Home ព័ត៌មានអន្តរជាតិ ថៃ​បន្ធូរបន្ថ...

ថៃ​បន្ធូរបន្ថយ​លក្ខខណ្ឌ​សំរាប់​អ្នកដំណើរ​ចូល​ទៅ​ពី​៥៦​ប្រទេស តែ​មិនចំពោះ​កម្ពុជា​និង​មី​យ៉ាន់​ម៉ា​ទេ

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​ថៃ​នឹង​បន្ធូរបន្ថយ​ការ​រឹត​ត្បិត​ការធ្វើដំណើរ​របស់​ភ្ញៀវ​ទៅ​ពី​៥៦​ប្រទេស រួម​មាន​សិង្ហ​បុរី ជប៉ុន​និង​អាម៉េរិក​នៅ​មុន​រដូវ​ឈប់សម្រាក​កំពូល​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ជាតិ​ដែល​​កំពុង​ទន់ខ្សោយ​ខ្លាំង​។​

​យោង​តាម​លោក តា​វី​ស៊ី​ល វីត​សានុ​យ៉ូ​ទីន អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូវី​ដ​១៩ ពួក​អ្នកទេសចរ​ត្រូវ​អនុញ្ញាត​អោយ​ចូល​ថៃ​ដោយ​មិន​បាច់​មាន​ទិដ្ឋាការ​ជាមុន តែ​ត្រូវ​នាំ​មក​ជាមួយ​ខ្លួន​​នូវ​សំបុត្រ​បញ្ជាក់​សុខភាព​ដើម្បី​បញ្ជាក់​ថា​ពួកគេ​មិន​មានកូ​វីដ​១៩ និង​ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​ពេលទៅដល់​ថៃ​។​

​ភ្ញៀវ​ទេសចរណ៍​ក៏​នឹង​ត្រូវ​ធ្វើតេស្តិ៍​រក​វីរុស​៣​លើក​ក្នុង​ពេលធ្វើ​ចត្តា​ឡី​ស័ក ដោយ​កើន​ពី​២​ដង​ដូច​ការអនុវត្ត​កាលពី​លើក​មុន​។​

​លោកតា​វី​ស៊ី​ល​បានបញ្ជាក់​ថា ការធ្វើ​ចត្តា​ឡីស័​កនេះ​ដើម្បី​ជួយ​អាជ្ញាធរ​កុំអោយ​ភ្ញៀវ​ចម្លង​វីរុស​ទៅ​ប្រជាជន​ក្នុងស្រុក​ហើយ​វា​ត្រូវ​បាន​គិតថា​ជា​វិធីសាស្ត្រ​មាន​ប្រសិទ្ធភាព​ជាង​ការ​កំហិត​ភ្ញៀវ​ចូលមក​ពី​​បណ្តា​ប្រទេស​មាន​ហានិភ័យ​ទាប​ចំ​ពេល​មាន​កំណើន​នៃ​ការឆ្លង​នៅ​ទូទាំង​ពិភពលោក ដោយសារ​«​និយមន័យ​ប្រទេស​មាន​ហានិភ័យ​ទាប​នេះ​វា​ប្រែប្រួល​រាល់ថ្ងៃ ដូច្នេះ​អនុញ្ញាតអោយ​ពួកគេ​ចូល តែ​ដាក់​​នៅ​ដាច់​ដោយឡែក​ពេល​មក​ដល់​ជា​វិធី​ល្អ​ជាង​»​។​

​អ្នកដំណើរ​មកពី​៥៦​ប្រទេស ដែល​រួមមាន​អូស្ត្រាលី អ៊ីតាលី និង​បារាំង នឹង​ត្រូវ​អនុញ្ញាត​អោយ​ស្នាក់​នៅ​ដល់​៣០​ថ្ងៃ​សំរាប់​សកម្មភាព​ទេសចរណ៍​ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀងទ្វេភាគី​របស់​ថៃ ចាប់តាំងពី​ការផ្ទុះ​​ជំងឺឆ្លង​នេះ​មក​។​មនុស្ស​មកពី ៥​ប្រទេស អា​ហ្សង់​ទីន ប្រេ​ស៊ីល ឈី​លី ប៉េ​រូ និង​កូរ៉េខាងត្បូង អាច​ស្នាក់នៅ​ថៃ​បាន​៩០​ថ្ងៃ ។​

​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូវី​ដ​១៩​ថៃ​បាន​បន្ថែមថា តែ​ថៃ​នឹង​មិន​ចេញ​ទិដ្ឋាកា​ពេល​ភ្ញៀវ​ចូលមក​ដល់ ឬ​អនុញ្ញាតអោយ​ធ្វើ​ដំណើរ​ដោយ​សេរី​១៤​ថ្ងៃ​ទេ សំរាប់​អ្នក​ទៅ​ពី​កម្ពុជា​និង​មី​យ៉ាន់​ម៉ា រហូត​ទាល់​​តែ​ការផ្ទុះ​ជំងឺឆ្លង​នេះ​បាន​ធូរស្រាល​។​

​សូមបញ្ជាក់​ថា ថៃ​កំពុង​សម្លឹង​ទៅរក​ការធ្វើអោយ​ឧស្សាហកម្ម​ទេសចរណ៍​មាន​សកម្មភាព​កម្រើក​ឡើងវិញ​ដើម្បី​ខ្លួន​អាច​ចាកចេញ​ពី​ការដើ​រ​ថយក្រោយ​សេដ្ឋកិច្ច នៅពេល​ធនាគារកណ្តាល​បាន​ព្យាករណ៍​​ថា វា​ត្រូវ​ចំណាយពេល​២​ឆ្នាំ​ទម្រាំ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ វិល​ទៅ​រក​កំរិត​កំណើន​មុន​ពេល​ផ្ទុះ​កូវី​ដ​១៩​ឡើងវិញ​។​

​ភ្ញៀវ​បរទេស​មក​ទស្សនា​ថៃ​ប្រមាណ​៤០​លាន​នាក់​បាន​ជួយ​អោយ​ប្រទេស​នេះ​រក​ចំណូល​បាន​ជាង​៦០​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំមុន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular