Home ព័ត៌មានជាតិ សន្តិសុខ ប៉ូលិស​ចាប់ខ្...

ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់​ចាប់​បង្ខាំង​សិស្សស្រី​រំលោភ រួច​ជម្រិត​ទារប្រាក់​ពី​ឪពុកម្តាយ​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​ចាប់​សិស្សស្រី​បង្ខាំង​ទុក​នៅក្នុង​បន្ទប់​ផ្ទះសំណាក់ រួច​ចាប់រំលោភ និង​ជំរិត​ទារប្រាក់​ចំនួន ១០​លាន​រៀល ពី​ឪពុកម្តាយ​ក្មេងស្រី​ជនរងគ្រោះ​។ បុរស​រូបនេះ ត្រូវបាន​ចាប់ខ្លួន នៅ​ចំណុច​ផ្លូវ​បេតុង​ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​។​

​ជនសង្ស័យ​មានឈ្មោះ សៅ ប្រុស ហៅ​បញ្ញា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ស្រែ​ក្នុង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

​តាម​របាយការណ៍​រប​ស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល​បានឱ្យដឹងថា កាលពី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ ជនរងគ្រោះ​ឈ្មោះ អ ឧ ស អាយុ ១៦​ឆ្នាំ ជា​សិស្ស​នៅ​ខេត្តកំពង់ឆ្នាំង ទើប​មក​ភ្នំពេញ​រយៈពេល​ប្រហែល​កន្លះ​ខែ ដើម្បី​មកលេង​ផ្ទះ​ម្តាយ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ លុះ​នៅ​ថ្ងៃកើតហេតុ​ខាងលើ​មាន​មិត្តភក្តិ​ស្រី​ម្នាក់​ឈ្មោះ ច ស ន ជិះ​ម៉ូតូ​មក​ឌុប​ក្មេងស្រី​រងគ្រោះ​ទៅ​ដើរលេង​ម្តុំ​វត្ត​ជន្លង់ម្លូ សង្កាត់​ភ្លើង​ឆេះរ​ទះ ខណ្ឌ​កំបូល ហើយក៏​ជិះ​មក​ឈប់​អង្គុយលេង​ក្បែរផ្លូវ​រថភ្លើង​ក៏បាន​ជួប​ជនសង្ស័យ​មិនដែល​ស្គាល់គ្នា​ដែល​កំពុង​អង្គុយលេង​លើផ្លូវ​រថភ្លើង ហើយ​ជនសង្ស័យ​ក៏​សួរនាំ​ក្មេងស្រី​ទាំង​២​នាក់​នោះ​នឹង​ចាប់ផ្តើម​ស្គាល់គ្នា​តែម្តង​។

​បន្ទាប់មក​ក្មេងស្រី​ទាំង​២​នាក់​បម្រុង​ជិះ​ម៉ូតូ​ចេញទៅ​លេង​វត្ត​ជន្លង់ម្លូ​ក៏​ជនសង្ស័យ​ផ្ញើ​លុយ​តាមរយៈ​ពួកគេ​ទាំង​២​នាក់​ឱ្យ​ទិញ​ទឹក​សុទ្ធ​០២​ដប​ឱ្យ​ផង​បើ​ត្រឡប់មកវិញ​។ លុះ​បន្ទាប់មក​ក្មេងស្រី​ទាំង​២​នាក់​ក៏បាន​ជិះ​ម៉ូតូ មកលេង​នៅ​វត្ត​ជន្លង់ម្លូ​បាន​មួយសន្ទុះ​។​ក៏​ត្រឡប់មក​នៅ​ចំណុច​ផ្លូវ​រថភ្លើង​វិញ​ដោយបាន​ទិញ​ទឹក​សុទ្ធ​ឱ្យ​ជនសង្ស័យ​០២​ដប​។ នៅពេលនោះ​ជនសង្ស័យ​ក៏​ល្បួង​ជនរងគ្រោះ​ថា ឱ្យ​លុយ​២​ម៉ឺន​រៀល​បើ​ឌុប​ខ្លួន​ទៅយក​ដង​សម្រាប់​ថតទូរ​ស័ព្ទ​និង​ជូនទៅ​កន្លែងធ្វើការ​ហើយ​ក្មេងស្រី​រងគ្រោះ​ក៏​យល់ព្រម​។ ក្មេងស្រី​រងគ្រោះ​ឈ្មោះ អ ឧ ស ក៏​ជិះ​ម៉ូតូឌុប​ជនសង្ស័យ​ចេញទៅ ដោយ​ទុក​មិត្តភក្តិ​ម្នាក់​ឈ្មោះ (​ច ស ន )​ឱ្យ​នៅចាំ​កន្លែង​ផ្លូវ​រថភ្លើង​កន្លែងកើតហេតុ​។​លុះ​ពី​ពេល​នោះមក​មិត្តភក្តិ​ក៏បាន​អង្គុយចាំ​មិនឃើញ​ក្មេងស្រី​រងគ្រោះ​ត្រឡប់មកវិញ​។ ស្រាប់តែ​ក្រោយមក​ឪពុក​ក្មេងស្រី​រងគ្រោះ ក៏បាន​តេ​ទូរស័ព្ទ​មក​ប្រពន្ធ​ឲ្យ​ដើររក​កូនស្រី ដោយមាន​ទូរស័ព្ទ​ប្រាប់ថា បើ​ចង់បាន​កូនស្រី​យកទៅ​វិញ​ឱ្យ​ផ្ញើ​លុយ ១០​លាន​រៀល​។ ម្តាយ​ជនរងគ្រោះ​ក៏បាន​ដាក់ពាក្យ​ប្តឹងទៅ​កន្លែង​សមត្ថកិច្ច​។ កម្លាំង​នគរបាល​ក៏​បានចេញ​ស្រាវជ្រាវ​ស៊ើបអង្កេត ក៏​នៅ​ថ្ងៃ​ខាងលើ​ឈានទៅ​បង្ក្រាបបាន​ជនសង្ស័យ​និង​ដកហូត​ទូរស័ព្ទដៃ​០១​គ្រឿង​សម្រាប់​តេ​ទារ​ជំរិត​ប្រាក់​រួម​ម៉ូតូ​០១​គ្រឿង​។​

​ប្រភព​ដដែល​បញ្ជាក់ថា ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ពិតជា​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ និង​ធ្វើ​សកម្មភាព​ចាប់រំលោភ​ជនរងគ្រោះ​៥​ដង​។ ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង​ចាប់​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​នោះ​ហើយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular