Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋាភិបាល​កម...

រដ្ឋាភិបាល​កម្ពុជា កែសម្រួល​អត្រាពន្ធគយ និង​អត្រា​អាករ​ពិសេស លើ​មុខទំនិញ​មួយចំនួន ដែល​អនុវត្ត ចាប់ពី​ដើមឆ្នាំ​២០២១ តទៅ

ដោយ​: ពៅ​និមល / ភ្នំពេញ​: រាជរដ្ឋាភិបាល បានចេញ​អនុក្រឹត្យ កែសម្រួល​អត្រាពន្ធគយ និង​អត្រា​អាករ​ពិសេស លើ​មុខទំនិញ​មួយចំនួន ក្នុងនោះ ការ​នាំចូល​ផលិតផល អាកុល សម្រាប់​បម្រើ ដល់​វិស័យ​សុខាភិបាល ត្រូវបាន​កែសម្រួល មក​ត្រឹម​សូន្យ ភាគរយ​។

​នៅក្នុង​អនុក្រឹត្យ ស្តីពី​ការកែសម្រួល អត្រាពន្ធគយ និង​អត្រា​អាករ​ពិសេស​លើ​មុខទំនិញ មួយចំនួន កាលពីពេល​កន្លងទៅនេះ រដ្ឋាភិបាល​កម្ពុជា សម្រេច​បន្ថយ អត្រាពន្ធ​នាំចូល លើ​មុខទំនិញ​វត្ថុធាតុដើម សម្រាប់​ផលិតកម្ម ចំណីអាហារ និង​ភេសជ្ជៈ និង​ប្រព័ន្ធ​សូ​ឡា ពី ៧ ភាគរយ មក សូន្យ​ភាគរយ​។ ទំនិញ​ឧបករណ៍ និង​គ្រឿង​ម៉ាស៊ីន​កែច្នៃ​សំខាន់ៗ​ដែល បម្រើការ ដល់​សង្វាក់​ផលិតកម្ម​នានា ត្រូវបាន​បន្ថយ​ពី ១៥ ភាគរយ មក សូន្យ​ភាគរយ​។ ចំណែក​មុខទំនិញ វត្ថុធាតុដើម និង​ម៉ាស៊ីន​កែច្នៃ​សំខាន់ៗ​បម្រើ​ការឱ្យ​សង្វាក់​ផលិតកម្ម នានា ត្រូវបាន​បន្ថយ​ពី ១៥ ភាគរយ មក ៧ ភាគរយ​។ ដោយឡែក មុខទំនិញ​អាល់កុល សម្លាប់​មេរោគ និង​មុខទំនិញ​មួយចំនួនទៀត ដែល​គាំទ្រ​ដល់​វិស័យ​ឧស្សាហកម្ម​ត្រូវបាន បន្ថយ​អត្រាពន្ធ ពី ៣៥ ភាគរយ មក ៧ ភាគរយ និង​មុខទំនិញ ជា​វត្ថុធាតុដើម និង​ធាតុ​ចូល ផលិតកម្ម ពី ៣៥ ភាគរយ មក ១៥ ភាគរយ​។​

​ពាក់ព័ន្ធ​នឹង​ការកែសម្រួល អត្រា​អាករ​ពិសេស លើ​មុខទំនិញ​មួយចំនួន​វិញ រដ្ឋាភិបាល បាន​បន្ថយ​អត្រា​អាករ​ពិសេស លើ​មុខទំនិញ​នាំចូល មុខទំនិញ​ប្រេងរំអិល ប្រើប្រាស់ ក្នុង​វិស័យ​វាយនភ័ណ្ឌ ម៉ាស៊ីន​លាងចាន និង​ទោចក្រយាន ពី ១០ ភាគរយ មក​សូន្យ​ភាគរយ មុខទំនិញ​សម្ភារៈ​អគ្គិសនី ប្រើប្រាស់​ក្នុងផ្ទះ ពី ២៥ ភាគរយ មក​សូន្យ​ភាគរយ និង​មុខទំនិញ ប្រេងរំអិល ជា​ធាតុ​ចូល ក្នុង​សង្វាក់​ផលិតកម្ម​នានា ពី ២៥ ភាគរយ មក​សូន្យ​ភាគរយ​។ រីឯ​មុខទំនិញ​អាល់កុល សម្លាប់​មេរោគ​ប្រើប្រាស់ ក្នុង​វិស័យ​សុខាភិបាល ត្រូវបាន​បន្ថយ អត្រាពន្ធ ពី ៣៥ ភាគរយ មក​សូន្យ​ភាគរយ និង​មុខទំនិញ​មេស្រា ដែលមាន​ជាតិ​អាល់កុល ចាប់ពី ៨០ ដឺ​ក្រេ ពី ៣៥ ភាគរយ មក ១៥ ភាគរយ​។ ការកែសម្រួល​អត្រាពន្ធ និង​អត្រា អាករ​ពិសេស លើ​មុខ​នាំ​ទំនិញ​ទាំងនេះ នឹងត្រូវ​អនុវត្ត ពីថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២១ តទៅ​៕/V-PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular