ដោយៈ សុផានីតា / កោះកុងៈ ក្រសួងមហាផ្ទៃ តាមរយៈលោកស្រី អភិបាលខេត្តកោះកុង បានសម្រេចតែងតាំង ស្ត្រីចំនួន២នាក់ អោយធ្វើជាស្មៀន ឃុំកណ្តោល និងស្មៀនឃុំ អណ្តូងទឹក ហើយបុរសម្នាក់ទៀត ជានាយករដ្ឋបាល ស្រុកបូទុមសាគរ។
ជារឿងគួរឱ្យសាទរ ដែលមូលដ្ឋានខេត្តកោះកុង ពិសេសរដ្ឋបាលថ្នាក់ ឃុំសង្កាត់ មានស្ត្រីជាស្មៀនឃុំ អាចមានឱកាស និងសមត្ថភាព ពេញលេញ បម្រើការងាររដ្ឋបាល សាធារណៈ ជូនពលរដ្ឋ បើធៀបនឹងពេលមុនៗ ស្មៀនឃុំសង្កាត់ មានតែបុរស។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានវាយតម្លៃខ្ពស់ ចំពោះសេចក្តីទុកចិត្ត របស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានតែងតាំង លោក ខេង គង់ ជានាយករដ្ឋបាល ស្រុកបូទុមសាគរ លោកស្រី កែវ តុលា ជាស្មៀនឃុំអណ្តូងទឹក និងលោកស្រី ផង់ លក្ខិណា ជាស្មៀនឃុំកណ្តោល។
ក្នុងពិធីប្រកាសតែងតាំង នាយករដ្ឋបាលស្រុកបូទុមសាគរ និងស្ត្រីចំនួន២នាក់ ជាស្មៀនឃុំ កាលពីថ្ងៃទី១៧ ខែធ្នូ លោកស្រី អភិបាលខេត្តកោះកុង បានលើកទឹកចិត្ត ដល់ក្រុមមន្ត្រី ដែលទើបនឹងតែងតាំង ត្រូវខិតខំយកចិត្តទុកដាក់ បំពេញការងារអោយបានល្អប្រសើរ ជូនប្រជាពលរដ្ឋ តាមបែបលទ្ធិប្រជាបធិតេយ្យ នៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល កម្ពុជា ត្បិតក្នុងស្ថានការណ៍ ជួបជំងឺកូវីដ១៩ ក៏ដោយ។
លោកស្រី ក៏ជឿជាក់ទៀតថា លោកនាយករដ្ឋបាលសាលាស្រុក លោកស្រីស្មៀនឃុំ ទាំងពីរនាក់ ដែលបានប្រកាសចូលកាន់តំណែង នាពេលនេះ ត្រូវខិតខំអនុវត្តការងារ ក្នុងតួនាទីភារកិច្ចរបស់ខ្លួន ឱ្យអស់ពីសមត្ថភាព ដើម្បីបន្តចូលរួម ក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ រដ្ឋបាលស្រុក រដ្ឋបាលឃុំ របស់យើងឲ្យកាន់តែមាន ភាពរីកចំរើន និងទទួល បានសមិទ្ធផលថ្មីៗថែមទៀត។ ករណីមានចំណុចខ្វះខាតណាមួយ រដ្ឋបាលស្រុក និងខេត្ត រង់ចាំជួយ ដោះស្រាយសម្របសម្រួល។ បន្ថែមលើនេះដែរ គឺត្រូវពង្រឹងរបៀបរបប ធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ លើមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។
តបនឹងការណែនាំរបស់លោកស្រី អភិបាលខេត្តកោះកុង គឺលោកស្រី កែវ តុលា និងលោកស្រី ផង់ លក្ខិណា ដែលជាស្មៀនឃុំអណ្តូងទឹក និងស្មៀនឃុំកណ្តោល បានបង្ហាញក្តីអំណអរគុណ ចំពោះសម្តេចក្រឡាហោម លោកស្រីអភិបាល និងអភិបាល ស្រុក ដែលមានទំនុកចិត្ត និងជឿជាក់លើចំណេះដឹង សមត្ថភាពរូបពួកគាត់។ ស្មៀនឃុំជា ស្ត្រីទាំង២រូប នឹងប្តេជ្ញាចិត្តថា បំពេញការងាររដ្ឋបាលសាធារណៈ អោយអស់ពីសមត្ថភាព ជូនពលរដ្ឋ រស់នៅក្នុងមូលដ្ឋានផ្ទាល់ ទោះបីពួកគាត់ ធ្លាប់មានបទពិសោធន៍នៅតាម ការិយាល័យជំនាញ ក្នុងរដ្ឋបាលស្រុកក៏ដោយ៕/V-PC