ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ គ្រួសារងាយរងគ្រោះ ១៣ គ្រួសារ នៅភូមិត្រពាំងបី បានទទួលអំណោយជាស្បៀង រួមនឹងថវិកា ពីលោក អម សុភា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅបរិវេណវត្តត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានមានប្រសាសន៍ឲ្យដឹងថាៈ ប្រជាពលរដ្ឋ ដែលមកទទួលអំណោយ នៅពេលនេះ មានចំនួន ១៣ គ្រួសារ ជាគ្រួសារដែលងាយរងគ្រោះ ជួបការលំបាក ដែលបានរងនូវ ផលប៉ះពាល់ជីវភាព ក្នុងអំឡុងនៃការរីករាលដាល នៃជំងឺកូវីដ ១៩ ។ អំណោយដែលបានផ្តល់ជូន គឺក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥ គីឡូក្រាម ទឹកត្រី១យួរ ឬ ទឹកស៊ីវអ៊ីវ១យួរ មី១កេស ត្រីខ១យួរ និងថវិកា ៣ ម៉ឺនរៀល ៕/V