ដោយ: ភ្នំស្វាយ / ព្រំដែនកម្ពុជា-ថៃ: សម្ពាធរបស់សមាគមសេដ្ឋកិច្ចគ្រប់គ្រាន់ ឬហៅថា សេដ្ឋកិច្ចមូលដ្ឋានថៃ គឺជារឿងនៅពីក្រោយខ្នង ទើបជំរុញអោយភាគីថៃ ស្នើភាគីកម្ពុជា ចូលរួមប្រជុំដ៏ប្រញាប់ លើបញ្ហាបន្ធូរបន្ថយច្បាប់ ស្តីពីការគ្រប់គ្រងស្ថានការណ៍ គ្រាអាសន្ន ដើម្បីជួយដោះស្រាយសេដ្ឋកិច្ចតំបន់ និងជីវភាពពលរដ្ឋ។ នេះបើយោងមន្ត្រីរដ្ឋបាល ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានប្រាប់កាសែតរស្មីកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ។
ការព្រមទម្លាយប្រាប់ដូច្នេះ បន្ទាប់ពីប្រតិភូ នៃកងទ័ពភូមិភាគទី១ និងរដ្ឋបាល ខេត្តស្រះកែវរបស់ថៃ បានអញ្ជើញសមភាគីកម្ពុជា គឺយោធភូមិទី៥ និងរដ្ឋបាលខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ចូលរួមកិច្ចប្រជុំ ពិភាក្សាការងារ ជាមួយខេត្តស្រះកែវ ប្រទេសថៃ ដើម្បីជំរុញឲ្យមានដំណើរសេដ្ឋកិច្ច ក្នុងតំបន់ឡើងវិញ បន្ទាប់ពីបិទមួយរយៈ ដោយសារជំងឺកូវីដ ១៩ ដែលធ្វើនៅលើស្ពានមិត្តភាព នៃច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង-ច្រកទ្វារព្រំដែនអន្តរជាតិ ខៅឌិន ស្រុកខ្លងហាត ខេត្តស្រះកែវ កាលពីថ្ងៃទី១៧ ខែធ្នូ នាពេលថ្មីៗនេះ ។
មន្ត្រីខាងលើ បានបន្តថាៈ ផ្នែកឯកជនថៃ គឺសមាគមសេដ្ឋកិច្ចគ្រប់គ្រាន់ថៃ បានប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច នៃរាជរដ្ឋាភិបាលថៃ ពីការធ្លាក់ចុះសេដ្ឋកិច្ច និងជីវភាពពលរដ្ឋថៃ ដែលបង្កឡើងពីវិបត្តិសាកល នៃការរីករាលដាល ជំងឺកូវីដ ១៩ ។ ប៉ុន្តែមូលហេតុចម្បងជាងនេះ គឺនៅទីផ្សារពលកម្មថៃ ដោយឡែក នៅតំបន់ព្រំដែន ដែលតែងពឹងទាំងស្រុង លើពលករកម្ពុជា ដែលចូលទៅប្រទេសថៃ ដើម្បីធ្វើការ ពិសេសនៅរដូវប្រមូលផលនោះ ឥឡូវនេះ គ្មានពលករឡើយ។ ដូច្នេះហើយ សមាគម បានស្នើសុំអាជ្ញាធរ រដ្ឋាភិបាលថៃ អោយជួយសម្រួល ឬបន្ធូរបន្ថយលើច្បាប់ ស្តីពីការគ្រប់គ្រង ក្នុងស្ថានភាពអាសន្ន ដើម្បីអោយមានលំហូរ ពលករកម្ពុជា ចូលទៅធ្វើការ នៅក្នុងប្រទេសថៃបាន ។
សូមបញ្ជាក់ថាៈ ក្នុងកិច្ចប្រជុំប្រញាប់នោះ ភាគីថៃ ដឹកនាំដោយ មេបញ្ជាការរង កងទ័ពភូមិភាគទី១ លោក កៀត ពិស័ក្ដិចាន់ថ្រា អភិបាលខេត្តស្រះកែវ ។ ឯភាគីកម្ពុជា ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរង យោធភូមិភាគទី៥ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងមន្ត្រីរាជការស៊ីវិល កងកម្លាំងក្នុងក្របខ័ណ្ឌសមាជិក គណៈកម្មាធិការភូមិភាគ និងក៏ជាសមាជិកគណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
បំណងនៃកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់នោះ បានផ្តោតសំខាន់ ទៅលើការបន្ធូរបន្ថយច្បាប់ ស្ដីពីការគ្រប់គ្រងស្ថានការណ៍ ក្នុងគ្រាអាសន្ន នៅក្នុងប្រទេសថៃ ដើម្បីសម្រួលដល់ ប្រជាពលរដ្ឋ ក្នុងការចូលទៅធ្វើការ និងប្រកបអាជីវកម្មវិញបាន ក្រោយពេលដែលមានការផ្អាក ជាបណ្ដោះអាសន្ន ក្នុងកំឡុងពេល នៃវិបត្តិកូវីដ-១៩ បានផ្ទុះឡើង នៅក្នុងប្រទេសថៃ និងប្រទេសកម្ពុជា ជាពិសេស ដើម្បីសម្រួលដល់ ការស្ដារសេដ្ឋកិច្ចឡើងវិញ នៃប្រទេសទាំងពីរ ក្រោយទទួលរងគ្រោះ នូវវិបត្តិនេះឡើង។
កិច្ចប្រជុំនេះ មានរបៀបវារៈ ចំនួន ៣ សំខាន់គឺៈ ១-ឱ្យពលករកម្ពុជា ចូលមកធ្វើការប្រមូល ផលិតផលកសិកម្ម នៅប្រទេសថៃ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ២-ឱ្យអាជីវករកម្ពុជា ចូលមកប្រទេសថៃ ដើម្បីប្រកបអាជីវកម្ម នៅក្នុងផ្សាររោងក្លឿ (ខាងខេត្តបន្ទាយមានជ័យ) និង៣-បើកដំណើរការ ស្ពានមិត្តភាព ណងអៀន-ស្ទឹងបត់ (ខាងខេត្តបន្ទាយមានជ័យ )។
ក្រោយពីធ្វើការពិភាក្សារួចមក ភាគីកម្ពុជា និងភាគីថៃ បានសម្រេចលទ្ធផលដូចជាៈ
ទី១.ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ស្នើឲ្យភាគីខេត្តស្រះកែវ អនុវត្តវិធានការសុខាភិបាល ចត្តាឡីស័ក ១៤ ថ្ងៃ នៅប្រទេសថៃ ដល់ប្រជាពលរដ្ឋកម្ពុជា មុននឹងចូលទៅធ្វើការធម្មតា ដែលក្នុងនោះ ភាគីខាងខេត្តស្រះកែវ បានឯកភាព។ ចំណែកថៅកែ ឬនិយោជក ដែលយកប្រជាពលរដ្ឋខ្មែរ ទៅធ្វើការ គឺជាអ្នកធានាសុខភាព និងរ៉ាប់រងថ្លៃចំណាយទាំងអស់ក្នុងកំឡុងពេលធ្វើចត្តាឡីស័ក ។
ទី២.រដ្ឋបាលខេត្តបន្ទាយមានជ័យ បានស្នើសុំដល់ភាគីខេត្តស្រះកែវ ស្នើឱ្យបន្ថែមពេលវេលា បើកច្រកព្រំដែនតំបន់ម៉ាឡៃ (ដោយប្តូរពេលបើកពីម៉ោង ៩ព្រឹក មកម៉ោង ៧ព្រឹកវិញ និងសម្រួលឲ្យមានការចរារចណ៍ ដឹកជញ្ជូនទំនិញបាន)។ ភាគីខេត្តស្រះកែវ ទទួលយកសំណើ និងយកទៅពិភាក្សាបន្ថែម ។
ទី៣.ក្នុងករណីពលករកម្ពុជា មានជំងឺ ឬ វិជ្ជមានកូវីដ-១៩ ស្នើឲ្យភាគីខេត្ត ទទួលរាប់រងព្យាបាល។ ករណីនេះ ភាគីខេត្តស្រះកែវ មិនទាន់ឆ្លើយតប និងយកទៅពិភាក្សាបន្ថែម ។
ទី៤.ខេត្តបន្ទាយមានជ័យ ស្នើឲ្យមានការអនុញ្ញាត ដល់អាជីវករ អាចចូលទៅលក់ដូរទំនិញ នៅផ្សាររោងក្លឿ ដោយគោរពតាមវិធានការ របស់ក្រសួងសុខាភិបាល នៃប្រទេសទាំង២ ។ ខាងភាគីថៃ បានឯកភាព ចំពោះការចូល ទៅលក់ដូរជាធម្មតា តែត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ។ នេះចំពោះអាជីវករ ត្រូវចូលទៅលក់ រយៈពេលយូរ ៣ ទៅ ៤ ខែ ។ ដោយឡែក ចំពោះពលរដ្ឋចូលព្រឹក វិលល្ងាច ទាំងទៅផ្សាររោងក្លឿ និងធ្វើការតាមព្រំដែននោះ ភាគីខេត្តទាំង ៣ ពុំទាន់មានការ ឯកភាពនោះទេ ដោយសុំពិភាក្សាបន្ត និងស្នើសុំគោលការណ៍ ទៅប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំង ២ សិន ។
គួរបញ្ជាក់ថាៈ ក្នុងកិច្ចប្រជុំពិភាក្សានេះ ភាគីខេត្តស្រះកែវ បានរៀបចំព្រាងកំណត់ហេតុរួមមួយ ដោយមានការចុះហត្ថលេខា ៣ ភាគី មានខេត្តស្រះកែវ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ។ ដោយឡែក ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ស្នើសុំយកសេចក្តីព្រាង កំណត់ហេតុរួមនេះ មកពិនិត្យជាមុនសិន និងចំណុចដែលខេត្ត មិនអាចសម្រេចបាន ខេត្តនឹងស្នើសុំគោលកាណ៍ ទៅក្រសួងមហាផ្ទៃ នៃកម្ពុជា ជាមុនសិន ៕/V