ដោយៈ បូកគោ / កំពតៈ ប្រជាពលរដ្ឋ ប្រមាណជិត ៣.៤០០ គ្រួសារ បានដាក់ពាក្យស្នើសុំ កាន់កាប់ដីជាង ១២.០០០ ហិកតា នៅតំបន់ការពារឧទ្យានជាតិ ព្រះមុនីវង្ស បូកគោ ដោយអះអាងថា ធ្លាប់អាស្រ័យផល យូរមកហើយ។ មតិមួយចំនួន បានសម្តែងក្តីព្រួយបារម្ភ ក្នុងករណីបើក្រុមការងារ គ្មានភាពហ្មត់ចត់ នោះ ជនឱកាសនិយម ពិតជានឹងទទួលផលចំណេញ លើគោលការណ៍ឆ្វៀលដី តាមអនុសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាលនេះ។
លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពត បានរាយការណ៍ឱ្យដឹង ក្នុងកិច្ចប្រជុំនារសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ថាៈ គិតចាប់តាំងពីថ្ងៃទី២៧ ខែកក្កដា រហូតដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ មន្ទីរបរិស្ថាន បានទទួលពាក្យស្នើសុំ ពីប្រជាពលរដ្ឋ ចំនួន ៣.៩១៣ ក្បាលដី ស្មើនឹង ៣.៣៨៦ គ្រួសារ លើផ្ទៃដី ១២.២៤៧ ហិកតា។ ក្នុងនោះ មានការស្នើសុំកាន់កាប់ដីព្រៃ ១.៤១៣ ក្បាលដី លើផ្ទៃដីព្រៃសរុបទំហំ ៥.៥៩៩ ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ស្រុកទឹកឈូ ស្រុកឈូក និងក្រុងកំពត ។
លោក សូត យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានមានប្រសាសន៍ថាៈ ដើម្បីឱ្យការពិភាក្សា រកដំណោះស្រាយ ទទួលលទ្ធផលវិជ្ជមាន និងប្រកបដោយ តម្លាភាព ក្រុមការងារ ត្រូវផ្តោតលើកត្តាសំខាន់ៗ មួយចំនួន ជាចាំបាច់។ បញ្ហាទាំងនោះ រួមមាន ១. ដីដែលប្រជាពលរដ្ឋ មានដំណាំដាំដុះជាក់ស្តែង និងអាស្រ័យផល យូរឆ្នាំមកហើយ, ២. ដីព្រៃគ្មានដាំដុះដំណាំ, ៣.ដីដែលស្ថិតនៅក្នុង ឧទ្យានជាតិបូកគោ ហើយមានទំនាស់, ៤. ដីព្រៃដែលបាន និងកំពុងកាប់រានថ្មី។
បន្ទាប់ពីចូលរួមយោបល់ របស់មន្ត្រីផ្នែកពាក់ព័ន្ធ អង្គប្រជុំ ក្រោមវត្តមានលោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងដីរដ្ឋខេត្តកំពត បានដាក់ចេញនូវគោលការណ៍ ប្រាំចំណុច ដើម្បីអនុវត្តបន្ត រួមមាន ១. ក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវអនុវត្តតាមគោលការណ៍ ណែនាំរបស់ សម្តេចប្រមុខរាជរដ្ឋាភិបាល ក្នុងការឆ្វៀលដី ចេញពីតំបន់ការពារ ជូនប្រជាពលរដ្ឋ។ ក្នុងនោះ ពិនិត្យឱ្យបានហ្មត់ចត់លើដីដែលអាស្រ័យផលជាក់ស្តែងបើមានដំណាំដាំដុះយូរមកហើយត្រូវដោះស្រាយជូនប្រជាពលរដ្ឋ។ ២. ក្រុមការងារខេត្តត្រូវរៀបចំផែនទីចំនួនបីបង្ហាញទីតាំងដែលប្រជាពលរដ្ឋបានស្នើសុំសម្រាប់ស្រុកទឹកឈូ ស្រុកឈូក និងក្រុងកំពតដាច់ដោយឡែកពីគ្នា និងរៀបចំផែនទីរួមរបស់ខេត្តដើម្បីដាក់ជូនកិច្ចប្រជុំអន្តរក្រសួង។ ៣. បែងចែកក្រុមការងារតូចៗចំនួនបីដើម្បីទទួលខុសត្រូវតាមក្រុងស្រុកទាំងបីបំណងពន្លឿនការងារឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ក្រុមការងារនេះគួរមានសមាសភាពពីក្រសួងបរិស្ថាន រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ពាក់ព័ន្ធ។៤. ត្រូវចុះដកបទពិសោធន៍នៅឃុំបឹងទូក ស្រុកទឹកឈូមុនគេដើម្បីឱ្យក្រុមការងារទាំងអស់បានយល់និងយកទៅអនុវត្តតាមគោលដៅនីមួយៗ។ ការងារនេះស្នើសុំប្រធានមន្ទីរបរិស្ថានខេត្ត និងប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរៀបចំផែនការចុះអនុវត្ត។ ៥. សុំឱ្យមានកិច្ចសហការ ជិតស្និទ្ធរវាងក្រុមការងារថ្នាក់ក្រសួង ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ដើម្បីពន្លឿនកិច្ចអនុវត្តការងារនេះឱ្យបានឆាប់រហ័ស និងទទួលជោគជ័យ។
សូមបញ្ជាក់ថា ជាមួយនឹងការបង្កើតក្រុមការងារដើម្បីសិក្សាមុននឹងឈានទៅកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋតាមអនុសាសន៍របស់សម្តេចតេជោនេះក៏មានមតិមួយចំនួនសម្តែងក្តីព្រួយបារម្ភខ្លាចក្រែងជនឱកាសនិយមទទួលផលចំណេញច្រើនជាងប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផលពិតប្រាកដ។
ប្រភពសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ថាៈ ដីព្រៃស្ថិតក្នុងដែនឧទ្យាជាតិ ព្រះមុនីវង្ស ពិសេសនៅភូមិសាស្ត្រ នៃឃុំបឹងទូក ស្រុកទឹកឈូ បាននិងកំពុងទទួលរង នូវការបំពាន ដើម្បីកាន់កាប់ តាមរូបភាពផ្សេងៗ។ អ្នកខ្លះប្រើវិធីជួល ប្រជាពលរដ្ឋ ឱ្យកាប់ឆ្ការជាថ្នូរនឹងការផ្តល់ប្រាក់កាស ដោយសកម្មភាពទាំងនេះ កំពុងកើតមាននៅឡើយ។
ប្រភពដដែល បានបញ្ជាក់ថាៈ បើគេក្រឡេកមើល ទៅតំបន់ទាំងនោះ ឃើញមានការដុតហុយផ្សែង ទាំងយប់ ទាំងថ្ងៃ គឺមិនមានសមត្ថកិច្ចណា បង្ក្រាបឡើយ។ ម្យ៉ាងទៀត នៅតំបន់ដែលនឹងត្រូវសិក្សា ដើម្បីកាត់ឆ្វៀល ប្រគល់សិទ្ធិកាន់កាប់នោះ ក៏ត្រូវបានគេរាយការណ៍ថា សម្បូរណ៍ដោយឈ្មោះមន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ ពិសេសថ្នាក់ដឹកនាំ មួយចំនួនផងដែរ៕/V