Home ព័ត៌មានជាតិ សេដ្ឋកិច្ច កម្ពុជា​សង្ឃឹ...

កម្ពុជា​សង្ឃឹមថានឹង​អាច​នាំ​ស្វាយ​ចេញ​ដោយ​ត្រង់​ទៅកាន់​ប្រទេស​ចិន​នៅ​ឆ្នាំ​ខាងមុខ​

ដោយ​: ពៅ​និមល​/​ភ្នំពេញ​: មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹង មកដល់ពេលនេះ​កំពុង​ព​ន្លឿ​ន​ការចុះ​ត្រួតពិនិត្យ អនាម័យ និង​ភូតគាម​អនាម័យ ចំការ​ស្វាយ កន្លែង​វេច​ខ្ចប់ និង​រោងចក្រ​ចំហាយ​ទឹក​ក្តៅ សម្លាប់​សមាសភាព​ចង្រៃ​លើ ផ្លែស្វាយ​ស្រស់ ខណៈដែល​រដ្ឋាភិបាល​ក​ម្ពុ​ជា​សង្ឃឹមថា នៅ​ឆ្នាំ​២០២១​ខាងមុខ នឹង​ទទួល បានការ​ឯកភាព​ពី​ភាគី​ចិន​ក្នុង​ការនាំ​ស្វាយ​ចេញ​ដោយ​ត្រង់​ក្រោយ​ឆ្លងកាត់​ការត្រួតពិនិត្យ យ៉ាង​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​។

​លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​កន្លង ទៅ​ថា ដោយសារ​ការនាំចេញ​លើក​ទី​១​នេះ ជាការ​នាំចេញ​ក្រៅផ្លូវការ​ពី​កម្ពុជា​ទៅ ប្រទេស​ចិន តាមរយៈ​ប្រទេស​វៀតណាម​នៅឡើយ ដែល​ក្នុងនោះ​ត្រូវ​ចំណាយ​ថវិកា ច្រើន​លើ​ការដឹកជញ្ជូន និង​ចំណាយ​ផ្សេងៗ​ទៀត ព្រោះ​ត្រូវធ្វើឡើង​តាមរយៈ​ប្រទេស វៀតណាម​សិន ដោយសារ​កម្ពុជា​មិនទាន់បាន​ឯកភាព​ទៅលើ​ការនាំចេញ​ផ្លែស្វាយ​ត្រង់ ទៅ​ចិន ដោយសារ​យើង​កំពុង​ត្រួតពិនិត្យ និង​វាយតម្លៃ​ចុងក្រោយ​។

​លោក​ឱ្យដឹងទៀតថា “​យើង​បានរៀបចំ​បណ្តើរៗ យើង​បាន​ចុះទៅ​បណ្តុះបណ្តាល​ដល់ ទីតាំង​និង​មាន​នាយកដ្ឋាន ខាង​វប្បកម្ម​ផង មាន​តាំងពី​នាយកដ្ឋាន​ការពារ​ថ្នាំ អនាម័យ និង​ភូតគាម​អនាម័យ​ផង ចុះទៅ​បណ្តុះបណ្តាល​នៅតាម​ទីវាល​។​យើង​កំពុងតែ​វាយតម្លៃ មិនទាន់​បញ្ចប់ យើង​បាន​វាយតម្លៃ​នៅក្នុង​ដំណាក់កាល​ទីមួយ​បាន​៦​រួចហើយ​ដែល​វា​ល្អ ហើយ យើង​បាន​ផ្ញើរ​ទៅ​ប្រទេស​ចិន​ហើយ ដើម្បី​ឱ្យគេ​ត្រួតពិនិត្យ​នៅក្នុង​ដំណាក់កាល​ទី​១ យើង​សង្ឃឹមថា​នៅក្នុង​បំណាច់​ខែ​១២​នេះ យើង​នឹង​វាយតម្លៃ​បន្ថែម​ក្រុមហ៊ុន និង​ចំការ ស្វាយ​ដែលមាន​លទ្ធភាព​ក្នុងការ​សម្លាប់​ដង្កូវ​រុយ​ដាក់​ទៅ​ជាមួយគ្នា​ជា​ដំណាក់​ទី​២​ថែមទៀត​”​។

​លោក​បន្តទៀតថា នៅ​ចុង​សប្តាហ៍​នេះ​លោក​រដ្ឋមន្ត្រី និង​ក្រុមការងារ​លោក​នឹង​ចុះទៅ​កន្លែង បង្កើត​សម្លាប់​មេរោគ ៣​ទៅ​៤​កន្លែង​នៅ​ខេត្តកំពង់ស្ពឺ និង​ទៅ​ចំការ​ស្វាយ​ដើម្បី​ពិនិត្យ​ផ្ទាល់ ដោយ​សង្ឃឹមថា ក្នុង​ខែមករា​ខាងមុខនេះ នឹង​ទួលបាន​ដំណាក់​ទី​២ ទាំង​ចំការ​ស្វាយ និង​រោងចក្រ​សម្លាប់​សមាសភាព​មេរោគ​ចង្រៃ ដើម្បី​ដាក់​ទៅកាន់​ប្រទេស​ចិន​ថែមទៀត​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៤ ខែធ្នូ អគ្គនាយកដ្ឋាន​កសិក​ម្ម​បានទទួល​ពាក្យស្នើសុំ ចុះបញ្ជី​ចំការ​ស្វាយ និង​ទីតាំង​វេច​ខ្ចប់​បាន​ចំនួន​៤៨ ក្នុងនោះ​មាន​ក្រុមហ៊ុន ម្ចាស់​ចំការ និង​សហគមន៍​កសិកម្ម​ដែលមាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្វាយ​សរុប​ជាង ២៨​ម៉ឺន​ហិច​តា ដើម្បី​ធ្វើការ​វាយតម្លៃ​លើ​លក្ខណសម្បត្តិ​គ្រប់បែបយ៉ាង​។ ក្នុងនោះ ដំណើរការ​ពិនិត្យ និង​វាយតម្លៃ​លើ​លក្ខណសម្បត្តិ​របស់​កសិដ្ឋាន​ដែលមាន​សក្តានុពល និង​ស្របតាម លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​មាន​ចំនួន​៥ និង​ទីតាំង​វេច​ខ្ចប់​ចំនួន​០១៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular