ដោយ: សរិទ្ធ / ភ្នំពេញ: សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) រួមសហការជាមួយមន្ទីរព័ត៌មាន ខេត្តកានស៊ុ នៃប្រទេសចិន បានប្រារព្ធកម្មវិធីពិព័រណ៍រូបថតមួយដែលមានប្រធានបទ “ការអញ្ជើញតាមវិថីសូត្រ” ដែលជាការផ្លាស់ប្តូរវប្បធម៌ប្រជាប្រិយ ជនជាតិកានស៊ុនៃប្រទេសចិន ក្នុងប្រទេសកម្ពុជា។
កម្មវិធីនេះ ប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់ ២៤ ខែធ្នូ ឆ្នាំ២០២០ នៅអគារសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា ជាន់ផ្ទាល់ដី ស្ថិតក្នុងបុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ដោយសារបញ្ហាជម្ងឺកូវីដ១៩ ដែលកំពុងរាតត្បាតជាសកល កម្មវិធីពិព័រណ៍រូបថតលើកនេះ ធ្វើឡើងតាមOnline ព្រមគ្នាជាមួយខេត្តកានស៊ុ ប្រទេសចិន។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង ឯកឧត្តម Wang Wen Tian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ត្រូវបានអញ្ជើញជាអធិបតីតំណាងឱ្យប្រទេសកម្ពុជា និង ប្រទេសចិន ដើម្បីថ្លែងសុន្ទរកថាបើកជានិមិត្តរូបតាម ONLINE។
លោក ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកព័ត៌មាន និង សោតទស្សន៍ នៃក្រសួងព័ត៌មាន, លោកឧកញ៉ា ជុង ឃាង ប្រធានសមាគមចិននៅកម្ពុជា, លោក ទេស សារ៉ារិទ្ធ សហប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ភាគីកម្ពុជា និង លោក លីវ ស៊ាវគ័ង សហប្រធានភាគីចិន បានចូលរួមក្នុងកម្មវិធីចុចប៊ូតុងបើកជានិមិត្តរូបកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
ការតាំងពិព័រណ៍រូបថតលើកនេះ បានបង្ហាញរូបភាពចំនួន ៨០ផ្ទាំង និង ផ្ទាំងគំនូរ ថាំង ខា ដែលជាផ្ទាំងគំនូរបត់ Original Paint មួយចំនួនផងដែរ។ ពិព័រណ៍រូបថតនេះ មានគោលបំណងពីរផ្នែក៖ ផ្នែកទី១ គឺដើម្បីឆ្លុះបញ្ចាំងពីបរិស្ថានធម្មជាតិ និងវប្បធម៌ ទំនៀមទម្លាប់របស់ជនជាតិកានស៊ុ នៃប្រទេសចិន និងផ្នែកទី២ បង្ហាញពីប្រសិទិ្ឋភាពនៃការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ស្វយ័ត កានណាន ជាទីវប្បធម៌ដ៏ចំណាស់របស់ជនជាតិភាគតិចទីបេ និង របៀបនៃការផ្លាស់ប្តូរអន្តរកម្មរវាងជនជាតិភាគតិចនីមួយៗ នៅក្នុងខេត្តកានស៊ុ ដែលជាខេត្តមួយដ៏សំខាន់នៃវិថីសូត្រ ក្នុងប្រទេសចិន។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា៖ លោកស្រីមានកិត្តិយសដែលបានចូលរួមជាមួយជនរួមជាតិទាំងអស់ និង មិត្តភក្តិនៅក្នុងពិព័រណ៍រូបថត ជាពិសេសផ្ទាំងគំនូរថាំង ខា នៅពេលនេះ។ លោកស្រីថែមទាំងបានណែនាំដល់ភ្ញៀវចូលរួមឱ្យបានស្គាល់ខេត្តកានស៊ុ ដែលជាទីកន្លែងកំណើតវប្បធម៌ចិន ដ៏ចំណាស់មួយស្ថិតនៅភាគពាយ័ព្យនៃប្រទេសចិន សំបូរទៅដោយសក្តានុពលខាង ទេសចរណ៍ធម្មជាតិ ជាពិសេសគឺ វិថីសូត្រ ដែលជាផ្លូវជំនួញសូត្រដ៏ល្បីល្បាញកាលពីបុរាណ បានលាតសន្ឋឹងឆ្លងកាត់ខេត្តនេះប្រវែងដល់ទៅ១.៦០០គីឡូម៉ែត្រឯណោះ។
លោកស្រីបានគូសបញ្ជាក់ថា ភាគីចិនមានបំណងបើកទូលាយឱ្យទស្សនិកជននៅក្រៅប្រទេស ពិសេសប្រជាជនកម្ពុជាស្វែងយល់ពីវប្បធម៌ និង ទំនៀមទម្លាប់ របស់ជនជាតិភាគតិចនៅភាគពាយ័ព្យនៃប្រទេសចិន ដែលជាផ្នែកមួយសំរាប់ការកសាងស្ពានផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិននិងប្រទេសកម្ពុជាផងដែរ។
លោក Wang wen tian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្ដែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះគ្រប់បណ្ដាភាគីទាំងអស់ដែលបានខិតខំជំរុញការផ្លាស់ប្តូរវប្បធម៌ចិន និងកម្ពុជា។
លោកគូសបញ្ជាក់ថា ប្រទេសចិននិងកម្ពុជា គឺជាប្រទេសជិតខាងល្អដែលមានភាពជិតស្និទ្ធនិងរួសរាយរាក់ទាក់បំផុត និងជាសហគមន៍ជោគវាសនារួមប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ហើយប្រទេសទាំងពីរបានរួមសុខទុក្ខនិងតែងជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ។
លោកថាប្រទេសចិននិងកម្ពុជា ជាប្រទេសដ៏ចំណាស់ដែលមានអរិយធម៌ដ៏ស្រស់ផូរផង់ក្នុងប្រវត្តិសាស្ត្រដ៏អស្ចារ្យ ជាពិសេសនោះគឺប្រាសាទ Dunhuang Mogao ក្នុងខេត្តកានស៊ុ(Gansu)ប្រទេសចិន និងប្រាសាទអង្គរវត្តក្នុងប្រទេសកម្ពុជា ដែលជាសម្បត្តិវប្បធម៌សិល្បៈកម្រិតកំពូលសម្រាប់កិច្ចទំនាក់ទំនងនិងសិក្សាពីគ្នាទៅវិញទៅមកលើអរិយធម៌មនុស្សជាតិ បានបង្កប់នូវអត្ថន័យមរតកជាប្រវត្តិសាស្ត្រសម្រាប់ភាពស្និទ្ធស្នាលនៃមនុស្សសាស្ត្រប្រទេសទាំងពីរ។
លោកសង្កត់ធ្ងន់ថា៖ បច្ចុប្បន្ននេះ ជម្ងឺកូវីដ១៩នៅតែបន្តយាយីលើសកលលោក តែវាពុំបានរារាំងដល់មនោសញ្ចេតនារវាងប្រជាជននៅបណ្ដាប្រទេសលើពិភពលោកនោះទេ។ លោកជឿជាក់ថា សប្តាហ៍ផ្លាស់ប្តូរវប្បធម៌ជនជាតិកានស៊ុ ដែលរៀបចំសម្រាប់កម្ពុជា មិនត្រឹមតែអាចជួយដល់ភាគីមិត្តយល់កាន់តែច្បាស់អំពីខេត្តកានស៊ុនោះទេ ជាពិសេសគឺការស្វែងយល់កាន់តែច្បាស់អំពីវប្បធម៌ ដ៏ស្រស់ផូរផង់ក្នុងក្រុងស្វយ័តកានណាន(Gannan)នៃជនជាតិចាង (Zang) នឹងបង្កើតជាកម្លាំងបញ្ចូលថ្មីមួយទៀត សម្រាប់កិច្ចកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជា៕