Home ព័ត៌មានជាតិ នយោបាយ ដំណឹង​ល្អ ! ក...

ដំណឹង​ល្អ ! ការផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខទំនិញ​ទាំងអស់​របស់​អង់គ្លេស និង​អៀឡង់​ខាងជើង​ដល់​កម្ពុជា​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោកស្រី Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ចក្រភព​អង់គ្លេស និង​អៀឡង់​ខាងជើង​បាន​បញ្ជាក់ថា​ចាប់ពី​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០២១​តទៅ​ចក្រភព​អង់គ្លេស​នឹង​អនុវត្ត​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​ឯករាជ្យ​។​រដ្ឋមន្ត្រី​ទាំងអស់​របស់​អង់គ្លេស​បានសម្រេច​ថា​នឹងមិន​បន្ត​អនុវត្ត​ការព្យួរ​មួយផ្នែក​នៃ​ប្រព​ន្ធ័​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ក្នុង​ក្របខ័ណ្ឌ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​សព្វាវុធ មកលើ​កម្ពុជា​ទៀត​ទេ ដោយហេតុថា ចក្រភព​អង់គ្លេស​បាន​មើលឃើញ​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ មកលើ​ក្រុមមនុស្ស​ងាយ​រងគ្រោះ​ជាច្រើន​នៃ​សង្គម​កម្ពុជា ដែល​ក្នុងនោះ​រួមមាន​ទាំង​កម្មករ​រោងចក្រ​ផងដែរ​។

​ការបញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​១៦ ខែធ្នូ ។ លោកស្រី​ឯកអគ្គរាជទូត​បាន​មានប្រសាសន៍ថា ចក្រភព​អង់គ្លេស​កំពុង​រិះរក​វិធី ដើម្បី​បង្កើត​កិច្ចសន្ទនា​ទៀងទាត់​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​លើ​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​និង​វិស័យ​សិទ្ធិមនុស្ស និង​សេរីភាព​ផ្សេងៗ​ទៀត​។​

​ជាការ​ឆ្លើយតប​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់​សុខុន​រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​សម្តែង​ការកោតសរសើរ​យ៉ាង ខ្លាំង​ចំពោះ​ការសម្រេចចិត្ត​របស់​ច​ក្រ​ភព​អង់គ្លេស​នេះ​ដោយបាន​ចាត់ទុក​ការសំរេចចិត្ត​នេះ​ថា​ជាការ​ជំរុញ​និង​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ហើយ​ថា​ការសំរេចចិត្ត​នេះ​គឺ​ពិតជា​ដំណឹង​ល្អ​សំរាប់​កម្មករ​កម្ពុជា​នៅពេលដែល​ពួកគេ​កំពុង​ទទួលរង​ផលប៉ះពាល់​ពី​មហន្តរាយ​នៃ​ជំងឺ​កូ​វីដ​-១៩​។
​លោក​រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​សង្កត់ធ្ងន់ថា​កម្ពុជា​បេ្ត​ជ្ញា​យ៉ាង​មុតមាំ​ក្នុង​ការកសាង​ទំនាក់ទំនង​ដែល​ផ្តល់​ផល​ប្រ​យោ​ជ​ន៌​ទៅវិញទៅមក​ជាមួយ​ចក្រភព​អង់គ្លេស​ទាំង​លើ​វិស័យ​ទ្វេភាគី និង​ពហុភាគី​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular