ប្រែសម្រួល : កញ្ញាដាលីស ៖ អភិបាលរដ្ឋកាតស៊ីណាបាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ទី១៧ធ្នូ កងកម្លាំងសន្តិសុខនីហ្សេរីយ៉ាបានជួយសង្គ្រោះក្មេងប្រុសសិស្សសាលាជិត ៣៥០នាក់ដែលត្រូវបានចាប់ពង្រត់នៅភាគពាយព្យប្រទេសហើយនាំចូលទៅក្នុងព្រៃស្តុក ជាហេតុនាំឱ្យគ្រួសារជាច្រើនអស់ក្តីបារម្ភទៀតហើយឥឡូវនេះ។
គេមិនទាន់ដឹងច្បាស់ថាតើក្មេងប្រុសដែលបាត់ខ្លួនទាំងអស់ត្រូវបានរកឃើញវិញទាំងអស់ឬយ៉ាងណានោះទេ។
អភិបាលរដ្ឋកាតស៊ីណា លោក អាមីនូ បេឡូ ម៉ាសារី បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ NTA ថា “ខ្ញុំគិតថាយើងបានរកឃើញក្មេងប្រុសភាគច្រើនមកវិញហើយ”។
ប៉ុន្មានម៉ោងមុននេះ វីដេអូមួយបានចាប់ផ្តើមផ្សព្វផ្សាយតាមអ៊ីនធឺណេតដោយបង្ហាញពួកសកម្មប្រយុទ្ធអ៊ីស្លាមមកពីក្រុមបូកូហារ៉ាមនៅជាមួយក្មេងប្រុសមួយចំនួន។ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រមិនអាចបញ្ជាក់ភ្លាមៗអំពីភាពត្រឹមត្រូវនៃវីដេអូ ក្មេងប្រុសទាំងនោះ ឬ អ្នកដែលបានចេញផ្សាយវីដេអូនោះទេ។
ការចាប់ពង្រត់នេះបានអង្រួនប្រទេសនេះដែលញាំញីរួចទៅហើយដោយកំហឹងរបស់ប្រជាជនអំពីអសន្តិសុខនិងបានរំលឹកដល់ការចាប់ពង្រត់ក្មេងស្រីជាង២៧០នាក់ដោយពួកបូកូហារ៉ាមកាលពីឆ្នាំ ២០១៤ នៅភាគឦសានទីក្រុងជីបក់។
កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន ខ្មាន់កាំភ្លើងបានវាយឆ្មក់ចូលសាលាអនុវិទ្យាល័យវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលនៅរដ្ឋកាតស៊ីណាដោយជិះម៉ូតូ ហើយនាំក្មេងប្រុសទាំងនោះចូលទៅក្នុងព្រៃរូហ្គូដែលជាឧបទ្ទវហេតុចាប់ពង្រត់ធំបំផុតនៅក្នុងតំបន់គ្មានច្បាប់នេះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
លោកម៉ាសារីបាននិយាយថា ក្មេងប្រុសសរុបចំនួន ៣៤៤ នាក់ដែលឃុំខ្លួននៅក្នុងព្រៃ ត្រូវបានរំដោះនៅរដ្ឋជិតខាង ហ្សាមហ្វារ៉ា។លោកមិនបានបញ្ជាក់ថាមានមនុស្សប៉ុន្មាននាក់បានបាត់ខ្លួនឬថាតើពួកគេត្រូវបានរំដោះយ៉ាងដូចម្តេចនោះទេ។
លោកបាននិយាយថា “យើងអរគុណព្រះជាម្ចាស់ដែលពួកគេបានទទួលយកដំបូន្មានរបស់យើងហើយមិនមានការបាញ់ប្រហារសូម្បីមួយគ្រាប់”។
លោកម៉ាសារីនិយាយថាក្មេងប្រុសទាំងនោះកំពុងធ្វើដំណើរត្រឡប់ទៅរដ្ឋកាតស៊ីណាវិញហើយនឹងត្រូវពិនិត្យសុខភាពនិងជួបជុំជាមួយក្រុមគ្រួសារវិញនៅថ្ងៃសុក្រនេះ៕
សាលារៀនដែល ក្មេងសិស្សសាលា ៣៤៤ នាក់ត្រូវបានចាប់ពង្រត់