ប្រែសម្រួលៈវាសនា/តូក្យូ៖ជប៉ុនកាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវអោយទាហានមកពីកងកម្លាំងស្វ័យការពារចូលជួយការងារជួយសង្គ្រោះ នៅពេលខ្យល់ត្រជាក់គួបផ្សំនឹងការធ្លាក់ព្រិលខ្លាំងកើតមាននៅទូទាំងតំបន់ធំល្វឹងល្វើយនៃប្រទេស។
រថយន្តជាង១.០០០គ្រឿងជាប់នៅលើផ្លូវល្បឿនលឿន២ និងផ្ទះជាង១០.០០០ដាច់ចរន្តអគ្គិសនីកាលពីថ្ងៃព្រហស្បតិ៍ហើយផ្ទះខ្លះយកព្រិលដាំរំលាយដើម្បីផឹកដោយសារជំនួយពុំទាន់ចូលដល់។
ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ ដោយសារជិះស្គីដួលកប់ក្នុងគំនរព្រិលធ្លាក់ថ្មីៗនៅតំបន់នីអ៊ិហ្កាតា។
ទីប្រជុំជនជាច្រើនក៏ត្រូវបានកាត់ផ្តាច់ ដោយផ្លូវថ្នល់ត្រូវបាំងដោយព្រិលនិងដើមឈើរលំ។មានសេចក្តីរាយការណ៍អំពីការបាក់ដំបូលផ្ទះជាច្រើនដោយសារទម្ងន់ព្រិលទឹកកកនៅតំបន់ អ៊ីស៊ីកាវ៉ា។
នាយករដ្ឋមន្ត្រីជប៉ុន បានកោះបើកកិច្ចប្រជុំរបស់ក្រុមការងារជួយសង្គ្រោះកាលពីថ្ងៃព្រហស្បតិ៍ ដោយអំពាវនាវអោយមានការប្រុងប្រយ័ត្នបំផុតអំពីការស្ទះចរាចរណ៍និងការខូចខាតបង្កឡើងដោយការធ្លាក់ព្រិលទឹកកកខ្លាំង។
នាយករដ្ឋមន្ត្រីជប៉ុនបានយល់ព្រមលើសំណើសុំអោយមានការជួយគាំទ្រពីយោធា ដោយទាហានត្រូវបានហៅចូលមកជួយការងារចែកគ្រឿងផ្គត់ផ្គង់ បោសសម្អាតព្រិល ចុះពិនិត្យនិងធានាសុវត្ថិភាពរបស់អ្នកស្រុក ហើយនឹងជួយសង្គ្រោះអ្នកបើកបរដែលជាប់នៅតាមផ្លូវ។
ក្នុងពេលជាមួយគ្នា ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានថា ការធ្លាក់ព្រិលទំនងជាបន្តនៅតំបន់ជាច្រើន តាមឆ្នេរសមុទ្រជប៉ុនរហូតដល់ថ្ងៃសុក្រ៕
ព្រិលធ្លាក់នៅក្រុងក្យូតូ ដែលជាបាតុភូតកម្រមួយ នៅពេលសីតុណ្ហភាពនៅក្រុងតូក្យូ ធ្លាក់ចុះដល់សូន្យអង្សាសេកាលពីថ្ងៃព្រហស្បតិ៍