ដោយ: មុនីរ័ត្ន / ភ្នំពេញៈ មួយឆ្នាំក្រោយការសម្ពោធរបស់ខ្លួននាឆ្នាំ២០១៩ សម្ព័ន្ធដើម្បីលុបបំបាត់សំណល់ប្លាស្ទិក (AEPW) ជាអង្គការមិនរកប្រាក់ចំណេញ ដែលមានគោលបំណងដោះស្រាយបញ្ហាសំណល់ផ្លាស្ទិកនៅលើសាកលលោក សម្រេចបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ បើទោះបីស្ថិតក្នុងកាលៈទេសៈ នៃជំងឺរាតត្បាតកូវីដ-១៩ ក្ដី ដោយចំនួននៃក្រុមហ៊ុននិងដៃគូពិភពលោកធំៗ ដែលចូលរួមក្នុងកិច្ចប្រឹងប្រែងនេះ បានកើនឡើងលើសទ្វេដង។
បច្ចុប្បន្នក្រុមហ៊ុននិងដៃគូជាង៥០ មកពីផ្នែកផ្សេងៗ នៃពិភពលោក បានចូលរួមនៅក្នុងសម្ព័ន្ធ ដើម្បីលុបបំបាត់សំណល់ប្លាស្ទិក ដែលជាចំនួនកើនឡើងទ្វេដង បើប្រៀបធៀបនឹងពេលសម្ពោធដំបូងនៅឆ្នាំ២០១៩ ដែលកាលណោះមានក្រុមហ៊ុន និងដៃគូចំនួន២០បានចូលរួម។ នេះបើយោងតាមលោក Jacob Duer ប្រធាន និងជានាយកប្រតិបត្តិរបស់សម្ព័ន្ធ AEPW ក្នុងឱកាសថ្លែងទៅកាន់សន្និសីទអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០២០ ដែលរៀបចំឡើងដោយក្រុមហ៊ុនអេសស៊ីជី។
“ក្នុងមួយឆ្នាំៗ សំណល់ប្លាស្ទិកប្រមាណ១១លានតោន ហូរចូលទៅក្នុងសមុទ្រ ហើយប្រសិនបើយើងមិនធ្វើអ្វីៗ នៅថ្ងៃនេះទេ ចំនួននេះនឹងកើនឡើងដល់ ២៩លានតោន នៅឆ្នាំ២០៤០។ ”លោក Jacob ថ្លែងយ៉ាងដូច្នេះ នៅឯសន្និសីទអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០២០ ៖ សេដ្ឋកិច្ចវិលជុំ ៖ សកម្មភាព ដើម្បីអនាគតប្រកបដោយចីរភាព ដែលបានប្រព្រឹត្តទៅកាលពីដើមខែ វិច្ឆិកា កន្លងទៅ ។
លោក Jacob បាននិយាយថា សំណល់ផ្លាស្ទិកដែលមានតម្លៃគិតជាទឹកប្រាក់ប្រហែល ១២០ពាន់លានដុល្លារ បានបាត់បង់ទៅក្នុងបរិស្ថានដោយសារតែកង្វះប្រព័ន្ធត្រឹមត្រូវ ដើម្បីគ្រប់គ្រងសំណល់ផ្លាស្ទិកនៅក្រោយពេលប្រើប្រាស់រួច។
លោក Jacob បានថ្លែងយ៉ាងដូច្នេះថា “ចំពោះយើង យើងមិនមែនគ្រាន់តែចង់លុបបំបាត់សំណល់ផ្លាស្ទិកប៉ុណ្ណោះនោះទេ ប៉ុន្តែយើងចង់ប្រែក្លាយសំណល់ផ្លាស្ទិកឲ្យក្លាយជាធនធានដែលមានតម្លៃ។ ការប្រែក្លាយសំណល់ទៅជាទ្រព្យ គឺជាការចាំបាច់ណាស់ ប្រសិនបើពិភពលោកចង់វិវឌ្ឍទៅរកសេដ្ឋកិច្ចបែបវិលជុំ។”
អេសស៊ីជី ជាផ្នែកមួយ នៃសម្ព័ន្ធដើម្បីលុបបំបាត់សំណល់ផ្លាស្ទិក តាំងពីពេលសម្ព័ន្ធនេះ ចាប់បដិសន្ធិនៅដើមឆ្នាំ២០១៩ មកម្ល៉េះ ហើយតាមរយៈសន្និសីទអភិវឌ្ឍន៍ដោយចីរភាពប្រចាំឆ្នាំរបស់ខ្លួន អេសស៊ីជី បានធ្វើការងារយ៉ាងសកម្ម ដើម្បីជំរុញប្រព័ន្ធសេដ្ឋកិច្ចវិលជុំ (circular economy) ក្នុងនោះ រួមទាំងដំណោះស្រាយប្រកបដោយចីរភាពចំពោះបញ្ហាសំណល់។
កាលពីដើមខែវិច្ឆិកាឆ្នាំ២០២០ អេសស៊ីជី និងសម្ព័ន្ធ AEPW បានចេញផ្សាយរបាយការណ៍វឌ្ឍនភាពឆ្នាំ២០២០ ដោយបង្ហាញពីសមិទ្ធផលគម្រោងសំខាន់ៗ កាលពីឆ្នាំកន្លងទៅ។
យោងតាមរបាយការណ៍នេះ សម្ព័ន្ធ AEPW បានអនុវត្តគម្រោងចំនួន១៤ នៅក្នុងទីក្រុងចំនួន១៤ នៃប្រទេសចំនួន៦ នៅអាស៊ីអាគ្នេយ៍ ឥណ្ឌា និងអាហ្វ្រិក ដែលតំបន់និងប្រទេសទាំងនេះ សុទ្ធសឹងជាសមរភូមិជួរមុខ នៃបញ្ហាសំណល់ប្លាស្ទិក។
របាយការណ៍ ក៏បានបង្ហាញពីគម្រោងនានា ដែលមានតម្លៃប្រមាណ ៤០០លានដុល្លារ អាមេរិក ដែលដឹកនាំដោយសមាជិកទាំង៥៥ របស់សម្ព័ន្ធ AEPW ឆ្ពោះទៅរកការកសាងដំណោះស្រាយ ដើម្បីលុបបំបាត់សំណាល់ផ្លាស្ទិកនៅក្នុងបរិស្ថាន។
របាយការណ៍ដដែលនេះ ក៏បានបញ្ជាក់ពីការប្ដេជ្ញាចិត្តពន្លឿនគម្រោងនានា នៅក្នុងវិស័យយុទ្ធសាស្ត្រទាំង៤ របស់សម្ព័ន្ធ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រងសំណល់ និងកែច្នៃសំណល់, នវានុវត្តន៍, ការអប់រំ និងការចូលរួម, និងការសម្អាត។
របាយការណ៍វឌ្ឍនភាព ឆ្នាំ២០២០ ក៏បានប្រកាសអំពីមហិច្ឆតាឆ្នាំ២០២៥ របស់សម្ព័ន្ធ AEPW ផងដែរ ដោយក្នុងពេល៥ឆ្នាំ ខាងមុខនេះ សម្ព័ន្ធនិងសមាជិករបស់ខ្លួន នឹងកសាងនូវគំរូ និងភាពជាដៃគូ ដែលអាចវិនិយោគបានដែលនឹង៖
• បង្ហាញឲ្យឃើញសំណល់ផ្លាស្ទិក កម្រិតសូន្យនៅក្នុងទីក្រុងជាច្រើន និងបំប្លែងសំណល់ផ្លាស្ទិករាប់លានតោន តាមរយៈគម្រោងនានារបស់សម្ព័ន្ធ នៅក្នុងទីក្រុងដែលមានហានិភ័យជាង ១០០ទីក្រុង។
• ជួយទ្រទ្រង់ជីវភាពរស់នៅប្រកប ដោយសុខភាពល្អដល់ប្រជាជនជាង ១០០លាននាក់ ដោយជំរុញលទ្ធភាពគ្រប់គ្រងសំណល់ ដែលម្ចាស់ការដោយប្រជាជនក្នុងមូលដ្ឋាន។
• បញ្ចេញការវិនិយោគយ៉ាងហោចណាស់ ៥ដង ច្រើនជាងមុន ដើម្បីពន្លឿនសកម្មភាព និងដំណោះស្រាយ ដើម្បីលុបបំបាត់សំណល់ប្លាស្ទិកនិងកសាងទីក្រុង ប្រកបដោយចីរភាព៕