Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​សាមុយ​...

រថយន្ត​សាមុយ​ដឹក​អ្នកជំងឺ​បើក​បញ្ច្រាស​ផ្លូវ​បុក​ម៉ូតូ​មួយគ្រឿង បណ្តាលឱ្យ​បុរស​ម្នាក់​របួសធ្ងន់​

​ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: រថយន្ត​សាមុយ​ដឹក​អ្នក​ជម្ងឺ​បាន​បើកបរ​បញ្ច្រាស​ផ្លូវ ទៅបុក​ម៉ូតូ​មួយគ្រឿង បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ទល់មុខ​ហាង​គុយទាវ « ហុង​ប៊ូ » ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

​រថយន្ត​ខាងលើ ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ រដ្ឋ​12 2-0655​។ ចំណែក​បុរស​រងរបួស​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ ជា​អ្នកបើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក PCX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1N-4839 ។​
​ប្រភពព័ត៌មាន​បានអោយ​ដឹងថា នៅ​មុនពេល​កើតហេតុ រថយន្ត​សាមុយ បាន​ដឹក​អ្នក​ជម្ងឺ​ពី​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ឆ្ពោះទៅ​ខេត្តកណ្តាល ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងទិសដៅ​ពិ​ជើង​ទៅ​ត្បូង ។ លុះ​មកដល់​ចំណុចកើតហេតុ ដោយសារ​ស្ថានភាព​ផ្លូវ​មាន​លក្ខណៈ​កកស្ទះ​ចរាចរណ៍​ផង​នោះ រថយន្ត​សាមុយ​ក៏បាន​បើក​ទៅ​ផ្លូវ​ម្ខាង​ទៀត ដោយ​បញ្ច្រាស​ផ្លូវ និង​បើក​សា​រ៉ែ​ន​សុំ​ផ្លូវ​ផងដែរ​។​

​ប្រភព​ដដែល​បាន​បន្តថា ពេល​បើក​បញ្ច្រាស ស្រាប់តែ​ជ្រុល​ទៅបុក​គ្នា​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក PCX ដែល​បើកបរ​តែម្នាក់ឯង ក្នុង​ផ្លូវ​អាទិភាព​របស់គេ បណ្តាលអោយ​បុរស​ជា​ម្ចាស់​ម៉ូតូ​នោះ​ដួល​បោក​ផ្ទប់​នឹង​រថយន្ត រងរបួស​ធ្ងន់ធ្ងរ ។​ចំណែក​ម៉ូតូ និង​រថយន្ត​ត្រូវ​រង​ការខូចខាត​ដូចគ្នា ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍ ទាក់ទង​ហៅ​រថយន្ត​អោយមក​ទទួលយក​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​យកទៅ​សង្គ្រោះ ។​ចំណែក​អ្នក​ជម្ងឺ​ដែល​ស្ថិតក្នុង​រថយន្ត​សាមុយ​មួយគ្រឿង​ខាងលើ​នោះ ក៏​ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​រថយន្ត​ផ្សេងទៀត​អោយមក​ដឹក​បន្ត​យកទៅ​គោលដៅ​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​ផងដែរ ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​ជំនាញ​ចុះ​អន្តរាគ​ម៍​វាស់វែង អូស​យក​ទាំង​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​នៅពេល​ក្រោយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular