ដោយៈ គង់ហេង / កំពង់ចាមៈ ចំនួនបួនថ្ងៃ រដ្ឋបាលខេត្តកំពង់ចាម បានទទួលថវិកាជាង ១៤៦ លានរៀល ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ទិញវ៉ាក់សាំង ប្រឆាំងនឹង ជំងឺកូវីដ.១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងជំហានដំបូងនេះ។
ប្រភពព័ត៌មានពី មន្ត្រីសាលាខេត្តកំពង់ចាម បានឱ្យដឹង នៅថ្ងៃទី១៨ ធ្នូនេះថាៈ ចាប់ពីថ្ងៃទី ១៤ មកដល់ថ្ងៃទី ១៧ ធ្នូ គឺចាប់ពីការប្រកាសទទួលថវិកា ពីសប្បុរសជន ជាព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ពីបណ្តាវត្ត មន្ទីរ អង្គភាព អាជ្ញាធរស្រុក ក្រុង ក្នុងខេត្តកំពង់ចាម មក រដ្ឋបាលខេត្ត ទទួលបានថវិកា សរុបចំនួនប្រមាណ ១៤៦.៤៦២.០០០ រៀល និងចំនួន ៣២០ ដុល្លារអាមេរិក បន្ថែមទៀត។
ប្រភពដដែល បានបន្តថាៈ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ: កម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ.១៩ បានថ្លែងអំណរព្រះគុណ និងអរគុណដល់ មន្ត្រីសង្ឃ ព្រះនាគមុនី មេគណខេត្ត ព្រះអនុគណស្រុក តំណាងឱ្យព្រះសង្ឃ តាមបណ្តាវត្ត ប្រធានមន្ទីរ អង្គភាពតំណាងឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរស្រុក ក្រុង ទូទាំងខេត្តកំពង់ចាម ដែលបានបរិច្ចាគនូវ បច្ច័យជាថវិកា ចូលរួមជាមួយ រាជរដ្ឋាភិបាល ទិញវ៉ាក់សាំង សម្រាប់ចាក់ជូន ប្រជាពលរដ្ឋ ប្រឆាំងនឹងមេរោគ ដ៏កាចសាហាវនេះ ក្នុងដំណាក់កាលដំបូងនេះ៕/V-PC