ដោយៈរ៉ាម៉ន/ភ្នំពេញៈ ស្ពានអាកាសថ្មើរជើងនៅទីតាំងស្តុបសន្ធរម៉ុកជាប់ព្រំប្រទល់ សង្កាត់ចំនួន៣នោះ គឺសង្កាត់ទឹកល្អក់ទី១ សង្កាត់ផ្សារដេប៉ូទី២ និងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក មកដល់ពេលនេះការដ្ឋានទាំងមូលបានសម្រេចជាច្រើនភាគរយហើយ ហើយពេលដ៏ខ្លីនេះនឹងស្ទូចដាក់តួស្ពាន។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ធ្នូនេះថា៖ ការដ្ឋានស្ពានអាកាសថ្មើរជើងទាំងមូល នៅទីតាំងស្តុបសន្ធរម៉ុក មកដល់ពេលនេះ បានបុកគ្រឹះ និងចាក់តំឡើងសរសរបានរួចរាល់៣ដើមហើយ គឺនៅសល់១ដើមទៀត។ ពេលដ៏ខ្លីនេះយើងនឹងស្ទូចដាក់តួស្ពានហើយ ។ ស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកនេះ ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស បានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។
គួរបញ្ជាក់ថា មកដល់ពេលនេះរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៤កន្លែង ហើយក្នុងនោះរួមមាននៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាង គង្ហីងមានចំនួន១កន្លែង និងនៅផ្សារដើមគរមានមួយកន្លែងទៀត។
បើតាមគម្រោងរដ្ឋបាលរាជធានីភ្នំពេញនឹងកសាងស្ពានអាកាសថ្មើរ ជើងចំនួន២៥ទីតាំងទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍ និងទីក្រុងមានភាពស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕