ដោយៈ សរិទ្ធ / កណ្ដាលៈ លោកតា អាយុ៨៦ឆ្នាំម្នាក់ បានយកកាំបិតផ្គាក់ កាប់ប្តីប្រពន្ធ ពីរនាក់ បណ្ដាលឲ្យរបួសយ៉ាងដំណំ ដោយសារជម្លោះ ទាស់ពាក្យសំដីគ្នា រឿងព្រំដី។ ក្រោយកើតហេតុភ្លាមៗ លោកតាម្នាក់នោះ ត្រូវបាននគរបាល ស្រុកកណ្ដាលស្ទឹង ឃាត់ខ្លួន កាលពីម៉ោង ៣និង៣០នាទី រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅភូមិស្ទឹង ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង។
មន្ត្រីនគរបាល ស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ ស៊ឹង ប៉ឹង ភេទប្រុស អាយុ៨៦ឆ្នាំ។ ចំណែកជនរងគ្រោះ ឈ្មោះ សាន់ សុខា អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ និងប្រពន្ធឈ្មោះ ស្រ៊ុន លាវ អាយុ៤៩ឆ្នាំ ។ ទាំងជនសង្ស័យ និងជនរងគ្រោះ មានលំនៅ នៅភូមិរុន ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
ប្រភពដដែល បានបន្តថាៈ កន្លងមក ជនសង្ស័យ និងជនរងគ្រោះ ធ្លាប់មានជម្លោះ ទាស់ពាក្យសំដីគ្នា រឿងព្រំដី រហូតដល់ថ្ងៃទី១៥ ខែធ្នូ ជនសង្ស័យ បានយកកាំបិតផ្គាក់ កាប់មែកឈើរបស់ជនរងគ្រោះ ដែលចូលដីរបស់ខ្លួន ហើយក៏មានការជេរដៀមដាមគ្នា។ រហូតមកដល់ថ្ងៃទី១៧ ខែឆ្នូ ជនសង្ស័យ បានជិះកង់ ដាក់កាំបិតផ្គាក់ ចងពីក្រោយ ទៅចាំស្ទាក់ផ្លូវជនរងគ្រោះមុន ។ រហូតដល់ម៉ោងប្រមាណ ៣ រសៀល ជនសង្ស័យ បានឃើញជនរងគ្រោះ ទាំងពីរនាក់ ជិះម៉ូតូឌុបគ្នា ក៏ស្ទុះទៅកាប់ជនរងគ្រោះ ទាំងពីរនាក់ បណ្ដាលឲ្យរបួស យ៉ាងដំណំ។ បន្ទាប់ពីកាប់ជនរងគ្រោះរួច ជនសង្ស័យក៏បានជិះកង់ ត្រឡប់ទៅផ្ទះវិញ។
ក្រោយទទួលបានព័ត៌មានភ្លាមៗ កម្លាំងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំរលាំងកែន បានចុះឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកកាន់អធិការដ្ឋាន នគរបាល ស្រុកកណ្ដាលស្ទឹង ដើម្បីបន្តតាមនីតិវិធី៕/V-PC