ប្រែសម្រួលៈវាសនា/ស៊ីដនី៖គេទើបទម្លាយអោយដឹងនៅថ្ងៃនេះថា សមាជិកអ្នកបំរើការលើយន្តហោះ(អូតេស)អូស្ត្រាលីចំនួន១៣នាក់ បានចាកចេញពីសណ្ឋាគារដែលពួកគេធ្វើចត្តាឡីស័កដើម្បីចេញទៅដើរស៊ីផឹកសប្បាយនៅទីប្រជុំជនមួយកាលពីកន្លះខែមុន។
អភិបាលរដ្ឋញូវសោតវេលស៍ របស់អូស្ត្រាលី បាននិយាយកាលពីថ្ងៃសុក្រទី១៨ធ្នូនេះថា ពួកសមាជិកបំរើការលើយន្តហោះមួយក្រុមបានទៅចូលរួមពិធីនៅកន្លែងជាច្រើន ក្រោយបានរំលោភច្បាប់ដាក់ខ្លួននៅដាច់ពីគេកាលពីប៉ុន្មានសប្តាហ៍មុន។តែសភាពការណ៍ឥឡូវវាអាក្រក់ជាងពេលនោះ។
ប៉ូលិសបាននិយាយថា អ្នកបំរើការលើយន្តហោះទាំងនោះបានវិលមកពីអាម៉េរិកខាងត្បូង និងបានចូលធ្វើចត្តាឡីស័កនៅសណ្ឋាគារនៅក្រុងម៉ាស្កុតកាលពីថ្ងៃ៥ធ្នូ។ក្រោយសាកសួរផ្នែកគ្រប់គ្រងសណ្ឋាគារ គេរកឃើញថាសមាជិកបំរើការលើយន្តហោះ១៣នាក់បានរំលោភវិធានដាក់ខ្លួននៅដាច់ពីគេហើយត្រូវពិន័យប្រាក់ម្នាក់ៗ១០.០០០ដុល្លារ។
សូមបញ្ជាក់ថា នៅថ្ងៃសុក្រនេះអាជ្ញាធររដ្ឋញូវសោតវេលស៍ ជាពិសេសក្រុងស៊ីដនី កំពុងខិតខំរកវិធីទប់ស្កាត់ការរីករាលដាលនៃការផ្ទុះជំងឺកូវីដ១៩ជាចង្កោមដែលរហូតដល់ពេលនេះកើនដល់២៨នាក់។
ការផ្ទុះជំងឺជាចង្កោមនេះបានចេញពីការស៊ីផឹកនៅរង្គសាលនៅក្រុងអាវ៉ាឡុន ហើយអ្នកជំនាញកំពុងតាមរកដាននិងកំណត់ថាតើវាបណ្តាលមកពីអ្នកបំពានចត្តាឡីស័កក្នុងសណ្ឋាគារ ឬមកពីបុគ្គលិកបំរើការលើយន្តហោះអន្តរជាតិ៕
កន្លែងធ្វើចត្តាឡីស័កអ្នកបំរើការលើយន្តហោះ នឹងត្រូវបំព្រួញពី២៥កន្លែងដូចបច្ចុប្បន្នមកនៅ២កន្លែង ក្រោយហេតុការណ៍លួចចេញទៅស៊ីផឹកពេលយប់នេះ