ប្រែសម្រួលៈវាសនា/មុំបៃ៖ ឥណ្ឌានឹងផលិតវ៉ាក់សាំងរុស្ស៊ីSputnik Vចំនួន៣០០លានដូសនៅឆ្នាំក្រោយ នេះបើតាមការបញ្ជាក់ពីមន្ត្រីរុស្ស៊ីម្នាក់។
ស្ថានទូតរុស្ស៊ីប្រចាំនៅក្រុងញូវ ដេល្លី បាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ីបានធ្វើតេស្តិ៍រួចហើយសំណាកដំបូងៗនៃវ៉ាក់សាំង Sputnik Vដែលត្រូវបានផលិតនៅឥណ្ឌា ។
លោកគីរីល ឌីមីទ្រីវ ប្រធានមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី បានប្រាប់ទូរទស្សន៍ Rossiya 24 TVថា «នៅឥណ្ឌា យើងមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតធំៗចំនួន៤ ។ឥណ្ឌានឹងផលិតវ៉ាក់សាំងប្រមាណ៣០០លានដូស ឬច្រើនជានេះសំរាប់យើងនៅឆ្នាំក្រោយ»។
ឥណ្ឌាជាអ្នកផលិតវ៉ាក់សាំងធំបំផុតនៅក្នុងលោកនិងឧស្សាហកម្មឳសថរបស់ប្រទេសនេះបើកដៃអោយបង្កើនសមត្ថភាពនិងការវិនិយោគនៅពេលប្រទេសនានាលើពិភពលោកប្រញាប់ប្រញាល់រកវ៉ាក់សាំងកូវីដ១៩មកចាក់អោយប្រជាជនខ្លួន។
ក្រុមហ៊ុនHetero Biopharmaបានប្រកាសកិច្ចព្រមព្រៀងមួយជាមួយមូលនិធិវិនិយោគផ្ទាល់រុស្ស៊ីដើម្បីផលិតវ៉ាក់សាំងSputnik Vជាង១០០លានដូស ក្រៅពីនេះគេនៅមិនទាន់ដឹងថាក្រុមណាខ្លះទៀតបានចុះកិច្ចព្រមព្រៀងផលិតវ៉ាក់សាំងអោយរុស្ស៊ី។
ពួកមន្ត្រីឥណ្ឌាបាននិយាយថា គេអាចអនុម័តប្រើវ៉ាក់សាំងខ្លះសំរាប់គ្រាអាសន្ននៅប៉ុន្មានសប្តាហ៍ខាងមុខ។តាំងពីមុនមកមានតែវ៉ាក់សាំងរបស់Oxford-AstraZeneca, Pfizer /BioNTech និងរបស់ក្រុមហ៊ុនឥណ្ឌា Bharat Biotechប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតអោយប្រើប្រាស់ក្នុងគ្រាអាសន្ន។
ក្រសួងសុខាភិបាលឥណ្ឌាកាលពីថ្ងៃសុក្រ បានរាយការណ៍ការឆ្លងវីរុសកូរ៉ូណាថ្មីចំនួន២២.៨៩០នាក់ ធ្វើអោយប្រទេសនេះមានអ្នកឆ្លងសរុបជិត១០លាននាក់ ហើយចំនួនស្លាប់សរុបកើនដល់១៤៤.៧៨៩នាក់៕