ប្រែសម្រួល : កញ្ញាដាលីស ៖ យោធាអាម៉េរិកបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី១៧ធ្នូថា នាវាចម្បាំងរបស់ខ្លួននឹង “សម្ញែងអំណាចខ្លាំងជាងមុន” សំរាប់អ្វីដែលអាម៉េរិកចាត់ទុកជាការឆ្លើយតបទៅនឹងការរំលោភច្បាប់អន្តរជាតិ ដោយសំដៅជាពិសេសទៅលើរដ្ឋាភិបាលក្រុងប៉េកាំង ដែលមានមហិច្ឆតាវាតទីនៅក្នុងសមុទ្រចិនខាងត្បូង។
នៅក្នុងឯកសារមួយដែលកំណត់វត្ថុបំណងសម្រាប់កងទ័ពជើងទឹក កងម៉ារីននិងឆ្មាំសមុទ្រអាម៉េរិកសម្រាប់ឆ្នាំខាងមុខ មន្ទីរបញ្ចកោណបានសង្កត់ធ្ងន់ថាប្រទេសមួយចំនួនជាពិសេសរុស្ស៊ីនិងចិនកំពុងប្រជែងតុល្យភាពអំណាចនៅក្នុងតំបន់សំខាន់ៗនិងកំពុងព្យាយាមបំផ្លាញសណ្តាប់ធ្នាប់ពិភពលោកដែលមានស្រាប់។
ឯកសារនោះបាននិយាយថា “កងកម្លាំងជើងទឹកដែលត្រូវបានដាក់ពង្រាយនៅលើពិភពលោករបស់យើងបានធ្វើអន្តរកម្មជាមួយនាវាចម្បាំងនិងយន្តហោះចិននិងរុស្ស៊ីរាល់ថ្ងៃ” ដោយកត់សម្គាល់ឃើញ “ការកើនឡើងភាពគឃ្លើនរបស់ពួកគេ” និង ហៅចិនថា “ការគំរាមកំហែងជាយុទ្ធសាស្ត្រយូរអង្វែងបំផុត”។
ឧបទ្ទវហេតុចុងក្រោយរវាងកងទ័ពជើងទឹកអាម៉េរិកនិងចិនបានកើតឡើងនៅចុងខែសីហានៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងនិយាយថាខ្លួនបានបណ្តេញនាវាចម្បាំងអាម៉េរិកចេញពីប្រជុំកោះប៉ារ៉ាសែលដែលមានជម្លោះ។
មហាអំណាចអាស៊ីមួយនេះបានអះអាងកាន់កាប់កោះស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូង ជាទឹកដីទាមទារដោយប្រទេសដទៃទៀតនៅក្នុងតំបន់រួមមានវៀតណាម ម៉ាឡេស៊ី ហ្វីលីពីននិងព្រុយណេ។
ដើម្បីទប់ទល់នឹងចិន សហរដ្ឋអាម៉េរិកដែលជាភាគីក្រៅតំបន់បាននិងកំពុងបញ្ជូននាវាទៅកាន់តំបន់នេះឱ្យបានញឹកញាប់ដើម្បីអនុវត្តនូវអ្វីដែលខ្លួនហៅថា “ប្រតិបត្តិការដើម្បីសេរីភាពនាវាចរណ៍”ហើយដើម្បីរក្សាបាននូវប្រៀបឈ្នះជាយុទ្ធសាស្ត្រលើកងទ័ពជើងទឹកចិន ដែល “រីកទំហំធំជាងពីរទសវត្សរ៍មុន៣ដង” កងទ័ពជើងទឹកអាម៉េរិកគ្រោងនឹងធ្វើទំនើបកម្មជាមួយនាវាតូចៗ រហ័សរហួន និង អាចបញ្ជាពីចម្ងាយបាន។
សេចក្តីថ្លែងការណ៍បាននិយាយថា នាវាអាម៉េរិក “ក៏នឹងទទួលយកហានិភ័យយុទ្ធសាស្ត្រដែលអាចគណនាបាន និងប្រកាន់ខ្ជាប់នូវជំហររឹងមាំបន្ថែមទៀតនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់យើង”។
សម្រាប់ឧត្តមនាវីទោ ជេ បាយណាំ នោះមានន័យថា “ត្រូវមានការឆ្លើយតបកាន់តែរឹងមាំ និងត្រូវសម្ញែងអំណាចកាន់តែខ្លាំង”។
លោកនិយាយថា “កាលពីមុនឥរិយាបថរបស់យើង គឺបន្ថយជម្លោះ។ យើងធ្លាប់បានដកថយនិងកាត់បន្ថយហានិភ័យក្នុងការពើបប្រទះជាលក្ខណៈបុគ្គលមួយៗ” ដោយកត់សម្គាល់ថា កងទ័ពជើងទឹក “បានសុខចិត្តចុះញ៉ម” តាមរយៈវិធីសាស្ត្រនេះ។
ឯកសារមន្ទីរបញ្ចកោណបានបញ្ជាក់ថាកងទ័ពជើងទឹកអាម៉េរិកក៏នឹងឃើញមានវត្តមានកាន់តែច្រើនឡើងនៅក្នុងតំបន់ប៉ាស៊ីហ្វិក កន្លែងដែលខ្លួននឹង”ស្វែងរកនិងកត់ត្រារាល់សកម្មភាពរបស់គូប្រជែងរបស់យើង ដែលរំលោភលើច្បាប់អន្តរជាតិ លួចយកធនធាន និងរំលោភលើអធិបតេយ្យភាពរបស់ប្រជាជាតិដទៃទៀត”៕
នាវាអាម៉េរិកនឹងបង្ហាញវត្តមានញឹកញាប់ជាងមុននៅតំបន់ប៉ាស៊ីហ្វិក