ដោយៈសរិទ្ធ/កណ្តាល: នគរបាលស្រុកមុខកំពូល បានចាប់ខ្លួន ជនជាប់ចោទម្នាក់តាមដីការបស់តុលាការពីបទលួចលក់អចលនទ្រព្យរបស់អ្នកដទៃ កាលពីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។
ជនជាប់ចោទឈ្មោះ យឹម សំអុល ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវចាប់ខ្លួនយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៩១៥ដកបចខ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ពីបទ លួចលក់អចលនទ្រព្យរបស់អ្នកដទៃ ប្រព្រឹត្តនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីអំឡុងឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៥៥នៃច្បាប់ភូមិបាល។
លោកចៅក្រម អាត ច័ន្ទដារា បានសម្រេច បង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ យឹម សំអុល និងបញ្ជាដល់ប្រធានពន្ធនាគារខេត្តកណ្តាល ឬមណ្ឌលឃុំខ្លួនខេត្តកណ្តាល ឲ្យទទួលនិងឃុំខ្លួនបុគ្គលនេះ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕