ដោយៈសុផល/ភ្នំពេញ៖រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ថវិកាសរុបចំនួន៣៩២.៣៧១ដុល្លារអាម៉េរិកដល់អង្គភាពចំនួនបីក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) ។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះដោយលោកមិកាមិម៉ាសាហ៊ីរ៉ូឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងអង្គភាពទទួលជំនួយទាំងបី។
ថវិកា១៩៦,៣៥០ដុល្លារ ផ្តល់ជូនមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកោះកុង សម្រាប់គម្រោងកែលម្អផ្លូវថ្នល់ក្នុងឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។ក្នុងគម្រោងនេះ ផ្លូវក្រួសប្រវែង ៧៥០ម៉ែត្រនឹងត្រូវបានចាក់បេតុង ហើយបំពង់លូចំនួន ២ នឹងត្រូវបានត ម្លើងដើម្បីបញ្ចៀសកុំឲ្យមានទឹកដក់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង។ គម្រោងនេះត្រូវបានរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ២.៤០០នាក់ តាមរយៈការទទួលបានសេវាសាធារណ ដូចជា សាលារៀន ផ្សារ និងមណ្ឌលសុខភាពប្រសើរជាងមុន ព្រមទាំងបង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់តាមរយៈការធ្វើឲ្យការដឹកជញ្ជូនដំណាំកសិកម្មមានភាពងាយស្រួល។
ចំណែកថវិកាចំនួន ៩០,១៥៨ ដុល្លារសម្រាប់គម្រោងស្តារប្រព័ន្ធធារាសាស្ត្ររោងដំរី ខេត្តកំពង់ឆ្នាំងបានត្រូវផ្តល់ជូនមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង។ក្នុងគម្រោងនេះទំនប់ទឹកចាស់មួយដែលមានប្រវែង៩៤០ម៉ែត្រនឹងត្រូវបានស្ដារឡើងវិញក្នុងស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។គម្រោងនេះត្រូវបានរំពឹងថានឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ជាង២,៣០០នាក់ដោយធានាក្នុងការផ្គត់ផ្គង់ទឹកប្រកបដោយប្រសិទ្ធភាពសម្រាប់សកម្មភាពកសិកម្មហើយទំនប់ទឹកដែលស្តាររួចនោះនឹងត្រូវបានប្រើជាមធ្យោបាយធ្វើដំណើរដើម្បីដឹកជញ្ជូនដំណាំកសិកម្ម បានយ៉ាងងាយដែលជាលទ្ធផលនឹងធ្វើឲ្យគុណភាពនៃជីវិតរបស់ពួកគាត់មានភាពប្រសើរឡើង។
ចំពោះមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគីរីបានទទួលថវិកា១០៥.៨៦៣ដុល្លារសម្រាប់គម្រោងពង្រឹងសហគមន៍កសិកម្មនៅស្រុកកោះញែកនិងក្រុងសែនមនោរម្យ។ក្នុងគម្រោងនេះឃ្លាំងស្តុកនិងម៉ាស៊ីនកិនស្រូវនឹងត្រូវបានផ្តល់ជូននៅសហគមន៍កសិកម្មសាមគ្គីមានរិទ្ធ នៅស្រុកកោះញែក។ មជ្ឈមណ្ឌលប្រមូលផ្តុំវេចខ្ចប់និងចែកចាយកសិផលរួមជាមួយនឹងបន្ទប់ត្រជាក់ រក្សាកសិផលក៏នឹងត្រូវបានសាងសង់នៅក្នុងសហគមន៍កសិកម្មសាមគ្គីមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ គម្រោងនេះត្រូវបានរំពឹងថាកសិករប្រហែល ៦០ នាក់ដែលជាសមាជិកនៃសហគមន៍ កសិកម្ម និង ប្រជាជន៣៩០ គ្រួសារនៅក្នុងទីតាំងគម្រោងនឹងទទួលបានអត្ថប្រយោជន៍ពីការកែលម្អគុណភាពផលិតផលកសិកម្មរបស់ពួកគាត់និងខ្សែសង្វាក់តម្លៃបន្ថែមលើអាជីវកម្មរបស់សហគមន៍ក សិកម្ម។
សូមជម្រាបថាជំនួយទាំងនេះគឺផ្អែកលើការប្តេជ្ញាចិត្តរបស់សហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន លើកទី ១៣ នៅថ្ងៃទី ៩ ខែកក្កដាឆ្នាំ ២០២០ ដែលបានថ្លែងថា “ការអនុវត្តជំនួយឥតសំណងសម្រាប់ គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិឆ្នាំ២០២០ ក្រោមគំនិតផ្តួចផ្តើមគូសាណូណ៌មេគង្គសម្រាប់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលមានទឹកប្រាក់សរុប ៩១លានដុល្លារអាមេរិក ដែលរៀបចំ ឡើងក្នុងគោលបំណងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច នៅតាមភូមិស្រុក ថ្នាក់មូលដ្ឋានទូទាំង តំបន់មេគង្គ”។
លោកមិកាមិម៉ាសាហ៊ីរ៉ូឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងពិធីចុះហត្ថលេខាថា៖លោកសង្កេត ឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជាបាននិងកំពុង មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណាក៏ដោយលោកក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយដើម្បីលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជន។ប្រទេសជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះតាមរយៈក្របខ័ណ្ឌសហប្រតិបត្តិការ សេដ្ឋកិច្ចនិងអភិវឌ្ឍន៍ផ្សេងៗ រួមទាំង “គូសាណូណ៌”។
ជំនួយឥតសំណងគូសាណូណ៌របស់ជប៉ុនបានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍនិងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន។គម្រោងជំនួយនេះមានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជាភាពក្រីក្រនិងភាពអកុសលដែលអាចគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅការចិញ្ចឹមជីវិតនិងសេចក្តីថ្លៃថ្នូររបស់ពួកគេក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ចាប់តាំងពីឆ្នាំ១៩៩១រដ្ឋា ភិបាលជប៉ុនបានផ្តល់ថវិកាជាង៦២លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាននិងអង្គការក្រៅរដ្ឋាភិបាលដើម្បីអនុវត្តគម្រោងគូសាណូណ៌ចំនួន៦៣៥គម្រោងនៅទូទាំងប្រទេសកម្ពុជា៕សរន