Home ព័ត៌មានជាតិ សង្គម ក្រសួងបរិស្ថា...

ក្រសួងបរិស្ថាន ដឹកនាំ​អ្នកសារព័ត៌មាន ២០ ស្ថាប័ន ចុះ​ស្វែងយល់​ពី​ការបង់ថ្លៃ​សេវាកម្ម ប្រព័ន្ធ​អេកូ​ឡ​ស៊ី នៅ​ឧទ្យាន​ជាតិ​ជ័យវរ្ម័ន -​នរោត្តម ភ្នំ​គូលែន​

ដោយៈ ដេប៉ូ / សៀមរាបៈ ក្រសួងបរិស្ថាន ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ប្រមាណ ៣០ នាក់ មកពី ២០ ស្ថាប័ន ដើម្បី​ស្វែងយល់​ពី ការបង់ថ្លៃ​សេវាកម្ម ប្រព័ន្ធ​អេកូ​ឡ​ស៊ី នៅ​ឧទ្យាន​ជាតិ​ជ័យវរ្ម័ន -​នរោត្តម ភ្នំ​គូលែន ក្នុង​ខេត្តសៀមរាប​។​

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ ក្រសួងបរិស្ថាន​ក្នុង​ដំណើរ ទស្សនកិច្ច ពីថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ នេះ មាន​គោលបំណង​សំខាន់ ដើម្បី​បញ្ជ្រាប​ការយល់ដឹង ដល់​សាធារណជន អំពី​ការអនុវត្ត​សាកល្បង​គម្រោង​បង់ថ្លៃ សេវាកម្ម ប្រព័ន្ធ​អេកូឡូស៊ី (Payment for Ecosystem Services) ឬ​ហៅ​កាត់​ថា ភី អ៊ី អេស (PES) ដែលជា​យន្តការ ហិរញ្ញវត្ថុ​សំដៅ​ដល់ «​អ្នកប្រើប្រាស់​សេវាកម្ម ប្រព័ន្ធ​អេកូឡូស៊ី ត្រូវ​បង់ថ្លៃ ជា​សាច់ប្រាក់ ដល់​អ្នក​ដែល​ការពារ ប្រព័ន្ធ​អេកូឡូស៊ី ដើម្បី​ធានា​ដល់​និរន្តរភាព នៃ​សេវាកម្ម ដែល​ផលិត​ដោយ ប្រព័ន្ធ​អេកូឡូស៊ី នៅ​តំបន់​ណាមួយ​»​។​

​លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ ពី​គោលបំណង នៃ​ដំណើរ​ទស្សនកិច្ច ក្រុម​អ្នក​សារ ព័ត៌មាន​នេះ​ថា គឺ​ដើម្បីឱ្យ​ការអនុវត្ត សាកល្បង​ការបង់ថ្លៃ​សេវាកម្ម ប្រព័ន្ធ​អេកូឡូស៊ី អាច​ប្រព្រឹត្តទៅបាន ចាំបាច់​ត្រូវមាន​ការផ្សព្វផ្សាយ ឱ្យ​សាធារណជន​និង​អ្នកពាក់ព័ន្ធ​បាន យល់ដឹង​អំពី​៖ ១) សារៈសំខាន់ នៃ​សេវាកម្ម ប្រព័ន្ធ​អ​កូ​ឡូ​ស៊ី នៅ​ឧទ្យាន​ជាតិ ព្រះ​ជ័យវរ្ម័ន នរោត្តម ភ្នំ​គូលែន​។ ២) គោលបំណង នៃ​ការអនុវត្ត PES ។ ៣) យន្តការ​នៃ​ការអនុវត្ត​PES ។ ៤) ថវិកា​ប៉ាន់ស្មាន ពី​ការអនុវត្ត PES និង​៥) ការប្រើប្រាស់​ថវិកា ដែល​ប្រមូលបាន ពី​ការអនុវត្ត PES​។​

​លោក​រដ្ឋលេខាធិការ បាន​ថ្លែង​ដែរ​ថាៈ រាជរដ្ឋាភិបាល​កម្ពុជា បានប្រគល់​ភារកិច្ច​ដល់ ក្រសួងបរិស្ថាន ពិនិត្យ និង​សិក្សា​អនុវត្ត​សាកល្បង ការបង់ថ្លៃ​សេវា ប្រព័ន្ធ​អេកូឡូស៊ី​នេះ ជាមួយ​អ្នកពាក់ព័ន្ធ និង​រៀបចំ​គោលនយោបាយ នៃ​ការបង់ថ្លៃ​សេវាកម្ម ប្រព័ន្ធ​អេកូឡូស៊ី​នេះ ដើម្បី​រាជរដ្ឋាភិបាល ពិនិត្យ និង​សម្រេច​។​

​ពាក់ព័ន្ធ​ក្នុង​រឿងនេះ លោក​រដ្ឋលេខាធិការ បាន​ពន្យល់ថាៈ ប្រព័ន្ធ​អេកូឡូស៊ី​សំដៅ​ដល់​អន្តរ ទំនាក់ទំនង​រវាង​ភាវៈ​មានជីវិត និង​មជ្ឈដ្ឋាន ឬ​ទីជម្រក ដែល​ពួកវា​រស់នៅ ហើយ​លំហូរ នៃ​អន្តរ​ទំនាក់ទំនង​នេះ បង្កើតបានជា​ប្រយោជន៍ ជាច្រើន សម្រាប់​មនុស្ស​ដែល​យើង ហៅថា “​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​” ហើយ​ចាំបាច់​បំផុត ត្រូវការ​ការពារ និង​អភិរក្ស ឱ្យបាន​គង់វង្ស ដូចជា​ការពារ​ប្រភពទឹក​ក្រោម​ដី សម្រាប់​ការប្រើប្រាស់ យូរអង្វែង​។ ទឹក​គឺជា​ផ្នែក​មួយ នៃ​ប្រព័ន្ធ​អេកូឡូស៊ី នៃ​ភពផែនដី​។ បើ​គ្មាន​ទឹក នោះ​មនុស្ស​សត្វ រុក្ខជាតិ​នឹង​ស្លាប់​។​

​ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បាន​បន្ថែមថាៈ ការកើនឡើង នៃ​ចំនួន​មនុស្ស​នៅលើ ពិភពលោក បាន​បង្កើត​នូវ​សេចក្តីត្រូវការ សេវា​ប្រព័ន្ធ​អេកូឡូស៊ី តែ​ការផ្គត់ផ្គង់​របស់ សេវា​ប្រព័ន្ធ​អេកូឡូស៊ី​នេះ មានការ​ថយចុះ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ព្រោះ​មនុស្ស​ភ្លេច​គិតថា មនុស្ស​យើង មាន​ទំនាក់ទំនង ទៅនឹង​ធម្មជាតិ ហើយ​យើង​ក៏​មិនបាន​យកចិត្តទុកដាក់ ដល់​សុខភាព នៃ​ប្រព័ន្ធ​អេកូឡូស៊ី ដែល​បានផ្តល់​សេវា និង​ផលប្រយោជន៍ ដល់​យើង​ដែរ​។ ថវិកា​របស់​រដ្ឋាភិបាល សម្រាប់​គាំទ្រ​កិច្ចការពារ ប្រព័ន្ធ​អេកូឡូស៊ី នៅមានកម្រិត​កំណត់ ដូច្នេះ​យើង​ត្រូវ​ចូលរួម បង់ថ្លៃ​សេវាកម្ម ប្រព័ន្ធ​អេកូឡូស៊ី ពី​អ្នក​ដែល​បាន​ប្រើប្រាស់​វា ជា​ប្រយោជន៍​។​

​លោក​រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថាៈ «​យើងទាំងអស់គ្នា ចាំបាច់​ត្រូវ​ស្វែងយល់ ឱ្យបាន​ច្បាស់លាស់ ពី​គម្រោង​បង់ថ្លៃ​សេវាកម្ម ប្រព័ន្ធ​អេកូឡូស៊ី​នេះ ព្រោះ​វា​មាន​តួនាទី​ចាំបាច់ ក្នុងការ​ចូលរួម ការពារ​ប្រព័ន្ធ​អេកូឡូស៊ី ដែលមាន​។ តាមរយៈ ការផ្សព្វផ្សាយ របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន យើងខ្ញុំ​សង្ឃឹម និង​ជឿជាក់ថា សាធារណជន នឹង​យល់​កាន់តែច្បាស់ ពី​សារៈសំខាន់ នៃ​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ភព ផែនដី​ជាពិសេស សម្រាប់​មនុស្ស ហើយ​អ្នកពាក់ព័ន្ធ​នឹង​ការប្រើប្រាស់ ប្រព័ន្ធ​អេកូឡូស៊ី នឹងចូលរួម​អនុវត្ត គម្រោង​សាកល្បង​នេះ ឱ្យបាន​ជោគជ័យ​»៕/V-PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular