យុវ​សិស្ស​ជើង​ខ្លាំង​ជាង​១០០​នាក់​ចេញទៅ​ប្រ​គួ​ត​គណិតវិទ្យា​នៅ​សិង្ហ​បុរី​

1242
ចែករម្លែក

(​ភ្នំពេញ)៖ ក្រោម​កិច្ចសម្របសម្រួល​របស់​សាលា​អន្តរជាតិ ZAMAN និងអង្គការ​ពិ​ព័រ​ណ៍វិទ្យាសាស្ត្រកម្ពុជា ហៅ​កាត់​ថាSTEM យុវ​សិស្ស​កម្ពុជា ចំនួន១០២នាក់ ដែលជា​អ្នក​បានឈ្នះ​មេដាយមាស មេដាយប្រាក់និងមេ​ដា​សំរិទ្ធ ពី​ការប្រកួតប្រជែង​គណិត​វិទ្យា​អូ​ឡា​ព្យា​ដ សិង្ហ​បុរី ក្នុង​តំបន់​អាស៊ាន ដែល​ហៅ​កាត់​ថា SASMO បានចេញ​ដំណើរ​ទៅ​ចួ​ល​រួម​ប្រជែង​គ​ណិ​ទ្យា​អូ​ឡាំ​ព្យា​ដ នៅ​ប្រទេស​សិង្ហ​បុរី ដែល​ហៅ​កាត់ SIMOC ហើយ នៅ​ព្រឹក​ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៧ នេះ ដែល​នៅ​ទីនោះ ពួកគេ​នឹង​ប្រកួតប្រជែង​ជាមួយ​យុវ​សិស្ស​ជើង​ខ្លាំង​មកពី​ប្រទេស ចំនួន១៩ មកពី ទ្វីប អាស៊ី អ៊ី​រ៉ុ​ប អាហ្វ្រិក និង ទ្វីបអាមេរិក ។​

​តំណាង​សាលា​អន្តរជាតិ ZAMAN និង ជា​នាយក​អង្គការ​ពិ​ព័រ​ណ៍វិទ្យាសាស្ត្រកម្ពុជា លោក សេង រតនា បាន​ថ្លែង​ប្រកបដោយ​សុទិដ្ឋិនិយម​ថា “ ការប្រឡង​ពេលនេះ ជាការ​ប្រកួត​វគ្គ​ផ្តា​ព្រ័ត ហើយ​អ្នក​ដែល​ចូលរួម​ប្រកួត​នៅ​វគ្គ​នេះ សុទ្ធតែជា​ជើង​ខ្លាំង ដូច្នេះ​វិញ្ញ​សា​លើក​នេះ ខ្ញុំ​ជឿថា មាន​លំបាក​ជាង​មុន ។ ទោះយ៉ាងណា​ខ្ញុំ​ជឿថា យុវ​សិស្ស​តំណាងឱ្យ​ប្រទេស​កម្ពុជា​ដែល​ទៅ​ចូលរួម​ប្រកួត​នៅពេលនេះ នឹង​ទទួលបាន​ជោគជ័យ​កាន់តែ​ច្រើនជាង​បណ្តា​ឆ្នាំមុនៗ ព្រោះ​ឆ្នាំនេះ មិនមែនជា​ឆ្នាំ​ទី ១ ឬ ក៏​ជា​ឆ្នាំ​ទី ២ ដែរ ប៉ុន្តែ​គឺជា​ឆ្នាំ​ទី ៣ ហើយ ដែល​យើង​បាន​ចូលរួម​ប្រកួត​បែបនេះ ។ ដូច្នេះ​យើង​សិស្ស​របស់​យើង មានបទពិសោធន៍ និងបាន​សិក្សា​ស្រាវជ្រាវ​ត្រៀម​បាន​ច្រើនជាង​មុន” ។​

​សូមបញ្ជាក់ថា យុវ​សិស្ស​ដែល​ទៅ​ចូលរួម​ប្រកួត​នៅពេលនេះ គឺជា​ជ័យលាភី​គណិតវិទ្យា ចាប់ពី​ថ្នាក់​ទី ២ ដល់ ថ្នាក់​ទី ១១ របស់ SASMO ដែល​បាន​ប្រកួត​កាលពី​ថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០១៧ ដោយ​កាលណោះ មាន​យុវ​សិស្ស​ជាង ១.៣០០ នាក់ មកពី​សាលា​រដ្ឋ និង សាលា​ឯកជន​ចំនួន ៤៤ នៅ​ទូទាំងប្រទេស​បាន​ចូលរួម​ប្រកួត ដោយ​កាលណោះ មាន​សិស្ស​ដែល​ទទួលបាន មេដាយមាស មេដាយប្រាក់ និង មេដាយសំរិទ្ធ ចំនួន៤៥៤ នាក់ ហើយ​ជ័យលាភី​ទាំងនោះ ត្រូវបាន​សម្រិតសម្រាំង​មក​នៅត្រឹម ១០២ នាក់​នាពេលនេះ ។​

​គួរ​រំលឹក​ផងដែរ​ថា នេះ​គឺជា​ឆ្នាំ​ទី៣ហើយ ដែល ZAMAN និង អង្គការ STEM កម្ពុជា បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃការប្រឡងគណិតវិទ្យា​អូ​ឡាំ​ព្យា​ដ និង បាន​បញ្ជូន​យុវ​សិស្ស​កម្ពុជា ទៅ​ចូលរួម​ប្រកួត​គ​ណិ​ទ្យា​វិទ្យា​នៅ​សិង្ហ​បុរី ឬ SIMOC ដោយ​កាលពី​ឆ្នាំ ២០១៥ បាន​បញ្ជូនយុវ​សិស្ស៤០នាក់ ហើយ​បាន​នាំមក​វិញ​នូវ​មេដាយ​ចំនួន០២ គ្រឿង ។ លើក​ទី ២ នៅ​ឆ្នាំ ២០១៦ បាន​បញ្ជូន​យុវ​សិស្ស​ជើង​ខ្លាំង៩០ នាក់​ទៅ​ចូលរួម​ប្រកួត ហើយ​បាន​នាំមក​នូវ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ជូន​ជាតិ​មាតុភូមិ ដោយ​បានឈ្នះ​មេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធចំនួន៤១គ្រឿង ៕ ​ដោយ ៖មេសា

លោក សេង រតនា ពេល​ផ្តល់​បទសម្ភាសន៍​ដល់​អ្ន​ក​ព័ត៌មាន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ( សេង រតនា )
យុ​សិស្ស​កម្ពុជា ដែល​នឹង​ទៅ​ចូលរួម​ប្រកួត​គណិទវិទ្យា​អូ​ឡាំ​ព្យា​ដ វគ្គ​ផ្តាច់​ព្រ័ត នៅ​សិង្ហ​បុរី ( យុវ​សិស្ស​)