ប្រែសម្រួល : កញ្ញាដាលីស ៖ រដ្ឋាភិបាលក្រិកនឹងចំណាយថវិកាចំនួន ២,៣២ ពាន់លានអឺរ៉ូ (២,៧១ ពាន់លានដុល្លារអាម៉េរិក) សម្រាប់យន្តហោះចម្បាំងបារាំង Rafale និងការធ្វើទំនើបកម្មមីស៊ីលជាច្រើនប្រភេទនៅក្រោមការរុះរើផ្នែកយោធាដ៏សំខាន់ ចំពេលមានភាពតានតឹងជាមួយប្រទេសជិតខាង តួកគី។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ស្តេលៀស ប៉េតសាស់ និយាយថា ការប្រគល់យន្តហោះចំនួន ១៨ គ្រឿងនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២១ ហើយនឹងបញ្ចប់ក្នុងរយៈពេលពីរឆ្នាំ។
ក្រិកបានកំណត់ថវិកាចំនួន ១១,៥ ពាន់លានអឺរ៉ូ ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនក្នុងរយៈពេល ៥ ឆ្នាំចំពេលដែលទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនជាមួយសម្ព័ន្ធមិត្តណាតូ តួកគី ជុំវិញសិទ្ធិកាន់កាប់ថាមពលនៅសមុទ្រមេឌីទែរ៉ាណេភាគខាងកើត។
យន្ដហោះ Rafale នឹងរួមបញ្ចូលទាំងយន្ដហោះ ១២ គ្រឿងដែលកំពុងបម្រើការជាមួយយោធាបារាំងនិងយន្ដហោះថ្មីចំនួន ៦ គ្រឿងទៀតដែលផលិតដោយក្រុមហ៊ុន Dassault Aviation ។
ដោយមិននិយាយចំៗតួកគី លោកប៉េតសាស់និយាយថា “សកម្មភាពនេះនឹងផ្លាស់ប្តូរតុល្យភាពកម្លាំងនៅលើអាកាស”។
ជាផ្នែកមួយនៃការធ្វើឱ្យប្រសើរឡើងនៃកងទ័ពអាកាស ក្រិកក៏នឹងទិញមីស៊ីលបាញ់ពីអាកាសទៅអាកាសដែលអាចប្រើប្រាស់បានជាមួយយន្ដហោះ Rafale ផងដែរ។
តួកគីបានចំណាយខ្ពស់ជាងអ្នកជិតខាងខ្លួន៥ដងក្នុងវិស័យការពារជាតិប៉ុន្តែចាញ់ប្រៀបក្រិកត្រង់យន្តហោះចម្បាំង។
ក្រុមមន្ត្រីការពារជាតិក្រិកអះអាងថា ការទិញយកយន្តហោះ Rafale នឹងបង្រួមគម្លាត បន្ទាប់ពីការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិកកាលពីឆ្នាំមុនដើម្បីបណ្តេញតួកគីចេញពីកម្មវិធីយន្តហោះចម្បាំង F-35 របស់ខ្លួនដើម្បីឆ្លើយតបនឹងការទិញប្រព័ន្ធការពារដែនអាកាសរុស្ស៊ី S-400 ពីសំណាក់រដ្ឋាភិបាលក្រុងអង់ការ៉ា។
ក្រោយមកទៀត រដ្ឋបាលត្រាំបានអនុវត្តការដាក់ទណ្ឌកម្មប្រឆាំងនឹងតួកគី ដែលបានប្រកាសកាលពីដើមសប្តាហ៍នេះ៕
ក្រិកនឹងចំណាយ ២,៧១ ពាន់លានដុល្លារទិញយន្តហោះ Rafaleចំនួន១៨ គ្រឿង