ដោយ:ដេប៉ូ / ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក ជា វ៉ាន់ដេត បានអំពាវនាវដល់ សិស្សានុសិស្សដែលជាប់ ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប គប្បីពិចារណា ចាប់យក ការសិក្សាជំនាញបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ទូរគមនាគមន៍បច្ចេកវិទ្យាឌីជីថល និងជំនាញដទៃទៀត ពាក់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ។
ការអំពាវនាវរបស់លោក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ បែបនេះ ក្រោយពីពេលដែលប្រមុខរាជរដ្ឋាភិបាល កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យសិស្សប្រឡងបាក់ឌុប ទាំងអស់ ជាប់ជាស្ថាពរ កាលពីថ្មីៗ មកនេះ រួចមក។
បើយោងតាមលិខិតអបអរសាទរ របស់លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនា គមន៍ នៅថ្ងៃទី១៨ ខែធ្នូនេះ ដោយលោកសម្តែងការចូលរួម អបអរសាទរ ដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា កំណត់ឱ្យជាប់ជាស្ថាពរ ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩–២០២០ តាមអនុសាសន៍របស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា”ក្នុងនាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាសេនាធិការរបស់ រាជរដ្ឋាភិបាល ទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល លោករដ្ឋមន្ត្រី បានអំពាវនាវ ដល់សិស្សានុសិស្សទាំងអស់ ពិចារណា ចាប់យកការសិក្សា ជំនាញបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ទូរគមនាគមន៍ បច្ចេកវិទ្យាឌីជីថល និងជំនាញដទៃទៀត ពាក់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីអាចពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងគោលដៅស្វែងរកការងារបានល្អ និងបានចំណូលខ្ពស់ សម្រាប់ជួយលើកកម្ពស់ជីវភាព ផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាពិសេសចូលរួមចំណែកលើកស្ទួយ និងអភិវឌ្ឍប្រទេសជាតិ ក្នុងខណៈដែលរាជរដ្ឋាភិបាល ក៏កំពុងរៀបចំគោលនយោបាយ ពាក់ព័ន្ធមួយចំនួន ដើម្បីនាំកម្ពុជា ចូលទៅក្នុងយុគសម័យថ្មីនៃរដ្ឋាភិបាល និងសេដ្ឋកិច្ចឌីជីថល”។
គួរបញ្ជាក់ថា បេក្ខជនដែលបានដាក់ពាក្យប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០ នេះ មានចំនួនជាង ១២១.១០៨ នាក់ (ស្រី ៦៣.៩០៨ នាក់)៕សរន/V