Home ព័ត៌មានជាតិ នយោបាយ សាលាឧទ្ធរណ៍​ម...

សាលាឧទ្ធរណ៍​មិន​អនុញ្ញាត​ឲ្យ​សមាជិក​ក្រុម​ខ្មែរ​ថាវរៈ​និង​សមាជិកសមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​នៅក្រៅ​ឃុំ​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សមាជិក​ក្រុម​ខ្មែរ​ថាវរៈ ចំនួន​បីនាក់ និង​សមាជិក​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ​ពីរ​នាក់​ដែល​រង់​ការ​ចោទ ប្រកាន់​ពីបទ​ញុះញង់​ឱ្យមាន​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម​មិន​ត្រូវបាន​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​តាម​ការស្នើ​នៅ​នោះទេ​។ គឺ​តម្កល់​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជាបានការ​ដដែល​។ ការប្រកាស​សាលដីកា​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ នេះ​។​

រូបថត​ពីឆ្វេង​ទៅ​ស្តាំៈ​កញ្ញា សូ មេត្តា (​កញ្ញា អេង ម៉ាឡៃ )​លោក មាន ព្រហ្ម​មុនី អនុ​ប្រ​ធា​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ លោក ថា ឡា​វី​​លោក​កើត សា​រ៉ា​យ (​អតីត​សង្ឃ​)​លោក មួង សុភ័ក្ត្រ​(​រូបថត​ឯកសារ​)

​លោក​សំ ចំរើន មេធាវី​ការពារ​ជនជាប់ចោទ​ទាំង​៥​នាក់​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែធ្នូ​នេះ​ថា​សាលាឧទ្ធរណ៍​បានប្រកាស​សាលដីកា​សម្រេច​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​៥​នាក់​នៅក្រៅ​ឃុំ​តាម​ការស្នើសុំ​នោះទេ​ដោយ​រក្សា​តម្កល់​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជាបានការ​ដដែល​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​ជំនុំជម្រះ​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់​សមាជិក​ក្រុម​ខ្មែរ​ថាវរៈ ចំនួន​បីនាក់ និង​សមាជិក​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ ចំនួន​ពីរ​នាក់ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​។ នៅក្នុង​សវនាការ គឺ​មិនមាន​វត្តមាន​អ្នក​ទាំង​ប្រាំ​នោះទេ ប៉ុន្តែ​មាន​មេធាវី​ចូល​ការពារ​។​
​សូម​រម្លឹកថា លោក ថា ឡា វី និង​កញ្ញា សូ មេត្តា (​កញ្ញា អេង ម៉ាឡៃ ) សមាជិក​ក្រុម​ខ្មែរ​ថាវរៈ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​ការចូលរួម​ការតវ៉ា​ទាមទារ​ឱ្យ​ដោះលែង លោក រ៉ុង ឈុន​។ នៅ​ថ្ងៃទី​៦ ខែកញ្ញា លោក មាន ព្រហ្ម​មុនី អនុ​ប្រ​ធា​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ និង​ព្រះ​តេជគុណ កើត សា រ៉ា​យ ដែលជា​សមាជិក​ខ្មែរ​ថាវរៈ ដែរនោះ ត្រូវបាន​ចាប់ខ្លួន ដោយសារ​ការរៀប​ចំកា​រ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​។ នៅ​ថ្ងៃទី​១០ ខែកញ្ញា លោក​មួង​សុភ័ក្ត្រ​សមាជិកសមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​លោក​ចូលរួម​ក្នុងការ​តវ៉ា​មួយ​បង្ក​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ ។​

​គួរ​បញ្ជាក់ថា មនុស្ស​ទាំង​៥​នាក់​ពាក់ព័ន្ធ​ការដឹកនាំ​ធ្វើបាតុកម្ម​ខុសច្បាប់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់​នៅ​រាជធានី​ភ្នំពេញ កាលពីដើម​ខែកញ្ញា​និង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ពាក់ព័ន្ធ​ការ​ញុះញង់​បង្ក​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​ពួកគេកំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​មណ្ឌល​អប់រំ កែប្រែ ម​១ និង ម​២ ក្នុង​រាជធានី​ភ្នំពេញ ៕​សរន​


​​កញ្ញា សូ មេត្តា (​កញ្ញា អេង ម៉ាឡៃ )​

លោក មាន ព្រហ្ម​មុនី អនុ​ប្រ​ធា​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ

លោក ថា ឡា​វី​

​លោក​កើត សា​រ៉ា​យ (​អតីត​សង្ឃ​)

លោក មួង សុភ័ក្ត្រ​(​រូបថត​ឯកសារ​)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular