ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានឲ្យដឹង នៅព្រឹកថ្ងៃទី១៨ ខែធ្នូនេះថាៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធាន ជាមួយលោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ សង្គមនិយម វៀតណាម ដឹកនាំកិច្ចប្រជុំ គណៈកម្មការចម្រុះ កម្ពុជា-វៀតណាម លើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។
ក្រសួងការបរទេស បានបន្តថាៈ កិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម លើកទី១៨ នឹងពិនិត្យឡើងវិញ នូវវឌ្ឍនភាព ដែលសម្រេចបាន ស្របតាមកំណត់ហេតុ នៃកិច្ចប្រជុំ គណៈកម្មការចម្រុះ កម្ពុជា-វៀតណាម លើកទី១៧ កាលពីឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ព្រមទាំងរិះរកវិធី និងមធ្យោបាយនានា ដើម្បីពង្រឹងប្រសិទ្ធភាព និងពង្រីកបន្ថែមទៀត នូវវិសាលភាព នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគី រវាងប្រទេសទាំងពីរ នៅលើគ្រប់វិស័យ។
អំឡុងពេល នៃជំងឺរាតត្បាតសកល កូវីដ-១៩នេះ ការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម លើកទី១៨ តាមប្រព័ន្ធវីដេអូ បញ្ជាក់ច្បាស់ អំពីការប្តេជ្ញាចិត្តយ៉ាង មោះមុត របស់ភាគីទាំងពីរ ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីថែរក្សាមិត្តភាព ជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងស្ថិរភាព យូរអង្វែង រួមទាំងជំរុញភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ ទៅវិញទៅមក សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ៕/V-PC