Home ព័ត៌មានជាតិ សង្គម បិទ​វគ្គ​ហ្វឹ...

បិទ​វគ្គ​ហ្វឹកហ្វឺន​ពង្រឹង​យោធា បាញ់​គ្រាប់​ពិត​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​

ដោយ ៖ ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ពង្រឹង​យោធា​បាញ់​គ្រាប់​ពិត នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ ដែល​បានធ្វើ​នៅ​ទីលាន​(​ភ្នំ​ខ្លា​កូន​) នា​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កម្ពុជា​ស្វាយ ក្រុង​សិរី​សោ​ភ៌​ណ បាន​បិទ​ហើយ​កាលពី​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​លោក​ទោ សេង ធា​រិ​ន មេបញ្ជាការរង​និង​ជា​នាយសេនាធិការ​យោធភូមិភាគ​ទី​៥​។ មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ វរសេនីយ៍​នៃ​កងកម្លាំង​ទាំង​៣ និង​ច្រើន​អង្គភាព​និង​អាជ្ញាធរ​ដែនដី​ម្ចាស់​មូលដ្ឋាន​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជឹម ប៊ុន​អាន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ក្នុង​ផែនការ គឺ​តំបន់​ត្រូវធ្វើ​វគ្គ​ហ្វឹកហ្វឺន​ចំនួន​៤​វគ្គ ប៉ុន្តែ​សារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ទើប​ខេត្ត​ធ្វើ​បានតែ​១​វគ្គ ក្នុងនោះ​មាន​សិក្ខាកាម​១០០​នាក់ ដែល​បាន​បិទ​វគ្គ​ពេលនេះ​។​

​លោក​បន្តថា​៖ ខ្លឹមសារ​វគ្គ​មាន យោធា​រួម អប់រំ​ចិត្តសាស្ត្រ យុទ្ធវិធី បូក​បច្ចេកទេស​ថ្មើរជើង​។ ហើយ​លទ្ធផល​ហ្វឹកហ្វឺន​គឺ​និទ្ទេស​ល្អ​៣៧% បង្គួរ​៤៤% និង​មធ្យម​១៩%​។ ក្នុងនោះ​ក៏មាន​យុទ្ធ​ដំណើរ​ទ័ព បោះទ័ព​ត្រៀម​ការពារ​ទីតាំង និង​បាញ់​គ្រាប់​ពិត​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សេង ធា​រិ​ន មេបញ្ជាការរង​និង​ជា​នាយសេនាធិការ​យោធភូមិភាគ​ទី​៥ បាន​មានប្រសាសន៍ថា ដូច​ផែនការ​របស​អគ្គ​បញ្ជ​ការដ្ឋាន​កងយោធពល​ខេមរៈភូមិន្ទ និង​អនុសាសន៍​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេ​បញ្ជ​ការរង​កង​យោពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជ​ការ​កងទ័ពជើងគោក គឺ​ការហ្វឹកហ្វឺន​ជា​អាទិភាព​ត្រូវធ្វើ​ឲ្យ​សកម្ម ហើយ​ដូច​ភ្លៀងរលឹម​។​

​ក្នុងនោះ យើង​ក៏បាន​នឹង​កំពុង​ខិតខំ​បង្កើត​សាលា រៀបចំ​មេរៀន និង​យោធា​ចា​រ្យ​សម្រាប់​ការហ្វឹកហ្វឺន​យោធា​នៅក្នុង​ប្រទេស ដែល​ទៅ​ថ្ងៃ​ខាងមុខ ត្រូវ​កាត់បន្ថយ​ការហ្វឹកហ្វឺន​នៅ​បរទេស​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សេង ធា​រិ​ន បាន​បន្តថា​៖ ជាក់ស្តែង ទោះជា​រង​ផលប៉ះពាល់​ពី​វិបត្តិ​នៃ​ការរីក​រាល​នៃ​ជំងឺ​កូ​វិដ​១៩ ក៏​យោធភូមិភាគ​និង​កងកម្លាំង​តាម​កងពល តំបន់​ប្រតិបត្តិការ​សឹក​និង​កងឯកភាព​នានា​នៅតែ​បាន​ហ្វឹកហ្វឺន​បន្តបន្ទាប់​ដែរ​។​

​នាឱកាស​នោះ លោក​ក៏បាន​កោតសរសើរ​កង​ទ័ព​ចំណុះ​យោធភូមិភាគ ក៏​ដូច​កងកម្លាំង​២​ប្រភេទ​ទៀត នៅ​ខេត្តបន្ទាយមានជ័យ​ដែល​បាន​សហការ​ល្អ​ជាងគេ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ការងារ​ការពារ ថែរក្សា​សន្តិសុខ សុវត្ថិភាព​និង​ការងារ​អន្តរាគមន៍ ការងារ​សង្គម​ជួយ​ពលរដ្ឋ​គ្រប់​គ្រា ហើយ​ទទួលបាន​ការកោតសរសើ​រ​ពីស​ម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏​ដូច​ក្រសួងការពារជាតិ អគ្គបញ្ជាការ និង​កងទ័ពជើងគោក​។​

​លោក​មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ ក៏​រំលឹក​ពី​ការ​អរគុណ​សន្តិភាព នយោបាយ​ឈ្នះ ឈ្នះ​និង​ដឹងគុណ​ស្ថាបនិក​មគ្គុទេសក៍​ឯក និង​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ ឈ្នះ ដែល​នាំមក​នូវ​សន្តិភាព ឯកភាព​និង​ការអភិវឌ្ឍន៍​ជាតិ​មាតុភូមិ ។

​ពិសេស​ជួយ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​បាន​កក់ក្តៅ មាន​ជីវភាព​ប្រសើរឡើង និង​រស់នៅ​សុខុម​ដុ​រម្យ​នា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular