វើ​ដំណើរ ពី​ដំណាក់​ទី​១ ទៅ​ដំណាក់​ទី​២ និង​បន្តទៅ​កំពូល ហើយ​ត្រឡប់មក​សម្រាក នៅ​ដំណាក់​ទី​១ វិញ ក៏បាន ឬ​សម្រាក​នៅ​ដំណាក់​ទី​២ ក៏បាន (​នៅ​ជិត​កំពូល ក៏​ជិត​ប្រភពទឹក​)​។ ដំណាក់​ទី​២ វា​មាន​កម្ពស់ ១.១៨៦ ម៉ែត្រ និង​មាន​ចម្ងាយ ៣,៧ គ​.​ម ពី​ដំណាក់​ទី​១ ដោយ​ត្រូវ​ដើរ​ពី ២ ទៅ ២ ម៉ោង​កន្លះ ហើយពី​ដំណាក់​ទី​២ ទៅ​កំពូល​មាន​ចម្ងាយ ៤,៦ គ​.​ម និង​ត្រូវ​ប្រើពេល​ដើរ ៣ ម៉ោង ហើយ​ស្ថានភាព​ផ្លូវ មាន​សភាព​សើម និង​រអិល តែ​វា​ក៏មាន​អាកាសធាតុ​ត្រជាក់ ងាយស្រួល​ដើរ​ជាង​មុន ប៉ុន្តែ​ការចុះ​ពី​កំពូល មក​ដំណាក់​ទី​២ គេ​ត្រូវ​ប្រើពេល​ពី ១​ម៉ោង​កន្លះ ទៅ ២ ម៉ោង ហើយពី​ដំណាក់​ទី​២ មក​ដំណាក់​ទី​១ ត្រូវ​ប្រើពេល​ពី ១ ម៉ោង​កន្លះ ទៅ ២ ម៉ោង​កន្លះ​។​

​ក្រុម​នេះ បាន​បន្តទៀតថាៈ ថ្ងៃទី​៣ អ្នក​អាច​ចុះមក​ភូមិ​វិញ ពេលព្រឹក ហើយ​មក​ងូត​ទឹកអូរ នៅតាម​ផ្លូវ​លេង ហើយ​បន្តទៅ​ភូមិ និង​ញ៉ាំ​អាហារ​ថ្ងៃត្រង់ មុននឹង​ត្រឡប់មក​ភ្នំពេញ ឬ​ខេត្ត​ផ្សេង​។

​ថ្វី​ត្បិត​ភ្នំ​ទំព័រ ពិបាក​ឡើង តែ​ភ្នំ​នេះ មិន​ធ្វើ​ឲ្យ​ការប្រឹងប្រែង របស់​យើង ឥតន័យ​នោះទេ ព្រោះ​ភ្នំ​នេះ មាន​ទេសភាព​ស្រស់ស្អាត ជាច្រើន​កន្លែង ដែល​លម្អ​ដោយ​ដើមឈើ​តូចធំ និង​ជីវៈចម្រុះ​ជាច្រើន​ទៀត ដែល​ដុះ​នៅលើ​ភ្នំ និង​តាម​ជ្រលង​ភ្នំ​ផ្សេងៗ​ដែល​យើង​អាច​គយគន់​បាន​យ៉ាង​ត្រជាក់​ភ្នែក​។

​ទំព័រ ពិតជា​ភ្នំ សម្រាប់​ដំណើរ​ផ្សងព្រេង កម្រិត​ខ្ពស់​ដ៏​អស្ចារ្យ​មែន ព្រោះ​យើង​ត្រូវ​ដើរកាត់​ព្រៃ កាត់​អូរ ឡើង​ចំណោត ទាប​ខ្ពស់​ជាច្រើន ការ​ស្នាក់នៅ​ជំរុំ​ដ៏​ត្រជាក់ និង​ស្ងប់ស្ងាត់ ហូប​អាហារ​បែប​អ្នកដើរ​ព្រៃ ពិសេស​អ្នក​អាច​គយគន់ ទេសភាព​ដ៏​ស្រស់ត្រកាល នៃ​ព្រ​ឈើ កំពូលភ្នំ​តូចធំ រុក្ខជាតិ​ប្លែកៗ នៅក្នុង​ព្រៃ ក៏ដូចជា សម្រស់​ដ៏​ស្រស់ នៃ​ព្រៃឈើ​បៃតងខ្ចី ពិសេស​អ្នក​អាច​ស្រូប យក​ខ្យល់អាកាស ដ៏​បរិសុទ្ធ ពី​ព្រៃ​ដ៏​ក្រាស់ និង​ត្រជាក់​មួយ​នេះ​ផងដែរ​។ អ្នក​គួរតែ​សាកល្បង​វា តែ​អ្នក​ក៏​គួរតែ​ត្រៀមខ្លួន ឲ្យ​បានល្អ​ផងដែរ ពិសេស​កុំ​ភ្លេច​ជួយ​រក្សា​បរិស្ថាន ទាំងអស់គ្នា បើ​បាន​ទៅ​។​

​មកទល់ពេលនេះ មនុស្ស​ពី​ខាងក្រៅ សហគមន៍​ចំនួន​ច្រើនឡើង បាន​ទៅដល់​ភ្នំ​ទំព័រ ពិសេស​កំពូលភ្នំ ហើយ​មានឱកាស​ដ៏​កម្រ ឬ​មានសំណាង​បាន​ទស្សនា ព្រៃ​ព្រហ្មចារី​យ៍ សេសសល់ ក្នុងប្រទេស​យើង ហើយ​ក៏បាន​បំបែក ទី​ឆ្ងាយ ដែលជា​អាថ៌កំបាំង អោយមក​នៅក្នុង​ភ្នែក និង​ជុំវិញខ្លួន​យើង ។
​វា​ក៏​បង្កើតបាន​មោទនភាព ក្នុងការ​លើកកម្ពស់ ដំណើរ​ទេសចរណ៍ ផ្សងព្រេង ដែល​បាន​នឹង​កំពុង​ទាក់ទាញ នៅ​ប្រទេស​យើង ក៏​ដូច​បាន​គាំទ្រ​សកម្មភាព អភិរក្ស​ព្រៃ និង​សត្វព្រៃ ដែលជា​ធនធានធម្មជាតិ នៅ​តំបន់​ជួរ​ភ្នំក្រវាញ ជា​តំបន់ភ្នំ​ធំ និង​ច្រើនជាងគេ​នៅ​កម្ពុជា ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular