Home ព័ត៌មានជាតិ សេដ្ឋកិច្ច ផ្សារ​បន្លែ​ផ...

ផ្សារ​បន្លែ​ផ្លែឈើ នៅ​បឹង​តា​មោក លេចចេញ​រូបរាង​ហើយ

ដោយៈ ប​.​ខុន / ភ្នំពេញៈ គម្រោង​ផ្សារ​បន្លែ ផ្លែឈើ បោះ​ដុំ​ដែល​រដ្ឋបាល រាជធានី​ភ្នំពេញ កំពុង​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ នៅជាប់​តាម បណ្តោយ​មហាវិថី ឈ្នះ ឈ្នះ លើ​ផ្ទៃដី​ចំនួន ២០ ហិកតា នៅ​មាត់បឹង​តា​មោក (​កប់​ស្រូវ​) នឹង​បើក​ឱ្យ​ដំណើរ នៅក្នុង​ឆ្នាំ​២០២២​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ ថាៈ តាម​គម្រោង​ផ្សា​របោះ (​លក់​) ដុំ​បន្លែ​ផ្លែឈើ​ថ្មី ដែល​កំពុង​សាងសង់ នៅជាប់​តាម​បណ្តោយ មហាវិថី​ឈ្នះ​ឈ្នះ នឹងត្រូវ​បើក​ដំណើរការ លក់ដូរ នៅក្នុង​ឆ្នាំ​២០២២ តែដោយសារ​វិបត្តិ​កូ​វីដ អាចធ្វើឱ្យ​យឺត​ជាង​ការ គ្រោងទុក​បន្តិច​។​

​ទោះជា​យ៉ាងណា លោក​អភិបាល បានបញ្ជាក់​ថាៈ អគារ​តាំង​បង្ហាញ​ផលិតផល​នានា កំពុងដំណើរការ​សាងសង់ រួមជាមួយ​នឹង​ចំណតរថយន្ត ដឹក​បន្លែ​ផ្លែឈើ​មកពី​តាម​បណ្តា ខេត្ត​នានា​។ នៅពេល​ផ្សារ​នេះ ដំណើរការ រថយន្ត​ដឹក​បន្លែ​ផ្លែឈើ មកពី​តាម​ខេត្ត ត្រូវ​ចូល​ចត និង​បែងចែក​បន្លែ​ផ្លែឈើ ពី​ផ្សារ​នេះ ទៅ​កន្លែង​ផ្សេងទៀត ដោយ​មិនចាំបាច់ ចូលដល់​លើផ្លូវ នៅ​ផ្សារ​នាគ​មាស និង​ផ្សារ​ដើម​គរ ទៀតឡើយ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បង្កើត​ផ្សារ​បន្លែ​ផ្លែឈើ បោះ​ដុំ​នេះ​ឡើង ក្នុង​បំណង​កាត់បន្ថយ រថយន្ត​ធំ ចូលដល់​កណ្តាល​ក្រុង និង​បញ្ចប់​ការលក់ដូរ បន្លែ​ផ្លែឈើ បោះ​ដុំ នៅលើ​ផ្លូវ​នានា ដែល​នាំទៅដល់​ការកកស្ទះ​ចរាចរ និង​គ្រោះថ្នាក់​ចរាចរ​។ ផ្សារ​ដើម​គរ និង​ផ្សារ​នាគ​មាស សព្វថ្ងៃ ជា​កន្លែង​ដឹក​ចូល និង​ដឹក​ចេញ​បន្លែ​ផ្លែឈើ មក និង​ទៅ​គ្រប់ទិសទី​។​

​គម្រោង​ខាងលើនេះ បាន​ដំណើរការ សាងសង់ បន្ទាប់ពី​រាជរដ្ឋាភិបាល សម្រេច​ផ្តល់​ដី ចំនួន ២០ ហិកតា នៅ​បឹង​តា​មោក (​កប់​ស្រូវ​) ដើម្បី​សាងសង់​ជា​ផ្សារ ផ្គត់ផ្គង់​បន្លែ​ផ្លែឈើ និង​ជា​ចំណតរថយន្ត ដែល​នឹងត្រូវ​រើចេញ ពី​ផ្សារ​ដើម​គរ (​ផ្លូវ​នានា នៅ​ជុំវិញ​ផ្សារ នាគ​មាស​)៕/V-PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular